កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ
កសិដ្ឋានដាំមើមឈូកជប៉ុន របស់កសិករម្នាក់ ស្ថិតនៅក្នុងខេត្តព្រៃវែង បច្ចុប្បន្នអាចផ្គត់ផ្គង់មើមឈូកទៅកាន់ទីផ្សារបានជាង១តោន... The post កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ appeared first on Kampuchea Thmey Daily.

កសិដ្ឋានដាំមើមឈូកជប៉ុន របស់កសិករម្នាក់ ស្ថិតនៅក្នុងខេត្តព្រៃវែង មានសមត្ថភាពអាចផ្គត់ផ្គង់មើមឈូកទៅកាន់ទីផ្សារបានជាង១តោនក្នុងមួយថ្ងៃ។

លោក ឡុង គន្ធា អាយុ៣០ឆ្នាំ ម្ចាស់កសិដ្ឋានមើមឈូកជប៉ុន (ខេ ធី) ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ន មុខរបរដាំមើមឈូកជប៉ុនលោក កំពុងតែមានតម្រូវការខ្ពស់ ពិសេសនៅតាមបណ្ដាផ្សារទំនើប និងតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជា។ គន្ធា បន្តថា បច្ចុប្បន្នកសិដ្ឋានរបស់លោក អាចផ្គត់ផ្គង់មើមឈូកជប៉ុនទៅកាន់ទីផ្សារបានជាង១តោន ក្នុងមួយថ្ងៃ។

អតីតពលករធ្វើការនៅប្រទេសជប៉ុនរូបនេះ បានឱ្យដឹងទៀតថា កសិដ្ឋានមើមឈូកជប៉ុន (ខេ ធី) សម្រាប់ពេលបច្ចុប្បន្ននេះ កំពុងពង្រីកខ្លួនកាន់តែធំជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
គន្ធា បានឱ្យដឹងទៀតដែរថា កសិដ្ឋានបច្ចុប្បន្នមានផ្ទៃដីសរុបដាំមើមឈូក ប្រមាណជិត១០ហិកតា បើធៀបទៅនឹង៥ឆ្នាំមុន កសិដ្ឋានមានផ្ទៃដីត្រឹមតែជាង២ហិកតា តែប៉ុណ្ណោះ។

ចំពោះតម្លៃវិញ មើមឈូកជប៉ុន អាចលក់ចេញទៅកាន់ទីផ្សារបាន ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ បើតាម គន្ធា មើមឈូកនេះ ជាប្រភេទបន្លែធម្មជាតិម្យ៉ាង ដែលមានរសជាតិឆ្ងាញ់ និងអាចយកទៅកែច្នៃធ្វើជាម្ហូបបានជាច្រើនទម្រង់ដូចជា៖ ស្ងោរស៊ុប ឆា បំពង ជាពិសេសអាចយកក្រឡុកធ្វើភេសជ្ជៈផ្សេងៗទៀតបានផងដែរ។


មើមឈូកជប៉ុន គឺជាបន្លែមួយប្រភេទ ដែលជួយដល់សុខភាព សម្បូរជាតិវីតាមីន និងសារធាតុរ៉ែ ដូចជា៖ ពពួកវីតាមីនB វីតាមីនC ជាតិសរសៃ Fiber ជាតិដែក ស្ពាន់ ស័ង្កសី ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងកាលស្យូម ជាដើម៕
អត្ថបទ ៖ សួស សិត
The post កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ appeared first on Kampuchea Thmey Daily.