តម្លៃទុរេនវៀតណាមបន្តធ្លាក់ចុះធ្ងន់ ខណៈរដូវប្រមូលផលធំចូលមកដល់
តម្លៃទុរេនវៀតណាមបានធ្លាក់ចុះធ្ងន់ធ្ងរ ក្រោយចិនរឹតបណ្ដឹងលើទុរេននាំចូលកាលពីដើមឆ្នាំ ដែលធ្វើឱ្យឈ្មួញវៀតណាមត្រូវផ្គត់ផ្គង់ច្រើនលើសតម្រូវការក្នុងស្រុក។ The post តម្លៃទុរេនវៀតណាមបន្តធ្លាក់ចុះធ្ងន់ ខណៈរដូវប្រមូលផលធំចូលមកដល់ appeared first on Kampuchea Thmey Daily.

តម្លៃទុរេនចេញពីចម្ការនៅតំបន់ដីសណ្តទន្លេមេគង្គ ប្រភេទ Ri 6 បានបន្តធ្លាក់ចុះមកនៅត្រឹម ៣៥ ០០០-៤០ ០០០ ដុង (១,១៦-១,៥៥ ដុល្លារ)/គីឡូក្រាម ខណៈតម្លៃទុរេន Monthong ធ្លាក់ចុះដូចគ្នាមកត្រឹម ៦០,០០០-៧០,០០០ ដុង/គីឡូក្រាម ខណៈរដូវប្រមូលផលធំបានចូលមកដល់។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

បុរសជាកសិករដាំទុរេនម្នាក់នៅតំបន់ដីសណ្ដទន្លេមេគង្គ បាននិយាយថា មានឈ្មួលចុះទិញទុរេនតិចតួច ខណៈរដូវមកផលធំខិតចូលមកដល់ហើយ។ លោកនិយាយថា ឈ្មួញខ្លះបានចុះហត្ថលេខាលើកិច្ចសន្យាទិញតាំងពីខែមីនាដើម្បីទិញទុរេនរបស់លោកក្នុងតម្លៃ ៦០ ០០០ ដុង/គីឡូក្រាម ប៉ុន្តែលោកបារម្ភថា ពួកគេអាចនឹងលុបចោលការទិញវិញនៅពេលដែលតម្លៃទុរេនបន្តធ្លាក់ចុះ។ កសិករដែលនៅក្នុងខេត្ត Tien Giang ដដែល បន្តថា៖ «ជម្រើសតែមួយគត់ឥឡូវនេះ គឺលក់ឱ្យឈ្មួញលក់រាយតូច»។
លោក Minh Thai ដែលជាពាណិជ្ជករក្នុងខេត្ត Tien Giang បាននិយាយថា កាលពីឆ្នាំមុន លោកបានទិញទុរេនរហូតដល់ ៣០ តោន/ថ្ងៃ សម្រាប់នាំចេញទៅប្រទេសចិន ដែលជាទីផ្សារទុរេនដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែនៅឆ្នាំនេះលោកទិញត្រឹមតែប្រហែល ៣-៤ តោនប៉ុណ្ណោះ ដើម្បីលក់លើទីផ្សារក្នុងស្រុក បន្ទាប់ពីចិនរឹតត្បឹតលើការនាំចូលទុរេន។
បើតាម VnExpress ឈ្មួញភាគច្រើននៅតំបន់ដាំទុរេនផ្សេងទៀតដូចជាទីក្រុង Can Tho និងខេត្ត Ben Tre បានផ្អាកការទិញទុរេនដូចគ្នា ដោយខ្លាចខាត។

គួរគូសបញ្ជាក់ថា តម្លៃទុរេនវៀតណាមបានធ្លាក់ចុះធ្ងន់ធ្ងរ ក្រោយចិនរឹតបណ្ដឹងលើទុរេននាំចូលកាលពីដើមឆ្នាំ ដែលធ្វើឱ្យឈ្មួញវៀតណាមត្រូវផ្គត់ផ្គង់ច្រើនលើសតម្រូវការក្នុងស្រុក។ ការដឹកជញ្ជូនជាច្រើនត្រូវជាប់គាំងនៅត្រឹមច្រកព្រំដែន ដើម្បីរងចាំការត្រួតពិនិត្យរកសារធាតុគីមីរហូតដល់រយៈពេលរហូតដល់ ១ សប្ដាហ៍ ខណៈកាលពីមុនចំណាយពេលត្រឹមតែ ១-២ ថ្ងៃប៉ុណ្ណោះ។
កាលពីឆ្នាំ ២០២៤ វៀតណាមបាននាំចេញទុរេនក្នុងតម្លៃ ៣,៣ ប៊ីលានដុល្លារ ឬជិតពាក់កណ្តាលនៃការនាំចេញផ្លែឈើ និងបន្លែ ទាំងអស់។ តួលេខនេះបានធ្លាក់ចុះ ៦៩ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ មកត្រឹម ៥២,៧ លានដុល្លារ ក្នុងរយៈពេល ២ ខែដំបូងនៃដើមឆ្នាំ ២០២៥ ដោយការដឹកជញ្ជូនទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ៨៣ ភាគរយ មកនៅត្រឹម ២៧ លានដុល្លារ៕
The post តម្លៃទុរេនវៀតណាមបន្តធ្លាក់ចុះធ្ងន់ ខណៈរដូវប្រមូលផលធំចូលមកដល់ appeared first on Kampuchea Thmey Daily.