២០២៤ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ចិន​

កាលពីឆ្នាំមុន គឺជាឆ្នាំដែលក្តៅបំផុតរបស់ប្រទេសចិនក្នុងកំណត់ត្រា ខណៈពិភពលោកជួបប្រទះនឹងការកើនឡើងនៃអាកាសធាតុខ្លាំងៗ ដែលបណ្តាលមកពីការប្រែប្រួល... The post ២០២៤ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ចិន​ appeared first on Kampuchea Thmey Daily.

២០២៤ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ចិន​

ទីភ្នាក់ងារអាកាសធាតុរបស់ចិន បានឲ្យដឹងថា ឆ្នាំ​២០២៤ គឺជាឆ្នាំដែលក្តៅបំផុតក្នុង​កំណត់ត្រា​របស់ប្រទេសចិន ខណៈពិភពលោកជួបប្រទះនឹងការកើនឡើងនៃអាកាសធាតុ​សំខាន់ៗ​មិនធ្លាប់​មាន​ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

(រូបភាព៖ Getty)

ប្រទេសចិនគឺជាប្រទេសនាំមុខគេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលអ្នកវិទ្យាសាស្ត្រនិយាយថាកំពុងជំរុញឱ្យមានការឡើង​កំដៅផែនដី ទោះបីជាទីក្រុងប៉េកាំងបានសន្យាថាការបញ្ចេញឧស្ម័ន​កាបូនឌីអុកស៊ីតនឹង​​​​ធ្លាក់​មក​នៅ​​កម្រិត​​សូន្យ​នៅឆ្នាំ២០៦០​ក៏ដោយ។

ក្រសួងឧតុនិយមចិន បាននិយាយនៅលើគេហទំព័រព័ត៌មានរបស់ខ្លួនកាលពីយប់ថ្ងៃពុធថា សីតុណ្ហភាពជាតិជាមធ្យមសម្រាប់ឆ្នាំ២០២៤ គឺ ១០.៩២ អង្សាសេ ខ្ពស់ជាងមធ្យមភាគ ១.០៣ ដែលជាឆ្នាំក្តៅបំផុតចាប់តាំងពីការចាប់ផ្តើមធ្វើកំណត់ត្រាក្នុងឆ្នាំ ១៩៦១។ ក្រសួងនេះថាឆ្នាំក្តៅបំផុតទាំងបួនដែលមិនធ្លាប់មានគឺជាឆ្នាំចុងក្រោយនេះ ជាមួយនឹងឆ្នាំក្តៅបំផុតទាំងដប់ចាប់តាំងពីឆ្នាំ១៩៦១ កើតឡើងនៅក្នុងសតវត្សទី២១នេះ។

ប្រទេស​ចិន​បាន​ចូល​ក្នុង​ខែ​ក្តៅ​បំផុត​ក្នុង​ឆ្នាំ​នេះ​រួច​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​សង្កេត​កាល​ពី​ខែ​កក្កដា ព្រម​ទាំង​ខែ​សីហា​ដែល​ក្តៅ​បំផុត និង​រដូវ​ស្លឹកឈើ​ជ្រុះ​ដែល​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា។ អង្គការសហប្រជាជាតិបាននិយាយថាឆ្នាំ ២០២៤ ត្រូវបានកំណត់ថាជាឆ្នាំក្តៅបំផុតដែលមិនធ្លាប់មាននៅទូទាំងពិភពលោក។

ការឡើងកំដៅផែនដី ដែលជុំរុញដោយការដុតឥន្ធនៈហ្វូស៊ីល មិនមែនគ្រាន់តែជាការកើនឡើងនៃសីតុណ្ហភាពប៉ុណ្ណោះទេ ប៉ុន្តែឥទ្ធិពលគ្រោះថ្នាក់នៃកំដៅបន្ថែមទាំងនៅក្នុងបរិយាកាស និងសមុទ្រ។ ខ្យល់ក្តៅអាចផ្ទុកចំហាយទឹកបានកាន់តែច្រើន ហើយមហាសមុទ្រដែលកាន់តែក្តៅមានន័យថាហួតកាន់តែខ្លាំង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងព្យុះ។ ផល​ប៉ះ​ពាល់​មាន​លក្ខណៈទ្រង់ទ្រាយធំបានធ្វើឲ្យមានការ ស្លាប់ និង​ចំណាយ​កាន់​តែ​ខ្លាំង​ឡើង បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​បំផ្លាញ​ដំណាំ។

(រូបភាព៖ Getty)

ពាក់ព័ន្ធនឹងបញ្ហាកម្ដៅនេះ នៅក្នុងប្រទេសចិន មនុស្សរាប់សិបនាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញក្នុងអំឡុងពេលទឹកជំនន់នៅជុំវិញប្រទេសកាលពីឆ្នាំមុន។ កាល​ពី​ខែ​ឧសភា ផ្លូវ​ហាយវ៉េ​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​បាន​បាក់​ស្រុត​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ ​បាន​សម្លាប់​មនុស្ស ៤៨​នាក់។

អ្នកស្រុកនៃទីក្រុង Guangzhou ភាគខាងត្បូងបានជួបប្រទះនឹងការបំបែកកំណត់ត្រារដូវក្តៅដ៏វែងមួយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថាមាន ២៤០ ថ្ងៃដែលសីតុណ្ហភាពជាមធ្យមគឺលើសពី ២២អង្សសេ បំបែកកំណត់ត្រា ២៣៤ថ្ងៃក្នុងឆ្នាំ ១៩៩៤។ ចំណែកនៅ Sichuan, Chongqing និងតំបន់កណ្តាលទន្លេ Yangtze បានទទួលរងកំដៅខ្លាំង និងគ្រោះរាំងស្ងួតនៅដើមរដូវស្លឹកឈើជ្រុះ។

លើសពីននេះនៅទូទាំងពិភពលោក ឆ្នាំ ២០២៤ក៏មានទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសអេស៉្បាញ និងកេនយ៉ា ព្យុះសាហាវៗជាច្រើននៅសហរដ្ឋអាមេរិក និងហ្វីលីពីន និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងភ្លើងឆេះព្រៃនៅទូទាំងអាមេរិកខាងត្បូងផងដែរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ២០២៤ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ចិន​ appeared first on Kampuchea Thmey Daily.