រុស្ស៊ី-អ៊ុយក្រែនយល់ព្រមដោះដូរឈ្លើយសឹកម្ខាង១០០០នាក់ ប៉ុន្តែគ្មានលទ្ធផលបញ្ចប់សង្គ្រាម
លទ្ធផលលេចធ្លោរពីជំនួបរុស្ស៊ីនិងអ៊ុយក្រែននៅប្រទេសតួកគី គឺការដោះដូរឈ្លើយសឹកម្ខាង១០០០នាក់ ខណៈអ៊ុយក្រែនស្នើឲ្យមានជំនួបកំពូលនៃប្រមុខរដ្ឋទាំងពីរ... The post រុស្ស៊ី-អ៊ុយក្រែនយល់ព្រមដោះដូរឈ្លើយសឹកម្ខាង១០០០នាក់ ប៉ុន្តែគ្មានលទ្ធផលបញ្ចប់សង្គ្រាម appeared first on Kampuchea Thmey Daily.

ជំនួបចរចារវាងប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីនៅថ្ងៃទី១៦ខែឧសភានេះ ត្រូវបានសារព័ត៌មានអន្តរជាតិសំខាន់ៗ បានរាយការណ៍ថា បានបញ្ចប់នៅមុននេះបន្តិច ក្រោយការជួបប្រជុំគ្នាមិនដល់២ម៉ោង។ លទ្ធផលលេចធ្លោរពីជំនួបនេះ គឺការដោះដូរឈ្លើយសឹកម្ខាង១០០០នាក់ ខណៈអ៊ុយក្រែនស្នើឲ្យមានជំនួបកំពូលនៃប្រមុខរដ្ឋទាំងពីរ។

តាមរយៈបណ្តាញសង្គម Telegram របស់ខ្លួន សារព័ត៌មាន RT របស់ប្រទេសរុស្ស៊ី បានរាយការណ៍ថា កិច្ចប្រជុំនោះបានបញ្ចប់ទៅត្រឹមរយៈពេលតិចជាង២ម៉ោង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក៏បានរាយការណ៍ដូចគ្នាដែរថា កិច្ចប្រជុំក្នុងគ្រាដំបូងបន្ទាប់ពីការបើកផ្លូវរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលថ្ងៃទី១១ខែឧសភានោះ បានបញ្ចប់ទៅបន្ទាប់ពីប្រជុំតិចជាង២ម៉ោង។
សេចក្តីរាយការណ៍ ដែលត្រូវរាយការណ៍បន្តដោយ Sky News បានអះអាងថា មិនមានការរីកចម្រើនថ្មីពីការចរចាដ៏តក់ក្រហល់នេះនោះទេ។
សារព័ត៌មាន RT របស់រុស្ស៊ី បានផ្សាយក្រោយមកថា ភាគីទាំងពីរយល់ព្រមដោះដូរឈ្លើយសឹកសង្គ្រាមទ្រង់ទ្រាយធំ រហូតដល់១០០០នាក់ក្នុងភាគីម្ខាង។ ជុំវិញបទឈប់បាញ់ ដែលអ៊ុយក្រែនស្នើ គឺរុស្ស៊ីមិនទាន់យល់ព្រមទេ ខណៈភាគីអ៊ុយក្រែនស្នើឲ្យមានជំនួបប្រមុខរដ្ឋទាំងពីរ។
ជំនួបទ្វេភាគីរវាងរុស្ស៊ីនិងអ៊ុយក្រែន ក្រោយកិច្ចសម្របសម្រួលរបស់ប្រទេសតួកគី គឺជាកិច្ចប្រជុំលើកដំបូងបន្ទាប់ពីភាគីទាំងបានផ្អាកការនិយាយរកគ្នាជាង៣ឆ្នាំមុន ចាប់ពីខែមីនា២០២២។ លោក ពូទីន បានបង្ហើបបើកផ្លូវចរចាជាមួយអ៊ុយក្រែនដោយគ្មានដាក់លក្ខខណ្ឌមុន (Preconditions) ក្រោយបាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី កាលថ្ងៃទីរ១១ខែឧសភា។
ភាគីអ៊ុយក្រែនស្វាគមន៍ការលើកឡើងរបស់លោក ពូទីន ប៉ុន្តែបានទាមទារឲ្យលោកពូទីន យល់ព្រមលើបទឈប់បាញ់៣០ថ្ងៃជាមុនសិន មុនការចរចា ហើយ ចង់ឲ្យលោក ពូទីន ចូលរួមការចរចាដោយផ្ទាល់តែម្តង។ ទោះបីជាបែបណា លោក ពូទីន មិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមទេ ក្រោយការសើ្ននោះ និង មិនបានចូលរួមផ្ទាល់សម្រាប់ការចរចានៅទីក្រុង អ៊ីស្តង់ប៊ុល ជាទីដែលខ្លួនស្នើសម្រាប់កិច្ចប្រជុំនៅថ្ងៃទី១៥ខែឧសភានោះទេ។
ផ្ទុយទៅវិញ លោក ពូទីន បានបញ្ជូនប្រតិភូដែលមានត្រឹមជំនួយការរបស់លោក ទៅចូលរួមកិច្ចចរចាលើកដំបូងនេះប៉ុណ្ណោះ ខណៈភាគីអ៊ុយក្រែន គឺប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានត្រៀមខ្លួនសម្រាប់ជំនួបកំពូលដែលខ្លួនទទូចចង់បានបំផុតនោះ៕
ដោយ រ៉ាន់ រើយ
The post រុស្ស៊ី-អ៊ុយក្រែនយល់ព្រមដោះដូរឈ្លើយសឹកម្ខាង១០០០នាក់ ប៉ុន្តែគ្មានលទ្ធផលបញ្ចប់សង្គ្រាម appeared first on Kampuchea Thmey Daily.