កម្ពុជា ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ
កម្ពុជា ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ The post កម្ពុជា ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អះអាងថា ការបើកស្ថានទូតកម្ពុជាឡើងវិញនៅប្រទេសហុងគ្រី នៅតែជាអាទិភាព សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ លោក ប្រាក់ សុខុន ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ ទៅជាស្ថានទូតពេញលេញ។ ប្រមុខការទូតកម្ពុជា លើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥។

កម្ពុជា និងហុងគ្រី ចាប់ផ្ដើមចងភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា តាំងតែពីឆ្នាំ១៩៥៦មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងនេះ ធ្លាក់ដល់ចំណុចសូន្យនៅពេលដែលកម្ពុជា ដឹកនាំដោយរបបខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ២៩៧៩ ភាគីទាំងពីរបានចងភ្ចាប់ទំនាក់ទំនងការទូតឡើងវិញ។គិតត្រឹមឆ្នាំ២០២៥ នេះ ទំនងទំនងប្រទេសទាំងពីរមានវ័យ៦៩ឆ្នាំ។ កម្ពុជា និងហុងគ្រី សុទ្ធតែធ្លាប់មានស្ថានទូតនៅក្នុងប្រទេសរៀងខ្លួនដែរ តែប្រទេសទាំងពីរ បានបិទទ្វារស្ថានទូតទៅវិញ នៅក្នុងឆ្នាំ១៩៩៦។
ជាការកត់សម្គាល់ កម្ពុជា និងហុងគ្រី ធ្លាប់មានគម្រោងបើកស្ថានទូតឡើងវិញម្ដងដែរ កាលពីឆ្នាំ២០២១ កន្លងទៅ ចំគ្រាដែលទំនាក់ទំនងការទូតនៃប្រទេសទាំងពីរមានវ័យ៦៥ឆ្នាំ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅថ្ងៃទី១៩ នេះ នៅក្នុងជំនួប ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតហុងគ្រី ស្វាគមន៍សន្ទុះនៃ ទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទំនងកម្រិតខ្ពស់ជាប្រក្រតី និងបានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួបកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំកម្ពុជា និងហុងគ្រី នៅកំឡុងសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ នៅលើទឹកដីបារាំង នាខែមិថុនាខាងមុខនេះ។

លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតហុងគ្រី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងតែរីក ចម្រើនរវាងសភាកម្ពុជា និងហុងគ្រី និងសម្តែងការស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅកាន់ប្រទេសហុងគ្រីនាពេលខាងមុខ។
នៅមុនពេល ដែលទំនាក់ទំនង នៃប្រទេសឈានដល់វ័យ៧០ឆ្នាំ នាឆ្នាំ២០២៦ ខាងមុខ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតហុងគ្រី ក៏បានពិភាក្សាអំពីសកម្មភាពនានាសម្រាប់ការរំលឹកខួប លើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីនៅឆ្នាំ ២០២៦ផង។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរវិញ បានលើកឡើងពីកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចរួម (JEC) ប្រកបដោយជោគជ័យ ដែលកិច្ចប្រជុំទាំងពីរលើកកន្លងមកគឺជាមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែរឹងមាំ។ ទាំងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតលោក Tibor BALOGHDI បានស្របទស្សនៈជំរុញឱ្យមានការចុះហត្ថលេខាឱ្យ បានឆាប់លើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការថាមពល ដែលបានបញ្ចប់ការចរចានៅខែមករា ឆ្នាំ២០២៥រួចមកហើយនោះ។
ចំពោះវិស័យអប់រំ ប្រមុខការទូត បានសម្តែងការកោតសរសើរចំពោះកម្មវិធី អាហារូបករណ៍ដ៏យូរអង្វែងរបស់ប្រទេសហុងគ្រី ដែលបានផ្តល់អត្ថប្រយោជន៍ដល់និស្សិតកម្ពុជា ប្រមាណ ជាង ៣៦០នាក់ ចាប់តាំងពីឆ្នាំ១៩៨០មក៕
ដោយ៖ ង៉ិល ណារ៉ាត់
The post កម្ពុជា ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ appeared first on Kampuchea Thmey Daily.