សមត្ថកិច្ចបង្ក្រាបដកហូតគ្រឿងញៀនបានជិត១៥តោនក្នុងឆ្នាំ២០២៤
អ្នកនាំពាក្យនគរបាលជាតិឧត្តមសេនីយឯក ឆាយ គឹមខឿន បានឱ្យដឹងថាក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបដកហូតគ្រឿងញៀនបានជិត១៥តោន The post សមត្ថកិច្ចបង្ក្រាបដកហូតគ្រឿងញៀនបានជិត១៥តោនក្នុងឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យនគរបាលជាតិឧត្តមសេនីយឯក ឆាយ គឹមខឿន បានឱ្យដឹងថាក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបដកហូតគ្រឿងញៀនបានជិត១៥តោន និងសារធាតុគីមីទាក់ទងនឹងសារធាតុញៀនបានជាង៣៥០គីឡូក្រាម។
ក្នុងបទសម្ភាសន៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ លើវិធានការគន្លឹះទី៤ ស្ដីពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លោក ឆាយ គឹមខឿន បានលើកឡើងថា ការបង្ក្រាបគ្រឿងញៀនក្នុងឆ្នាំ២០២៤មានចំនួន ១០ ៦២៨លើក ដោយឃាត់ខ្លួនមនុស្សបានជិត៣ម៉ឹននាក់ (២៧ ០៦៨នាក់) ដោយបានដកហូតគ្រឿងញៀនគ្រប់ប្រភេទជិត១៥តោន។

ដោយឡែកករណីជួញដួរ និងរក្សាទុកមានជាង ៦ពាន់ករណី ដែលមានជនសង្ស័យជាង ១ម៉ឺន២ពាន់នាក់ ហើយការកែច្នៃក្នុងស្រុកបង្ក្រាបបាន១៣ករណី ឃាត់ខ្លួនជនសង្ស័យ៥៤នាក់។ សម្រាប់ការដាំដុះកញ្ឆាមាន១០ករណី ឃាត់ខ្លួនជនសង្ស័យ៩នាក់។
លោក ឆាយ គឹមខឿន ក៏បានឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនបាន ៤ ៣៩៧ករណី និងឃាត់ខ្លួនមនុស្សបាន ១៤ ៣៩៤នាក់បញ្ជូនទៅមណ្ឌលអប់រំកែប្រែ។

មិនមានការប្រៀបធៀបនឹងការបង្ក្រាបទៅនឹងឆ្នាំមុនដោយអ្នកនាំពាក្យនោះទេ។
ទោះជាយ៉ាងបើតាមរបាយការណ៍ការបង្ក្រាប់គ្រឿងញៀនឆ្នាំ២០២៣ឃើញថា កម្លាំងសមត្ថកិច្ចបង្រ្កាបបានបទល្មើសគ្រឿងញៀនសរុប ៨ ០៦៣ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២០ ០០២នាក់ រឹបអូសគ្រឿងញៀនបានជាង២តោន សារធាតុគីមីផ្សំចំនួនជាង១តោន។ បើធៀបចំនួនគ្រឿងញៀនដែលបង្ក្រាបបានក្នុងឆ្នាំ២០២៤ ឃើញថាមានការកើនឡើងដល់ទៅជិត៨ដង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post សមត្ថកិច្ចបង្ក្រាបដកហូតគ្រឿងញៀនបានជិត១៥តោនក្នុងឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.