ត្រាំ ចេញមុខជម្រះមន្ទិលសង្ស័យ រឿងឈរឈ្មោះបោះឆ្នោតអាណត្តិទី៣

រឿងរ៉ាវពាក់ព័ន្ធនឹងការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិទី៣របស់លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើល... The post ត្រាំ ចេញមុខជម្រះមន្ទិលសង្ស័យ រឿងឈរឈ្មោះបោះឆ្នោតអាណត្តិទី៣ appeared first on Kampuchea Thmey Daily.

ត្រាំ ចេញមុខជម្រះមន្ទិលសង្ស័យ រឿងឈរឈ្មោះបោះឆ្នោតអាណត្តិទី៣

រឿងរ៉ាវពាក់ព័ន្ធនឹងការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិទី៣របស់លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលនិងក្លាយជាប្រធានបទក្តៅនារយៈពេលប៉ុន្មានខែចុងក្រោយ។ យ៉ាងណាឥឡូវ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរូបនេះបានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនឈរឈ្មោះនោះទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ AP)

លោកអះអាងបែបនេះនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យទី៤ខែឧសភាឆ្នាំ២០២៥ ដោយនិយាយថា មានមនុស្សជាច្រើនឲ្យលោកឈរឈ្មោះមួយអាណត្តិទៀត ប៉ុន្តែលោកមិនធ្វើដូច្នោះឡើយ ដោយទុកឲ្យ «អ្នកសាធារណរដ្ឋដ៏អស្ចារ្យម្នាក់ទៀត» ឈរឈ្មោះវិញ។

លោកនិយាយថា «មានមនុស្សច្រើនណាស់ ចង់ឲ្យខ្ញុំធ្វើ។ ខ្ញុំមិនដែលមានសំណើធំអ៊ីចឹងទេ ប៉ុន្តែខ្ញុំដឹងច្បាស់ថា គេនឹងមិនអនុញ្ញាតឲ្យយើងធ្វើរឿងនេះឡើយ»។

ពាក់ព័ន្ធបេក្ខជនបន្តវិញ លោក ត្រាំ លើកឡើងថា ភ្លាមៗលោកមិនទាន់ដឹងថាតើត្រូវគាំទ្រនរណានោះទេ ប៉ុន្តែរដ្ឋបាលសហរដ្ឋអាមេរិកនិងគណបក្សសាធារណរដ្ឋ មានអ្នកខ្លាំងច្រើនណាស់ដែលត្រូវជ្រើសរើស ជាពិសេសលោកអនុប្រធានាធិបតីនិងរដ្ឋមន្ត្រីការបរទេសតែម្តង។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ AP)

ការបញ្ជាក់របស់លោកត្រាំលើកនេះ គឺផ្ទុយស្រឡះពីការអះអាងរបស់លោកកាលពីលើកមុន ដែលក្នុងបទសម្ភាសជា​មួយ NBC News ដដែលនេះ ​កាល​ពី​ថ្ងៃអាទិត្យ​ទី​៣០​ខែ​មីនា​ឆ្នាំ​២០២៥ ប្រមុខសេតវិមាន ប្រាប់ថា លោកមិននិយាយលេងសើចទេ ដើម្បី​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​​អាណត្តិទី​៣​ ទោះបីជាមានការកំណត់រយៈពេល​ត្រឹម​តែ​២​អាណត្តិ​ប៉ុណ្ណោះ​​​ក្នុង​​រដ្ឋធម្មនុញ្ញបង្កើតឡើងដោយវិសោធនកម្មលើកទី២២​ក៏ដោយ។

សូមជម្រាបថា វិសោធនកម្មលើកទី២២​ ដែល​ត្រូវ​បាន​បន្ថែមទៅរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ​១៩៥១​បន្ទាប់ពី​លោក Franklin D Roosevelt បា​ន​ជាប់​ឆ្នោត​ចំនួន៤​ដងជាប់ៗគ្នា បាន​ចែង​ថា៖ «គ្មាននរណាម្នាក់នឹងត្រូវបានជ្រើសរើស​ឲ្យ​កាន់តំណែងប្រធានាធិបតីលើសពី២​ដង​ឡើយ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

The post ត្រាំ ចេញមុខជម្រះមន្ទិលសង្ស័យ រឿងឈរឈ្មោះបោះឆ្នោតអាណត្តិទី៣ appeared first on Kampuchea Thmey Daily.