ក្រោយជួបជាមួយក្រសួងវប្បធម៌ អ្នកលក់ឡេ Love Riya សន្យាបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់វប្បធម៌
Love Riya សន្យាបញ្ឈប់សកម្មភាពក្រោមទម្រង់ជាការសម្តែងទាំងឡាយណាតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ The post ក្រោយជួបជាមួយក្រសួងវប្បធម៌ អ្នកលក់ឡេ Love Riya សន្យាបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់វប្បធម៌ appeared first on Kampuchea Thmey Daily.

អ្នកលក់ឡេ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya សន្យាបញ្ឈប់សកម្មភាពក្រោមទម្រង់ជាការសម្តែងទាំងឡាយណាតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌។ បើក្នុងករណីបន្តសកម្មភាព នឹងត្រូវប្រឈមចាត់វិធានការតាមផ្លូវច្បាប់។

ការសន្យារបស់អ្នកលក់ឡេរូបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំណែនាំមួយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់បុគ្គលរូបនេះអំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះក្នុងបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេសប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធបានណែនាំឱ្យឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់នូវសកម្មភាពទាំងឡាយដែលប៉ះពាល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
បន្ទាប់ទទួលបានណែនាំនេះ អ្នកនាង Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ និងយល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន បើក្នុងករណីនៅតែបន្តសកម្មភាពទាំងនេះនាពេលខាងមុខ។ សាមីខ្លួនក៏បានសន្យាផងដែរ ថា នឹងរៀបចំជាវីដេអូឃ្លីបសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសដែលបានប្រព្រឹត្តខុសឆ្គង និងសន្យាមិនធ្វើសកម្មភាពបែបនេះទៀតទេ។

ភ្ជាប់ករណីខាងលើ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បន្តអំពាវនាវផងដែរដល់គ្រប់មជ្ឈដ្ឋានទាំងអស់ចៀសវាងនូវសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់ដល់តម្លៃសិល្បៈវប្បធម៌ ប្រពៃណី មរតកដ៏មានតម្លៃ និងជាអត្តសញ្ញាណជាតិ និងប្រជាជន និងចូលរួមទាំងអស់គ្នាក្នុងកិច្ចការថែរក្សា ការពារ និងលើកតម្កើងវប្បធម៌ជាតិឱ្យបានគង់វង្ស រុងរឿងតទៅមុខ៕
ដោយ៖ ធឿន វ៉ាន់សុង
The post ក្រោយជួបជាមួយក្រសួងវប្បធម៌ អ្នកលក់ឡេ Love Riya សន្យាបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់វប្បធម៌ appeared first on Kampuchea Thmey Daily.