ឆ្នាំនេះសាវម៉ាវសំឡូតមានទីផ្សារល្អ កសិករក៏លក់បានតម្លៃសមរម្យ

ប្រធានមន្ទីរ៖ ឆ្នាំនេះសាវម៉ាវសំឡូតមានទីផ្សារល្អ កសិករក៏លក់បានតម្លៃសមរម្យ... The post ឆ្នាំនេះសាវម៉ាវសំឡូតមានទីផ្សារល្អ កសិករក៏លក់បានតម្លៃសមរម្យ appeared first on Kampuchea Thmey Daily.

ឆ្នាំនេះសាវម៉ាវសំឡូតមានទីផ្សារល្អ កសិករក៏លក់បានតម្លៃសមរម្យ

រដូវ​កាល​ប្រមូល​ផល​មក​ដល់​សាវម៉ាវ​សំឡូត​​មាន​ទីផ្សារ​ល្អ​ជា​ធម្មតា​មិនខុសពីឆ្នាំមុនៗ ដែលកសិករអាច​លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី ៣ ពាន់​រៀល ទៅ​ ៥ ពាន់​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។ នេះ​បើ​តាម​ការ​​ឱ្យ​ដឹង​ពី​លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​។

ថ្លែង​ប្រាប់«​កម្ពុជា​ថ្មី​» លោក ឈឹម វជិរា បាន​មាន​ប្រសាសន៍​ថា សាវម៉ាវ​សំឡូត​កសិករ​មិន​សូវ​ជា​មាន​ដាំ​ច្រើន​នោះ​ទេ គឺ​ប្រមាណ​ជាង ៥០ ហិតា​ប៉ុណ្ណោះ​ ក្នុង​នោះ សាវម៉ាវ​អាច​ហុច​ផល​ប្រមាណ​ជាង ៥០០ តោន​ក្នុង​មួយ​ឆ្នាំ​។ យ៉ាង​ណា​មិញ សម្រាប់​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ សាវម៉ាវ​មាន​ទីផ្សារ​ល្អ​ជា​ធម្មតា មិន​ចាល់​ ឬ​គ្មាន​អ្នក​ទិញ​នោះ​ទេ​ ដោយ​កសិករ​អាច​លក់​បាន​មួយ​គីឡូ​តម្លៃ​ចន្លោះ​ពី ៣ ពាន់​រៀល ទៅ ៥​ ពាន់​រៀល​។

លោក​ថា «សាវម៉ាវសំឡូតគឺកសិករ​ដាំ​តាម​បែប​ធម្មជាតិ មិន​មាន​ដាក់​ថ្នាំ​ឱ្យ​ឆាប់​ទុំ​ដែល​នាំ​ឱ្យ​ប៉ះពាល់​សុខ​ភាព​អ្នក​បរិភោគ​ទេ គឺ​ភ្ញៀវ​ក្នុង​ខេត្ត និង​បណ្តា​ខេត្តនាំគ្នា​ទៅ​ទិញ​បេះ​ផ្ទាល់​ពី​ចម្ការ​ និង​ខ្លះទៀតកសិករ​បេះ​លក់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ មិនមាន​នាំ​ចេញ​ទៅ​ខាង​ក្រៅ​ទេ​»។

«កសិករ​មាន​ដាំ​ដុះ​សាវម៉ាវ​តិច​តួច​ ហើយ​បើ​មាន​ច្រើន គឺ​ពួក​គេ​ដាំ​ដុះ​​ទុរេន​ដែល​មានផ្ទៃដី​ជាង ១ ពាន់​ហិតាទៅហើយ ដោយ​ឡែក​​សាវម៉ាវ​វិញ​ មាន​តែ​កសិករ​នៅ​ស្រុក​សំឡូត​ទេដែល​មាន​ដាំ​ ​នៅ​​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ៥០​ហិតា​ប៉ុណ្ណោះ​»។ លោក​ប្រធាន​មន្ទីរ​បន្ថែម​បែប​នេះ​។

ជាមួយគ្នានេះ លោក សយ នី រស់នៅ​ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង បានឱ្យដឹងដែរថា តម្លៃ​សាវម៉ាវ​នៅ​លើ​ទីផ្សារ​ល្អ​ប្រសើរ មិន​ខុស​ពី​ឆ្នាំ​កន្លងទៅ​ឡើយ ប៉ុន្តែឆ្នាំនេះ ទិន្នផល​សាវម៉ាវ​របស់​លោក​មាន​ការ​ធ្លាក់​ចុះ ដោយសារតែ​គ្រោះធម្មជាតិ ដូចជា​ភ្លៀង​ធ្លាក់​ជោកជាំ​ពេក និង​ខ្យល់​កន្ត្រាក់​បោកបក់​ម្ដងៗ ដែល​ធ្វើ​ឲ្យ​ផ្លែ​សាវម៉ាវ​របេះ​ធ្លាក់​ចេញ​ពី​ដើម។

លោក ក៏បានឱ្យដឹងដែរថា កាលពី​បេះ​ដំបូង លោក​អាច​លក់​បាន​តម្លៃ ៨ ០០០ រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ជាទូទៅ សាវម៉ាវ នឹង​ធ្លាក់​តម្លៃ​បន្តិច​ម្ដងៗ ដោយសារតែ​វា​សម្បូរ​ពេក ដូច្នេះ​តម្លៃ​នឹង​ធ្លាក់​មក​នៅ ៦ ០០០ រៀល ឬក៏ ៥ ០០០ រៀល ក៏​អាច​ថា​បាន​ក្នុង​មួយ​គីឡូក្រាម។

ដោយ​យោង​តាម​របាយការណ៍​តារាង​ស្ថិតិ​ដំណាំ​ឧស្សាហកម្ម និង​សាវប្បកម្ម​ប្រចាំ​ឆ្នាំ​២០២៤ របស់​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ ស្រុក​សំឡូត​មាន​ផ្ទៃដី​ដាំ​ដុះ​សាវម៉ាវ​សរុប​ប្រមាណ ៥១ ហិតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​បាន​មាន​ ៤២ ហិតា ដោយ​អាច​ហុច​ផល​បាន​ប្រមាណ​ជាង ១២ តោន ក្នុង​មួយ​ហិតា និង​ទទួល​បាន​បរិមាណ​ផល​សរុប​​ប្រមាណ ៥១៤​ ហិតា៕

The post ឆ្នាំនេះសាវម៉ាវសំឡូតមានទីផ្សារល្អ កសិករក៏លក់បានតម្លៃសមរម្យ appeared first on Kampuchea Thmey Daily.