BRICS បង្វែរជំហរបង្កើតរូបិយប័ណ្ណរួម ក្រោយដូណាល់ ត្រាំ កាន់អំណាច
សមាគម BRICS បានទម្លាក់បំណងប្រឆាំងអាមេរិកតាមរយៈការបង្កើតរូបិយប័ណ្ណរួមដើម្បីប្រតិបត្តិការដោះដូរថ្លៃទំនិញ... The post BRICS បង្វែរជំហរបង្កើតរូបិយប័ណ្ណរួម ក្រោយដូណាល់ ត្រាំ កាន់អំណាច appeared first on Kampuchea Thmey Daily.

ប្រទេសសមាជិកសមាគម BRICS បានទម្លាក់បំណងប្រឆាំងអាមេរិកតាមរយៈការបង្កើតរូបិយប័ណ្ណរួមដើម្បីប្រតិបត្តិការដោះដូរថ្លៃទំនិញក្នុងប្រទេសជាសមាជិក ជំនួសឥទ្ធិពលរូបិយប័ណ្ណដុល្លាររបស់សហរដ្ឋអាមេរិកដែលគ្រប់ដណ្តប់ចរន្តសេដ្ឋកិច្ចសកល។

ភាពប្រឈមខ្លាំងរវាងសហរដ្ឋអាមេរិក និង សមាគម BRICS បានកើតឡើងក្នុងអំឡុងការកាន់អំណាចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដោយសារតែរួតរឹតពីសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។
ប៉ុន្តែភាពប្រឈមនោះបានកាត់បន្ថយមកវិញ បន្ទាប់ពីការឡើងកាន់អំណាចជាថ្មីរបស់ប្រធានាសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមដាក់ទណ្ឌកម្មប្រឆាំងប្រទេសណាដែលជំនួសរូបិយប័ណ្ណដុល្លារ ដោយប្រាក់របស់ BRICS សម្រាប់ជាមធ្យោបាយដោះដូរទំនិញនោះ។
ឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សមាគម BRICS មិនកំពុងពិភាក្សាអំពីការបង្កើតរូបិយប័ណ្ណរួមនោះទេ ប៉ុន្តែបានកំពុងពិភាក្សាអំពីការបង្កើតវេទិកាវិនិយោគរួម។
នៅពេលធ្វើអត្ថាធិប្បាយលើការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការយកពន្ធគយលើទំនិញពីរដ្ឋសមាជិក BRICS ប្រសិនបើសម្ព័ន្ធភាពចាកចេញពីប្រាក់ដុល្លារនោះ Dmitry Peskov បាននិយាយថា៖«BRICS មិនមាន និងមិនពិភាក្សាអំពីការបង្កើតរូបិយប័ណ្ណរួម»ទេ។
លោក Peskov បាននិយាយថា៖«BRICS កំពុងនិយាយអំពីការបង្កើតវេទិកាវិនិយោគរួមថ្មីដែលនឹងអនុញ្ញាតឱ្យមានការវិនិយោគនៅក្នុងប្រទេសទីបី ការវិនិយោគទៅវិញទៅមក និងផ្សេងៗទៀត»។
សមាគម BRICS ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយនៅឆ្នាំ២០១១ អាហ្វ្រិកខាងត្បូងចូលរួម។ នៅថ្ងៃទី១ខែមករា ឆ្នាំ២០២៤ ប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមបានក្លាយជាសមាជិកពេញសិទ្ធិ។ នៅថ្ងៃទី៦ខែមករា ឆ្នាំ២០២៥ ឥណ្ឌូនេស៊ីក៏បានចូលរួមជាមួយសមាគមនេះផងដែរ។

ក្នុងអំឡុងពេលយុទ្ធនាការស្វែងរកការគាំទ្រសម្រាប់អាណត្តីថ្មីសម្រាប់ដំណែងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ១០០ភាគរយលើប្រទេសសមាជិក BRICS ប្រសិនបើពួកគេព្យាយាមជំនួសប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។
សារបស់លោក បានបន្ថយឥទ្ធិពលរបស់ BRICS ក្នុងការបោះជំហានទៅមុខក្នុងការបង្កើតរូបិយប័ណ្ណប្រើជាមធ្យោបាយជំនួសប្រាក់ដុល្លារនោះ៕
ដោយ រ៉ាន់ រើយ
The post BRICS បង្វែរជំហរបង្កើតរូបិយប័ណ្ណរួម ក្រោយដូណាល់ ត្រាំ កាន់អំណាច appeared first on Kampuchea Thmey Daily.