ថៃរំពឹងថា អគារបាក់រលំនឹងត្រូវបោសសម្អាតហើយ ត្រឹមចុងខែនេះ
រដ្ឋបាលក្រុងបាងកក (BMA) រំពឹងថានឹងបោសសម្អាតកម្ទេចកំទីពីអគារដែលដួលរលំហើយនៅក្នុងខណ្ឌ Chatuchak ទីក្រុងបាងកកនៅចុងខែនេះ ដោយប្រហែល៣០%... The post ថៃរំពឹងថា អគារបាក់រលំនឹងត្រូវបោសសម្អាតហើយ ត្រឹមចុងខែនេះ appeared first on Kampuchea Thmey Daily.

រដ្ឋបាលក្រុងបាងកក (BMA) រំពឹងថានឹងបោសសម្អាតកម្ទេចកម្ទីពីអគារដែលដួលរលំហើយនៅក្នុងខណ្ឌ Chatuchak នៅត្រឹមចុងខែនេះ ខណៈបច្ចុប្បន្ន កម្ទេចកម្ទីប្រហែល៣០%ត្រូវបានយកចេញរួចហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៩ខែមេសា។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt និយាយកាលពីថ្ងៃអង្គារថា ក្នុងរយៈពេល ១២ថ្ងៃកន្លងមកនេះ កម្ទេចថ្មប្រហែល១០០០០ ម៉ែត្រគូបត្រូវបានសម្អាត ដែលស្មើនឹងប្រហែល ៣០% នៃបរិមាណសរុបប្រមាណ ២៦០០០ ម៉ែត្រគូប។
រថយន្តចំនួន ២១គ្រឿង កំពុងធ្វើការពេញម៉ោង ដើម្បីបោសសម្អាតកម្ទេចកម្ទីជាមធ្យម ២០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ បើតាមលោក Chadchart ផ្អែកលើការប៉ាន់ប្រមាណពីរូបភាពពីលើអាកាស កម្ទេចថ្មទាំងអស់គួរតែត្រូវបានសម្អាតហើយនៅចុងខែមេសា។
លោក Chadchart ក៏បានបញ្ជាក់ដែរថា មន្ត្រី BMA នឹងមិនបញ្ឈប់ប្រតិបត្តិការក្នុងអំឡុងពេលឈប់សម្រាកក្នុងពីធីបុណ្យ Songkran នោះទេ ដោយសារពួកគេ «ប្តេជ្ញាចិត្តក្នុងការសម្រាលទុក្ខលំបាករបស់គ្រួសារជនរងគ្រោះ»។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្ម័គ្រចិត្តអាចប្តូរវេនគ្នាសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយក្រុមជួយសង្គ្រោះបន្ថែមនឹងត្រូវបានបញ្ជូនមកដើម្បីធានាថាការងារនៅតែបន្តដោយរលូន។
លោក Chadchart បន្ថែមថាសាលាក្រុងអាចនឹងរៀបចំពិធីបុណ្យសពជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ នៅពេលការបោសសម្អាតកម្ទេចកម្ទីទាំងអស់បានបញ្ចប់ និងផ្តល់ជំនួយដល់គ្រួសារជនរងគ្រោះ ក៏ដូចជាអ្នកដែលបានចូលរួមក្នុងប្រតិបត្តិការ។

គួរបញ្ជាក់ថាអគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់នៅលើផ្លូវ Kamphaeng Phet 2 បានដួលរលំកាលពីថ្ងៃទី ២៨ខែមីនា បន្ទាប់ពីរងផលប៉ះពាល់នៃការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដោយបានជាប់គាំងកម្មករជាច្រើននៅខាងក្នុង។ គិតត្រឹមថ្ងៃអង្គារ មនុស្ស ២១ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ខណៈ ៧៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន៕


អត្ថបទ៖ ប៊ុន សុភាព
The post ថៃរំពឹងថា អគារបាក់រលំនឹងត្រូវបោសសម្អាតហើយ ត្រឹមចុងខែនេះ appeared first on Kampuchea Thmey Daily.