ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ
មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា ការបង់ភាគទាន មក ប.ស.ស. គឺធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទដៃធនាគារដៃគូ The post ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា ការបង់ភាគទាន មក ប.ស.ស. គឺធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទដៃធនាគារដៃគូ ឬអញ្ជើញទៅកាន់ធនាគារដៃគូដោយផ្ទាល់។ ដោយឡែក ចំពោះការបង់ភាគទានតាមរយៈ QR CODE ឬតាមរយៈវិធីផ្សេងៗដែលមានឈ្មោះបុគ្គល គឺជាករណីឆបោក សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងខាតបង់ថវិកាផ្ទាល់ខ្លួន។
នេះបើតាមការអះអាងរបស់លោក បណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស.និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រោយថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដោយបានបន្លំឈ្មោះជាភ្នាក់ងារ ប.ស.ស. និងបានយកឡូហ្គោរបស់ ប.ស.ស. ទៅដាក់តាំងធ្វើជា Profile គណនី ដើម្បីឆបោកសមាជិក ប.ស.ស. ដោយព្យាយាមប្រើគ្រប់វិធីសាស្រ្តផ្សេងៗ ពោលបន្លំជាមន្រ្តី ប.ស.ស. ទាក់ទងទៅនរណាម្នាក់តម្រូវឱ្យបង់ប្រាក់ ឬស្នើសុំព័ត៌មានផ្ទាល់ខ្លួន លេខសម្ងាត់ធនាគារ ឬ ស្កែន QR Code ជាដើម…។ល។)

ដោយមើលឃើញពីបញ្ហានេះ លោកបណ្ឌិត បានណែនាំដល់សាធារណជន ដោយគូសបញ្ជាក់ថា សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ដែលរួមមាន៖
– ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.)
– ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK)
– ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)
– ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB Bank Cambodia)
– ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank)
លោក បណ្ឌិត បញ្ជាក់ទៀតថា ក្នុងករណីមានមន្ទិលសង្ស័យចំពោះករណីខាងលើនេះ សមាជិកប.ស.សទាំងអស់ អាចទំនាក់ទំនងទៅកាន់ក្រុមការងារតាមរយៈទូរស័ព្ទបន្ទាន់ 1286 ឬ 1297 ព្រោះថា ប.ស.ស.នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមានគោលការណ៍តម្រូវឱ្យសមាជិក ប.ស.ស. បង់ភាគទានតាមរយៈការស្កែន QR Code ឡើយ។

បើតាមលោកបណ្ឌិត គិតមកត្រឹមសប្តាហ៍ទី៣ ខែមេសា ឆ្នាំ២០២៥នេះ សមាជិកប.ស.ស. បានកើនឡើងដល់ ៣ ០៥៥ ៣៤៨នាក់ ស្រី ១ ៦៨៥ ៤៥៦នាក់ក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៦ ០៦៥នាក់ ស្រី ១៤៩៤១៥នាក់ បុគ្គលដែលស្ថិតក្នុងវិស័យឯកជន ចំនួន ១ ៨៦៦ ០៦៥នាក់ ស្រី ១១២៦ ១៨៩នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៩ ៥៩៣នាក់ ស្រី ៣០៤០៨២នាក់ និងអ្នកក្នុងបន្ទុក១៨៣ ៦២៥នាក់ ស្រី ១០៥ ៧៧០នាក់៕អត្ថបទ៖សំអឿន
The post ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ appeared first on Kampuchea Thmey Daily.