កញ្ញា Tian Tian បង្អួតក្រវិលថ្លៃជាង៣១ម៉ឺនដុល្លារ ធ្វើឲ្យឪពុកអស់តំណែងហើយ រងការស៊ើបទៀត
តារាសម្ដែងស្រីជនជាតិចិន Huang Yang Tian Tian បានបង្កភាពចម្រូងចម្រាស បន្ទាប់ពីបង្ហោះរូបថតក្រវិលដែល... The post កញ្ញា Tian Tian បង្អួតក្រវិលថ្លៃជាង៣១ម៉ឺនដុល្លារ ធ្វើឲ្យឪពុកអស់តំណែងហើយ រងការស៊ើបទៀត appeared first on Kampuchea Thmey Daily.

តារាសម្ដែងស្រីជនជាតិចិន Huang Yang Tian Tian បានបង្កើតឲ្យមានភាពចម្រូងចម្រាសលើបណ្តាញសង្គម បន្ទាប់ពីនាងបង្ហោះរូបថតក្រវិលដែលមានតម្លៃ ២.៣ លានយន់ (៣១ម៉ឺនដុល្លារអាមេរិក) បង្កជាចម្ងល់អំពីទ្រព្យសម្បត្តិរបស់គ្រួសារនាង និងអតីតភាពរបស់ឪពុកធ្លាប់ជាមន្ត្រីកាន់តំណែងខ្ពស់ក្នុងជួររដ្ឋាភិបាលចិន។

យោងតាមកាសែត Dimsum Daily រូបថតទាំងនេះត្រូវបានថតក្នុងពិធីចូលសាលារបស់ Tian Tian។ តារាស្រីរូបនេះ បានប្រាប់ថា នាងបានខ្ចីក្រវិលពីម្ដាយនាង។ ប៉ុន្តែមហាជនជាច្រើនបានចូលទៅបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈអ្នកលេងអ៊ីនធឺណិតបានទម្លាយរូបភាពរបស់នាង បង្ហាញពីការរស់នៅដ៏ប្រណីត រួមទាំងវិមានតម្លៃរាប់លានយន់ និងការប្រមូលផ្តុំដោយគ្រឿងអលង្ការថ្លៃៗយ៉ាងច្រើន។
ប្រភពដែលអះអាងថាស្និទ្ធនឹងក្រុមគ្រួសាររបស់នាង បានចោទថា ឪពុករបស់ Tian Tian គឺលោក Yang Wei ធ្លាប់កាន់តំណែងរដ្ឋាភិបាលនៅទីក្រុង Ya’an ខេត្ត Sichuan។ គាត់បានធ្វើការជាមួយក្រុមពង្រឹងការគ្រប់គ្រងទីក្រុង Ya’an ក្នុងឆ្នាំ ២០១១ មុនពេលផ្លាស់ទៅការិយាល័យជំរុញការវិនិយោគរបស់ទីក្រុងក្នុងឆ្នាំ ២០១៥ ដោយលាលែងពីមុខតំណែងរបស់គាត់នៅឆ្នាំ២០១៧ ដើម្បីបន្តការបណ្តាក់ទុនអាជីវកម្មនៅទីក្រុង Shenzhen។
យោងតាមសារព័ត៌មាន Qianjiang Evening News បន្ទាប់ពីចាកចេញពីមុខតំណែងជាមន្ត្រីរាជការ លោក Yang បានបង្កើតក្រុមហ៊ុនភាពយន្តមួយដាក់ឈ្មោះតាមកូនស្រីរបស់គាត់ នៅឆ្នាំ ២០១៨ ហើយក្រោយមកគាត់បានក្លាយជាតំណាងស្របច្បាប់របស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មផលិតផលថែរក្សាសម្ផស្ស។ នៅថ្ងៃទី ១៤ ខែឧសភា បីថ្ងៃបន្ទាប់ពីភាពចម្រូងចម្រាសជុំវិញក្រវិលរបស់កូនស្រី គាត់បានលាឈប់ពីដំណែងជាអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន ហើយបានដកខ្លួនចេញក្នុងនាមជាម្ចាស់ភាគហ៊ុន។
កាលពីសប្តាហ៍មុន គណៈកម្មាធិការត្រួតពិនិត្យវិន័យទីក្រុង Ya’an បានប្រកាសថា អាជ្ញាធរពាក់ព័ន្ធកំពុងស៊ើបអង្កេតករណីនេះ ហើយលោក Yang ត្រូវបានតម្រូវឲ្យបញ្ជាក់ពីដំណើរការការងាររបស់គាត់។ បើតាមសមត្ថកិច្ច លោក Yang បានបញ្ជាក់ថា ក្រវិលដែលកូនស្រីគាត់ពាក់នោះ មិនមែនជារបស់ពិតទេ ហើយក្រុមគ្រួសារបានបិទជិត និងរក្សាទុកដើម្បីត្រួតពិនិត្យ។ លោកបានគូសបញ្ជាក់បន្ថែមថា ក្នុងកំឡុងពេលកាន់តំណែង លោកមិនបានបំពានលើបទប្បញ្ញត្តិ ឬច្បាប់ណាមួយឡើយ ហើយលោកក៏មិនបានកេងប្រវ័ញ្ចថវិកាបរិច្ចាគណាមួយ ដែលសំដៅលើការកសាងក្រុង Ya’an ឡើងវិញក្រោយការរញ្ជួយដីនោះដែរ។
លោកបានថ្លែងថា៖«ប្រសិនបើនរណាម្នាក់រកឃើញសញ្ញានៃការបំពានច្បាប់ នោះពួកគេអាចរាយការណ៍បាន។ ខ្ញុំនឹងសហការយ៉ាងសកម្មជាមួយនឹងការស៊ើបអង្កេត និងទទួលនូវលទ្ធផលទាំងអស់»។
ទោះបីជាគាត់បដិសេធក៏ការពិនិត្យជាសាធារណៈនៅតែបន្តកើតមាន។ ប្រព័ន្ធផ្សព្វផ្សាយចិនបានយកចិត្តទុកដាក់លើបញ្ហានេះ ដោយសង្កត់ធ្ងន់ថា អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនបានអំពាវនាវឲ្យមានតម្លាភាពកាន់តែច្រើនទាក់ទងនឹងហិរញ្ញវត្ថុរបស់គ្រួសារ។
នៅអាយុ ១៨ ឆ្នាំ តារាស្រី Huang Yang Tian Tian បានបង្ហាញខ្លួនក្នុងនាមជាតារាសម្តែងក្នុងឆ្នាំ ២០១៧ ។ ស្នាដៃដែលគួរឲ្យកត់សម្គាល់របស់នាងរួមមានគម្រោងធំៗជាមួយតារាក្នុងបញ្ជី A ដូចជារឿងភាគទូរទស្សន៍ «Princess Agents» ដែលសម្តែងដោយ Shawn Dou និង Zhao Liying, «Nirvana in Fire Season 2: The Wind Blows in Chang Lin» សំដែងដោយ Huang Xiaoming និង «Love the Zhou’s Palace» ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
The post កញ្ញា Tian Tian បង្អួតក្រវិលថ្លៃជាង៣១ម៉ឺនដុល្លារ ធ្វើឲ្យឪពុកអស់តំណែងហើយ រងការស៊ើបទៀត appeared first on Kampuchea Thmey Daily.