សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់ លួចគាស់ទ្វាររថយន្តតាមចំណត
កម្លាំងនគរបាលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌមានជ័យ The post សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់ លួចគាស់ទ្វាររថយន្តតាមចំណត appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ កម្លាំងនគរបាលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិន២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន ១ ដើម) នៅតាមចំណតរថយន្ត។

ប្រតិបត្តិការនេះ បានធ្វើឡើងវេលាម៉ោង៤ល្ងាច នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនស្រាវជ្រាវ រហូតឈានដល់ឃាយ់ខ្លួនសង្ស័យ២នាក់ ពាក់ពន្ធ័នឹងករណី អំពើលួចមានស្ថានទម្ងន់ទោស (បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន១ ដើម) ។
នគរបាលបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ LIANG JING DIAN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)។ ទី២-ឈ្មោះ LIANG SHAO MIN ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)។
ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតវត្ថុតាង វត្ថុតាង រួមមាន អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន ១៣ គ្រាប់ (ជារបស់ជនរងគ្រោះ។ និងឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រពន្ធ័បញ្ជា ចំនួន ១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។
គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៧ និងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច ប្រព្រឹត្តនៅចំណុចចំណតរថយន្តក្នុងផ្សារទំនើបអ៊ីអន៣ ស្ថិតនៅកំណាត់ផ្លូវ៦០ម៉ែត្រ មូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលការិយាល័យកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុភា

The post សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់ លួចគាស់ទ្វាររថយន្តតាមចំណត appeared first on Kampuchea Thmey Daily.