សំបុកត្រចៀកកាំកម្ពុជា រំពឹងមានទីផ្សារល្អ បន្ទាប់ពីចិនអនុញ្ញាតឱ្យនាំចូល
លោក ស៊ុយ កុកធាន បញ្ជាក់ថា ទោះជាយ៉ាងណានេះជាជំហានដ៏ជោគជ័យ ដែលកសិកររង់ចាំយូរហើយ... The post សំបុកត្រចៀកកាំកម្ពុជា រំពឹងមានទីផ្សារល្អ បន្ទាប់ពីចិនអនុញ្ញាតឱ្យនាំចូល appeared first on Kampuchea Thmey Daily.

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជាបានលើកឡើងនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ថា កាលដែលប្រទេសកម្ពុជា និងប្រទេសចិនបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ជាជំហានមួយធំ ក្នុងការបើកផ្លូវឱ្យសំបុកត្រចៀកកាំកម្ពុជាអាចនាំទៅចិនបាន។

លោក ស៊ុយ កុកធាន បញ្ជាក់ថា៖ «ប៉ុន្តែយើងត្រូវសិក្សាពីនីតិវិធីមួយចំនួនទៀត អញ្ចឹងហើយបានជាខាងសមាគម ក៏ដូចជាអ្នកអភិរក្សត្រចៀកកាំ អ្នកដែលធ្វើការកែច្នៃ និងនាំចេញហ្នឹង ទៅជជែកពិភាក្សាជាមួយអ្នកជំនាញរបស់ក្រសួងកសិកម្ម ដើម្បីបញ្ជាក់ថា តើនីតិវិធីដែលយើងត្រូវធ្វើបន្តបន្ទាប់ទៀតនោះ មានលក្ខណៈយ៉ាងម៉េច»។
លោក ស៊ុយ កុកធាន បញ្ជាក់ថា ទោះជាយ៉ាងណានេះជាជំហានដ៏ជោគជ័យ ដែលកសិកររង់ចាំយូរហើយ។
សូមជំរាបថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកប្រទេសកម្ពុជា មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន ៣ សម្រាប់ការនាំចេញផលិតផលកសិកម្មចំនួន ៣ មុខ របស់កម្ពុជាទៅទីផ្សារប្រទេសចិន។

ក្នុងនោះមានពិធីសារស្តីពីលក្ខខណ្ឌតម្រូវក្នុងការធ្វើអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំដែលបានសម្អាតពីកម្ពុជាទៅចិន។
លោក ស៊ុយ កុកធាន បានបន្ថែមថា ការអភិរក្សសំបុកត្រចៀកកាំមានលក្ខណៈល្អ សម្រាប់ប្រជាកសិករខ្មែរ ដែលមិនសូវមានពេល គាត់ចិញ្ចឹមត្រចៀកកាំគឺល្អ ពីព្រោះត្រចៀកកាំមិនត្រូវការថែទាំច្រើន ខណៈការចំណាយទៅលើប្រតិបត្តិការក៏តិច ដែលជាចំណូលបន្ថែម។

បើតាមលោក ស៊ុយ កុកធាន ទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជានៅមានសក្ដានុពល ដោយសារតែ ចិន តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ជាពិសេសប្រទេសចិន គឺជាប្រទេសដែលមានចំណងមិត្តភាពធំ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនជាមួយកម្ពុជា ដូច្នេះសំបុកត្រចៀកកាំមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទៅប្រទេសចិន។
តម្លៃសំបុកត្រចៀកកាំបច្ចុប្បន្ន ៣០០ ទៅ ៤៥០ ដុល្លារ សម្រាប់សំបុកមិនទាន់កែច្នៃ ប៉ុន្តែបើកែច្នៃហើយចន្លោះពី ៩០០ ទៅ ១៥០០ ក្នុងមួយគីឡូក្រាម។
ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់។
តាមការប៉ាន់ស្មាន កម្ពុជាមានសត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ឡេង ដេត
The post សំបុកត្រចៀកកាំកម្ពុជា រំពឹងមានទីផ្សារល្អ បន្ទាប់ពីចិនអនុញ្ញាតឱ្យនាំចូល appeared first on Kampuchea Thmey Daily.