កម្ពុជាកំពុងរៀបចំវិធានការចាំបាច់ ចំពោះការដំឡើងពន្ធអាមេរិក ដើម្បីគ្រប់គ្រងសភាពការណ៍
IMF សន្យាផ្តល់កិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជា ពីការប្រកាសពន្ធថ្មីរបស់ ត្រាំ ក្នុងន័យធានាចីរភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ... The post កម្ពុជាកំពុងរៀបចំវិធានការចាំបាច់ ចំពោះការដំឡើងពន្ធអាមេរិក ដើម្បីគ្រប់គ្រងសភាពការណ៍ appeared first on Kampuchea Thmey Daily.

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានក្រុមការងារវាយតម្លៃអំពីកម្មវិបាកនៃគោលនយោបាយបដិការពន្ធនាំចូល (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក ដើម្បីដាក់ចេញវិធានការចាំបាច់ ក្នុងការគ្រប់គ្រងសភាពការណ៍ ធានាស្ថិរភាពពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងក្នុងជំនួបជាមួយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា នៅលើទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលមធ្យម រាជរដ្ឋាភិបាល ក៏នៅតែបន្តពង្រឹងការប្រមូលចំណូល, បង្កើនប្រសិទ្ធភាពចំណាយ ព្រមទាំងកសាងទ្រនាប់ថវិកាឡើងវិញ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីស្ថានភាពរួមនៃសេដ្ឋកិច្ចកម្ពុជា ដែលរក្សាបាននូវភាពធន់ល្អ នៅចំពោះមុខស្ថានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅក្តី ក្នុងនោះវិស័យខ្លះមានភាព ប្រសើរជាងការរំពឹងទុក ខណៈវិស័យផ្សេងមួយចំនួនទៀតអាចប្រឈមនឹងការថមថយជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ។
ជាក់ស្តែង រាជរដ្ឋាភិបាលទើបបានដាក់ចេញឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា» កាលពីដើមឆ្នាំ ២០២៥ និងកំពុងត្រៀមដាក់ចេញនូវគោល នយោបាយផ្សេងៗទៀតដូចជា “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៤-២០២៨» និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៦-២០២៨» ផងដែរ។

លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសន្យាផ្តល់កិច្ចសហការ និងជំនួយបច្ចេកទេសផ្សេងៗ ដល់រាជរដ្ឋាភិបាលកម្ពុជា ពីការប្រកាសពន្ធថ្មីរបស់រដ្ឋបាល ដូណាល់ ត្រាំ ក្នុងន័យធានាចីរភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
លោក Kenichiro Kashiwase បានលើកឡើងថា ក្រុមការងារ IMF ក៏បាននឹងបន្តតាមដាន និងវាយតម្លៃស្ថានភាព និងកម្មវិបាកនៃគោលនយោបាយរបស់សហរដ្ឋអាម៉េរិកមកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេស IMF ក៏ត្រៀមផ្តល់អនុសាសន៍ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យធានាចីរភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
លោកបានអះអាងថា IMF ក៏ប្តេជ្ញាបន្តផ្តល់នូវជំនួយបច្ចេកទេសលើចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលទ្ធភាពនៃការអនុវត្ត Policy Coordination Instruments (PCI) ដែលជាគំនិតផ្តួចផ្តើមរបស់ IMF ក្នុងការជួយសម្រួល និងពង្រឹងកិច្ចសន្ទនាជាមួយប្រទេសដៃគូ ក្នុងការងារកែទម្រង់នានា និងកៀរគរប្រភពហិរញ្ញប្បទាន៕
The post កម្ពុជាកំពុងរៀបចំវិធានការចាំបាច់ ចំពោះការដំឡើងពន្ធអាមេរិក ដើម្បីគ្រប់គ្រងសភាពការណ៍ appeared first on Kampuchea Thmey Daily.