តម្លៃស្ពៃក្តោប ដាំក្នុងផ្ទះសំណាញ់នៅស្រុកភ្នំព្រឹកធ្លាក់ចុះបន្តិច

ស្ពៃក្តោប ដាំក្នុងផ្ទះសំណាញ់នៃស្រុកភ្នំព្រឹក លក់បាន ២ ពាន់រៀល/គីឡូ ធ្លាក់ចុះជាងឆ្នាំមុន... The post តម្លៃស្ពៃក្តោប ដាំក្នុងផ្ទះសំណាញ់នៅស្រុកភ្នំព្រឹកធ្លាក់ចុះបន្តិច appeared first on Kampuchea Thmey Daily.

តម្លៃស្ពៃក្តោប ដាំក្នុងផ្ទះសំណាញ់នៅស្រុកភ្នំព្រឹកធ្លាក់ចុះបន្តិច

លោក ហ៊ុន វត្ថា ប្រធានសហ​គមន៍​កសិកម្មពន្លឺថ្មីពេជ្រចិន្តា បានប្រាប់ថា បច្ចុប្បន្ន​ស្ពៃ​ក្តោបក្នុងសហគមន៍ដាំដុះ​នៅ​ក្នុង​ផ្ទះ​សំណាញ់​ ​អាច​លក់​ចេញ​បាន​ក្នុង​តម្លៃ ២ ពាន់​រៀល ​ក្នុង​មួយ​គីឡូក្រាម ដែល​តម្លៃ​នេះ មានការ​ធ្លាក់​ចុះបន្តិច បើធៀបតម្លៃកាលពី​​ឆ្នាំ​មុន​។ សហ​គមន៍​កសិកម្មពន្លឺថ្មីពេជ្រចិន្តា មានទីតាំងស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

លោក ហ៊ុន វត្ថា បានឱ្យដឹងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ថា នៅ​រយៈ​ពេល ៣ ខែ នៃ​ដើម​ឆ្នាំ​២០២៥ នេះ​ តម្លៃ​ស្ពៃ​ក្តោប​នៅ​ក្នុង​ផ្ទះ​សំណាញ់​ មាន​ការ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ដោយ​សារ​តែ​អាកាស​ធាតុ​អំណោយ​ផល​ដល់​ផល​ដំណាំ ដូច្នេះ​កសិករ​នាំគ្នា​ដាំ​ដុះ​នៅ​ខាង​ក្រៅ​បាន​ច្រើន​ជាង​មុន ជាហេតុធ្វើឱ្យលើសតម្រូវទីផ្សារ​​។

បើ​ទោះ​ជា​បែប​នេះ​ក្តី បន្លែ​ស្ពៃក្តោប​ផ្ទះ​សំណាញ់​នៅ​ក្នុង​សហគមន៍​ពេជ្រចិន្តា នៅ​តែ​អាច​លក់ចេញ​បាន​នៅ​ក្នុង​តម្លៃ​មួយ​ដែល​កសិករ​អាច​ទទួល​យក​បាន គឺលក់​ចេញ​ក្នុង​តម្លៃ ២ ពាន់​រៀល ក្នុង​មួយ​គីឡូ​ក្រាម​ ដោយបាននាំ​ចេញ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ចន្លោះ​ពី ៣០០-៥០០ គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ។

ដោយ​ឡែក​បន្លែ​ស្ពៃក្តោប​ ដែល​ដាំ​ក្រៅ​ផ្ទះ​សំណាញ់​ធម្មតា គឺ ​លក់​ចេញ​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី ៨០០ ទៅ ១ ២០០ រៀល ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម​។

លោកបានពន្យល់ថា «តម្លៃស្ពៃក្តោប លក់បានតម្លៃផ្សេងៗគ្នាទៅតាមខែនីមួយៗ ដោយ​ចាប់ពីខែមករា ដល់ខែមីនា តម្លៃផ្សេង, ខែមីនា ដល់ខែមិថុនា តម្លៃផ្សេង និងចាប់ពីខែកញ្ញា ដល់ខែធ្នូ តម្លៃផ្សេង ដោយ​ស្ពៃក្តោបយើងទិញពីកសិករមានតម្លៃចន្លោះពី ១៥០០ រៀល ដល់ ៣៥០០ រៀល។ ក្នុងនោះ តម្លៃស្ពៃក្តោបមានតម្លៃខ្ពស់ជាងគេដល់ ៣៥០០ រៀល ក្នុងមួយគីឡូក្រាម គឺចន្លោះពីខែកញ្ញា រហូត​ដល់ខែធ្នូ»។

ជាមួយគ្នានេះ លោក​បាន​ប្រាប់ថា៖ «​តម្លៃ​ស្ពៃក្តោប​ក្នុង​ផ្ទះសំណាញ់​ ២ ពាន់​រៀល​ក្នុង​មួយគីឡូ ទើប​តែ​ធ្លាក់ចុះ​នៅ​ដើម​ឆ្នាំ២០២៥ នេះ​តែ​ប៉ុណ្ណោះ ព្រោះ​តែ​កសិករ​ដាំ​ដុះមិន​មាន​ផែន​ការ​ច្បាស់​លាស់ ដាំ​ខាង​ក្រៅ​ផ្ទះ​សំណាញ់ យើង​មិន​អាច​គ្រប់គ្រង​បាន​»។

​បើទោះបីតម្លៃបច្ចុប្បន្នរាងទាបបន្តិចក្តីតែម្ចាស់​សហគមន៍រូបនេះ បាន​មើល​ឃើញ​ថា តម្លៃ​ស្ពៃ​ក្តោប​នឹង​​ហក់​ឡើង​វិញ​​នៅ​ចុង​ខែ​មីនា នេះ ព្រោះ បន្លែ​ដែល​ពលរដ្ឋ​បាន​ដាំ​នឹង​ចាប់​អស់​ជា​បណ្ដើរ​ៗ ឬ​ចាប់​ផ្តើម​រលួយ​ព្រោះ​ដល់​អាយុ​កាល​។

បច្ចុប្បន្ន​ស្ពៃ​ក្តោប​ នៅ​ក្នុង​សហគមន៍​​ នៅពេលចាល់ខ្លាំង គឺនាំ​ចេញ​ទៅ​កាន់​ផ្សារ​មួយ​ចំនួន​ដូច​ជា ផ្សារ​ពូពុយ ផ្សារ​ព្រំ​ដែន​កំរៀង​-ភ្នំព្រឹក​ ប៉ុន្តែ​តម្លៃ​ល្អ​ គឺ​នាំ​ចេញ​មក​កាន់​ទីផ្សារ​រាជធានី​ភ្នំពេញ​។

បើ​តាម​លោក ហ៊ុន វត្ថា ដដែល សព្វ​ថ្ងៃ​ នៅ​ក្នុង​សហគមន៍​កសិកម្មពន្លឺថ្មីពេជ្រចិន្តា ធ្វើ​ការ​នាំ​ចេញ​បន្លែ​ចម្រុះ​ប្រមាណ​ជាង ១០ មុខ​ដែល​មាន​ដាំ​ក្នុង​សំណាញ់ លក់​លើ​ទីផ្សារ​ចន្លោះ​ពី ២​ តោន ទៅ ២,៥ តោន ក្នុង​មួយ​ថ្ងៃ៕

The post តម្លៃស្ពៃក្តោប ដាំក្នុងផ្ទះសំណាញ់នៅស្រុកភ្នំព្រឹកធ្លាក់ចុះបន្តិច appeared first on Kampuchea Thmey Daily.