កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតមធ្យមក្នុងស្រុកមួយ ផ្គត់ផ្គង់សាច់បានជាង៥តោន ក្នុងមួយថ្ងៃ
សិដ្ឋានចិញ្ចឹមជ្រូកខ្នាតមធ្យមក្នុងស្រុកមួយ បង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលបន្តពីជំនាន់ឪពុករហូតមកដល់កូន អាចមានសមត្ថភាពផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារក្នុងស្រុកបានជាង៥តោន... The post កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតមធ្យមក្នុងស្រុកមួយ ផ្គត់ផ្គង់សាច់បានជាង៥តោន ក្នុងមួយថ្ងៃ appeared first on Kampuchea Thmey Daily.
កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតមធ្យមក្នុងស្រុកដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ បន្តពីជំនាន់ឪពុករហូតមកដល់កូន អាចមានសមត្ថភាពផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារក្នុងស្រុកបានជាង៥តោន ក្នុងមួយថ្ងៃ និងបានចូលរួមចំណែករក្សាលំនឹងថ្លៃលើទីផ្សារផងដែរ។
ជាស្ថាបនិកក្រុមហ៊ុន សាច់ជ្រូកជាតិ (អ អេស ហ្វាម) លោក ហួត រ៉ាដេត បានប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានចិញ្ចឹមជ្រូករបស់លោកបានបង្កើតឡើងតាំងពីជំនាន់ដូនតាមកម្ល៉េះ ចំណែកក្រុមហ៊ុនផ្គត់ផ្គង់សាច់ជ្រូកនេះ ទើបតែបានចាប់ផ្តើមកាលពីឆ្នាំ២០២៤កន្លងទៅ ពោលគឺទើបតែថ្មីៗនេះ តែប៉ុណ្ណោះ។
លោក បន្តថា មូលហេតុដែលក្រុមហ៊ុនបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនេះឡើងមក ដោយសារតែមើលឃើញថា បច្ចុប្បន្នមានឈ្មួញគៀបសង្កត់តម្លៃរបស់កសិករចិញ្ចឹមជ្រូក និងកសិដ្ឋានខ្នាតតូច ឬមធ្យម ខ្លាំងហួសហេតុពេក ទើបលោក បាននឹកឃើញគំនិតមួយ ដោយបង្កើតកសិដ្ឋានចិញ្ចឹមជ្រូក និងនិងក្រុមហ៊ុនផ្គត់ផ្គង់សាច់ជ្រូកទៅកាន់ទៅផ្សារក្នុងស្រុកដោយខ្លួនឯងតែម្ដង។
លោក ហួត រ៉ាដេត បានឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋាន អាចផលិតមេពូជ និងចិញ្ចឹមជ្រូកសាច់ សម្រាប់ផ្គត់ផ្គង់ទីផ្សារបានជាង៥តោន ក្នុងមួយថ្ងៃ។ រីឯទីផ្សារនាំចេញ មានដូចជា៖ រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។
បេសកកម្ម និងជាចក្ខុវិស័យទៅថ្ងៃអនាគត លោក ហួត រ៉ាដេត ឱ្យបង្ហើបឱ្យដឹងដែរថា គោលបំណងរបស់លោកចង់នាំយកសាច់ជ្រូកស្រស់ៗដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ ដែលបរិភោគទៅមិនប៉ះពាល់ដល់សុខភាពប្រជាជនខ្មែរ។
ក្រៅពីនេះទៅទៀត លោកក៏មានបំណងចង់ពង្រីកកសិដ្ឋាននេះឱ្យកាន់តែធំជាងមុន រួមទាំងចែករំលែកបទពិសោធន៍អំពីការចិញ្ចឹមជ្រូកតាមស្ដង់ដាមួយ ទៅកាន់កសិករដទៃទៀត មិនថាជាលក្ខណៈគ្រួសារ ឬកសិដ្ឋានខ្នាតតូច និងមធ្យម។
គួរជម្រាបថា កសិដ្ឋានចិញ្ចឹមជ្រូកសាច់ (អ អេស ហ្វាម) មានទីតាំងស្ថិតនៅ៖ ភូមិដំណាក់កី ឃុំជើងគ្រវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នកសិដ្ឋានអាចផ្គត់ផ្គង់សាច់ជ្រូក ទៅកាន់ទីផ្សារក្នុងស្រុកបានចំនួនជាង៥តោន ក្នុងមួយថ្ងៃ៕
អត្ថបទ ៖ សួស សិត
The post កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតមធ្យមក្នុងស្រុកមួយ ផ្គត់ផ្គង់សាច់បានជាង៥តោន ក្នុងមួយថ្ងៃ appeared first on Kampuchea Thmey Daily.