ឃាត់ខ្លួនបុរសម្នាក់ ឆបោកក្រោមរូបភាពផ្ដល់ទំនិញតាមអនឡាញ តែពេលទទួលលុយកក់មិនបញ្ជូនទំនិញ
សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ The post ឃាត់ខ្លួនបុរសម្នាក់ ឆបោកក្រោមរូបភាពផ្ដល់ទំនិញតាមអនឡាញ តែពេលទទួលលុយកក់មិនបញ្ជូនទំនិញ appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីឆបោកលុយភ្ញៀវតាមប្រព័ន្ធបណ្តាញសង្គម ដោយ បង្កើត Facebook ក្លែងក្លាយ ក្រោមរូបភាពលក់ សាច់គោ ជ្រូក ពពែ មាន់ទាត្រី ទៅតាមហាង តែនៅពេលទទួលលុយកក់ហើយ បានផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរ។

នគរបាលទេសចរណ៍ បានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះ គឹម រដ្ឋា អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរាង ខេត្តតាកែវ។

នគរបាលបានឱ្យដឹងបន្ថែមថា បណ្តាញសង្គមFacebook ដែលជនសង្ស័យប្រើសម្រាប់បោកប្រាស់លុយពីជនរងគ្រោះ មានផេកឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា, CAM-Growth Agri-Services Company, សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ, សេវាកម្មទិញលក់មាន់ស្រែកម្ពុជា, សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ និងគណនីFacebook ឈ្មោះ Ratha Kim, Ratha Kim (ដង្ខៅ កសិកម្ម), ពាយ័ព្យដេប៉ូបោះដុំជ្រូកកណ្តុរ, សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ មាន់ស្រែកម្ពុជា និងបានបង្កើតFacebook Pages និង Accounts ក្លែងក្លាយជាច្រើនទៀត ព្រមទាំងបណ្តាញតេលេក្រាម (Telegram) ដើម្បីឆបោកលុយពីជនជាតិបរទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនករណី។

ក្រោយពីជំនាញសាកសួរ ជនសង្ស័យរូបនេះ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើការឆបោកលុយពីជនជាតិខ្មែរ និងជនជាតិបរទេសជាច្រើនករណី តាមបណ្តាញសង្គមFacebook ពិតប្រាកដមែន នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌។

ជាមួយគ្នានោះ នាយកដ្ឋាននគរបាលទេសចរណ៍ក៏សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះពីការឆបោកខាងលើនេះ អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាន នៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការ។

សម្រាប់ព័ត៌មានលម្អិត អាចទំនាក់ទំនងតាមលេខទូរស័ព្ទ Hotline របស់ការិយាល័យនីតិវិធី (010 665 675)៕
ដោយ ៖ សំណាង









The post ឃាត់ខ្លួនបុរសម្នាក់ ឆបោកក្រោមរូបភាពផ្ដល់ទំនិញតាមអនឡាញ តែពេលទទួលលុយកក់មិនបញ្ជូនទំនិញ appeared first on Kampuchea Thmey Daily.