ក្រុមឧទ្ទាម M23 នៅកុងហ្គោ ប្រកាស​បទឈប់​បាញ់​​ជាឯកតោភាគី​

ក្រុមឧទ្ទាម M23 គាំទ្រដោយប្រទេស រវ៉ាន់ដា ដែលបានដណ្តើមទីក្រុងGoma នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានប្រកាសបទឈប់បាញ់ជាឯកតោភាគី.. The post ក្រុមឧទ្ទាម M23 នៅកុងហ្គោ ប្រកាស​បទឈប់​បាញ់​​ជាឯកតោភាគី​ appeared first on Kampuchea Thmey Daily.

ក្រុមឧទ្ទាម M23 នៅកុងហ្គោ ប្រកាស​បទឈប់​បាញ់​​ជាឯកតោភាគី​

ក្រុមឧទ្ទាម M23 ដែល​គាំទ្រដោយប្រទេសរវ៉ាន់ដា បានដណ្តើមទីក្រុង Goma នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានប្រកាសបទឈប់បាញ់ជាឯកតោភាគីកាលពីថ្ងៃចន្ទ ក្នុងហេតុផលមនុស្សធម៌ បន្ទាប់ពីការអំពាវនាវឱ្យមានការបើកច្រករបៀងសុវត្ថិភាពសម្រាប់​ផ្តល់​ជំនួយឲ្យម​នុស្សរាប់សែននាក់ដែលផ្លាស់ទីលំនៅ។ នេះ​បើ​យោង​តាមការ​ចេញផ្សាយរបស់ The Guadian នៅថ្ងៃទី៤ខែកុម្ភៈនេះ។

(រូបភាព៖ AP)

ក្រុមឧទ្ទាម M23 បាននិយាយថា បទឈប់បាញ់ចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ សេចក្តីប្រកាសនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សយ៉ាងហោចណាស់៩០០នាក់ត្រូវបានសម្លាប់​នៅក្នុងការប្រយុទ្ធគ្នាកាលពីសប្តាហ៍មុននៅទីក្រុង Goma រវាងក្រុមឧទ្ទាម និងកងកម្លាំងកុងហ្គោ។

ការប្រយុទ្ធគ្នាចុងក្រោយនេះ បានបង្ខំឱ្យមនុស្សរាប់សែននាក់ដែលបានភៀសខ្លួនដោយសារជម្លោះជាច្រើនឆ្នាំពីមុន រត់​ភៀស​ខ្លួន​ម្តង​ទៀត។ មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសរវ៉ាន់ដា​នៅ​ក្បែរ​នោះ។ M23 ក៏ត្រូវបាន​ចោទ​ថា កំពុងដណ្ដើមតំបន់ផ្សេងទៀតភាគខាងកើត​កុងហ្គោ និង​ឆ្ពោះទៅកាន់ទីក្រុងមួយផ្សេងទៀតគឺ Bukavu ប៉ុន្តែ ក្រុម​ឧទ្ទាម​​ ​បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេមិនមានបំណងចង់ដណ្តើមយកទីក្រុង Bukavu នោះទេ។

(រូបភាព៖ AP)

ការប្រកាស​​របស់​ពួកឧទ្ទាមនេះ ក៏បានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលរួមមួយនៅសប្តាហ៍នេះផងដែរ ដោយប្រទេសក្នុងតំបន់អាហ្វ្រិកខាងត្បូង និងខាងកើតនឹងអំពាវនាវឱ្យមានបទឈប់បាញ់។ ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 បានជំរុញឱ្យភាគីក្នុងជម្លោះត្រឡប់ទៅរកការចរចាឡើងវិញផងដែរ។

ចំពោះអាជ្ញាធរកុងហ្គោបាននិយាយថា ពួកគេបើកចំហសម្រាប់ការពិភាក្សាដើម្បីដោះស្រាយជម្លោះ ប៉ុន្តែថាការសន្ទនាបែបនេះត្រូវតែធ្វើឡើងនៅក្នុងបរិបទនៃកិច្ចព្រមព្រៀងសន្តិភាពពីមុន ខណៈរវ៉ាន់ដា និងពួកឧទ្ទាមបានចោទប្រកាន់រដ្ឋាភិបាល DRC ពីបទបំពានលើកិច្ចព្រមព្រៀងពីមុន។

គួរបញ្ជាក់ថា ក្រុមឧទ្ទាម M23 ត្រូវបានគាំទ្រដោយកងទ័ពប្រហែល៤០០០ នាក់មកពីប្រទេសរវ៉ាន់ដា នេះបើយោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលជាចំនួនច្រើនជាងកាលពីឆ្នាំ ២០១២ ដែលពួកគេធ្លាប់បានកាន់កាប់ទីក្រុង Goma ក្នុងរយៈពេលខ្លី បន្ទាប់មកបានដកខ្លួនចេញក្រោយរងសម្ពាធអន្តរជាតិ។

ក្រុមឧទ្ទាម M23 នេះគឺជាក្រុមដ៏មានឥទ្ធិពលបំផុតក្នុងចំណោមក្រុមប្រដាប់អាវុធជាង ១០០ ដែលប្រជែងគ្នាដើម្បីគ្រប់គ្រងនៅភាគខាងកើតDRC ជាតំបន់មានទ្រព្យសម្បត្តិរ៉ែរាប់ពាន់លានដុល្លារ មានសារៈសំខាន់ចំពោះបច្ចេកវិទ្យាជាច្រើនរបស់ពិភពលោក៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ក្រុមឧទ្ទាម M23 នៅកុងហ្គោ ប្រកាស​បទឈប់​បាញ់​​ជាឯកតោភាគី​ appeared first on Kampuchea Thmey Daily.