អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវ ជុំវិញមន្ទីរពេទ្យកុមារជាតិ
អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវ... The post អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវ ជុំវិញមន្ទីរពេទ្យកុមារជាតិ appeared first on Kampuchea Thmey Daily.
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងចងខ្សែព័ទ្ធនៅកំណាត់ផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិ មិនអនុញ្ញាតឲ្យមានការចត ឬ តាំងលក់រំលោភលើចិញ្ចើមផ្លូវនោះឡើយ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់នៅកំណាត់ផ្លូវលេខ ២៥៣ ផ្លូវលេខ ១២២ និងផ្លូវលេខ ២៥៧ ជុំវិញមន្ទីរពេទ្យកុមារជាតិ មូលដ្ឋានសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក។
លោក ស៊ឹម សុផង់ បានឲ្យដឹងថា កន្លងទៅ នៅកំណាត់ផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិនេះ កម្លាំងគណៈបញ្ជាការឯកភាពបានចុះរៀបចំ និងចងខ្សែ ម្ដងទៅពីរដងរួចមកហើយ។ តែអាជ្ញាធរមានភារកិច្ចរៀបចំកំណាត់ផ្លូវផ្សេងៗ ទៀត ដូច្នេះត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាជនឆ្លៀតឱកាសយករថយន្តមកចត ក៏ដូចជាការតាំងលក់របស់របរនៅកំណាត់ផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិនេះឡើងវិញ។
លោកអភិបាលរង បានបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពមិនអនុញ្ញាតឲ្យមានការតាំងលក់ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ តាមផ្លូវសាធារណៈបន្តទៀតនោះឡើយ ដូច្នេះអាជ្ញាធរចុះនៅព្រឹកមិញនេះគឺបានចងខ្សែព័ទ្ធ ករណីនៅបន្តមានអ្នកមកចត ឬ តាំងលក់របស់របរទំនិញអ្វីទៀត នោះអាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល។
ជាចុងក្រោយអាជ្ញាធរខណ្ឌទួលគោក សំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបអាជីវកម្មទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាចិញ្ចើមផ្លូវ បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ៕
អត្ថបទ ៖ ម៉េង
The post អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវ ជុំវិញមន្ទីរពេទ្យកុមារជាតិ appeared first on Kampuchea Thmey Daily.