និស្សិតជនជាតិន័រវេសត្រូវបានចាប់ខ្លួនពីបទចារកម្មលើសហរដ្ឋអាមេរិកឲ្យរុស្ស៊ីនិងអ៊ីរ៉ង់
អាជ្ញាធរប្រទេសន័រវេសបាននិយាយថា និស្សិតជនជាតិន័រវេសម្នាក់ដែលមានអាយុ ២០ឆ្នាំត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានធ្វើចារកម្មឲ្យប្រទេសរុស្ស៊ី ... The post និស្សិតជនជាតិន័រវេសត្រូវបានចាប់ខ្លួនពីបទចារកម្មលើសហរដ្ឋអាមេរិកឲ្យរុស្ស៊ីនិងអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.
អាជ្ញាធរប្រទេសន័រវេស បាននិយាយថា និស្សិតជនជាតិន័រវេសម្នាក់ដែលមានអាយុ២០ឆ្នាំត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានធ្វើចារកម្មឲ្យប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងធ្វើការជាឆ្មាំនៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុង Oslo ប្រទេសន័រវេស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៣ខែវិច្ឆិកានេះ។
បុរសនោះមិនត្រូវបានបញ្ចេញអត្តសញ្ញាណនោះត្រូវបានបញ្ជាឱ្យឃុំខ្លួនរយៈពេល៤សប្តាហ៍។ ប៉ូលិសបានឲ្យដឹងថា បុរសនោះកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសន្តិសុខ និងការត្រៀមខ្លួននៅសាកលវិទ្យាល័យ Norway’s Arctic University, UiT។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុក PST របស់ប្រទេសន័រវេសបាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា បុរសនោះត្រូវបានចាប់ខ្លួននៅក្នុងយានដ្ឋានរបស់គាត់នៅផ្ទះកាលពីថ្ងៃពុធដោយសង្ស័យថា បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិជាមួយនឹងសកម្មភាពដែលទាក់ទងនឹងការស៊ើបការណ៍របស់គាត់។
យោងតាម NRK បានឱ្យដឹងថា ដីកាចាប់ខ្លួនពីតុលាការស្រុកនិយាយថា ក្នុងចំណោមរបស់ផ្សេងទៀត ប៉ូលិសបានរកឃើញកំណត់ត្រានៃកិច្ចសន្ទនាការចាត់តាំងរបស់បុរសនោះជាមួយនឹងមនុស្សម្នាក់ដែលច្បាស់ជាដឹកនាំសកម្មភាពចារកម្មរបស់គាត់ ខណៈបុរសនេះបានសារភាពថាបានប្រមូល និងចែករំលែកព័ត៌មានជាមួយអាជ្ញាធររុស្ស៊ី និងអ៊ីរ៉ង់។
អ្នកនាំពាក្យ PST លោក Thomas Blom បានប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ថា វាលឿនពេកក្នុងការនិយាយអំពីព័ត៌មានលម្អិតនៃសកម្មភាពរបស់បុរសនោះ។ PST បានបញ្ជាក់ថា បុរសនោះមានការងារជាសន្តិសុខនៅស្ថានទូតអាមេរិកក្នុងទីក្រុង Oslo មិនមានជនសង្ស័យផ្សេងទៀតក្នុងករណីនេះទេ។
យោងតាមមេធាវីរបស់ជនសង្ស័យគឺលោក John Christian Elden បានប្រាប់ NRK ថា បុរសនោះសារភាពថា ខ្លួនបានធ្វើការឱ្យប្រទេសក្រៅ ប៉ុន្តែមិនបានសារភាពពីកំហុសពីបទចារកម្មនោះទេ ហើយគាត់ត្រូវបានចោទប្រកាន់ពីបទទទួលបានព័ត៌មានដែលអាចប៉ះពាល់ដល់ស្ថានភាពសន្តិសុខនៃប្រទេសទីបី។
គួរបញ្ជាក់ថាប្រទេសន័រវេសមានព្រំដែនប្រវែង ១៩៨ គីឡូម៉ែត្រជាមួយរុស្ស៊ីនៅតំបន់អាក់ទិក។ ចាប់តាំងពីការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ីមកកាន់អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ប្រទេសន័រវែសបានរឹតបន្តឹងយ៉ាងខ្លាំងចំពោះការចូលរបស់ជនជាតិរុស្ស៊ី។ កាលពីខែកញ្ញា រដ្ឋាភិបាលន័រវេសបាននិយាយថា ខ្លួនកំពុងពិចារណាលើផែនការសាងសង់ របងតាមបណ្តោយព្រំដែនទាំងអស់ ឬផ្នែកខ្លះរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី៕
អត្ថបទ៖ ប៊ុន សុភាព
The post និស្សិតជនជាតិន័រវេសត្រូវបានចាប់ខ្លួនពីបទចារកម្មលើសហរដ្ឋអាមេរិកឲ្យរុស្ស៊ីនិងអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.