ផ្លូវថ្មើរជើងសប្ដាហ៍នេះ មានរបាំត្រឡោក និង ល្ខោនយីកេ
សម្រាប់សប្តាហ៍ទី៤ នៃខែមីនាឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍ទី៣០មីនា វេលាម៉ោង៧ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ The post ផ្លូវថ្មើរជើងសប្ដាហ៍នេះ មានរបាំត្រឡោក និង ល្ខោនយីកេ appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ សម្រាប់សប្តាហ៍ទី៤ នៃខែមីនាឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍ទី៣០មីនា វេលាម៉ោង៧ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរបាំត្រឡោក ( របាំប្រពៃណី) ហើយសម្រាប់ថ្ងៃអាទិត្យវិញ នៅវេលាម៉ោង ៧ ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានទស្សនីយភាពល្ខោនយីកេ លេងកំសាន្តផងដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។

នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាល និង ជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

គួររំលឹកថា កាលពីសប្តាហ៍ទី៣ ក្រោមការរៀបចំរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បានបង្កើតឱ្យមានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលមានស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គ ចំនួន៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន ១៨ ស្តង់ ដែលបានធ្វើឱ្យផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានកំណើនមនុស្សទៅដើរលេងកំសាន្ត និង ទស្សនារាប់ម៉ឺនខុសប្លែកពីសប្តាហ៍មុនៗ។

តាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការលក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្តូន៨ងកើនឡើងផងដែរ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕
ដោយ ៖ ស្រីរ័ត្ន













The post ផ្លូវថ្មើរជើងសប្ដាហ៍នេះ មានរបាំត្រឡោក និង ល្ខោនយីកេ appeared first on Kampuchea Thmey Daily.