មេភូមិទ្រាប នៅ​ឆ្ងាយ​ពីប្រជុំជន ស្នើ​សុំ​អាជ្ញាធរ​ជួយ​ជំរុញ​ការ​អភិវឌ្ឍក្នុង​មូលដ្ឋាន​

ពលរដ្ឋកំពុង​ជួបការលំបាកក្នុងការ​ទទួល​បាន​សេវារដ្ឋបាល​រួម​ទាំង​ការ​អភិវឌ្ឍ​ផ្សេងៗ..... The post មេភូមិទ្រាប នៅ​ឆ្ងាយ​ពីប្រជុំជន ស្នើ​សុំ​អាជ្ញាធរ​ជួយ​ជំរុញ​ការ​អភិវឌ្ឍក្នុង​មូលដ្ឋាន​ appeared first on Kampuchea Thmey Daily.

មេភូមិទ្រាប នៅ​ឆ្ងាយ​ពីប្រជុំជន ស្នើ​សុំ​អាជ្ញាធរ​ជួយ​ជំរុញ​ការ​អភិវឌ្ឍក្នុង​មូលដ្ឋាន​

ក្រោយ​ត្រូវ​​បាន​កាត់បញ្ចូលក្នុង​ដែនដីរដ្ឋបាល​ខេត្ត​មណ្ឌលគិរី ​មេភូមិ​ទ្រាបបានស្នើ​ឲ្យ​អាជ្ញាធរ​ជួយជំរុញ​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន ខណៈ​ពលរដ្ឋកំពុង​ជួបការលំបាកក្នុងការ​ទទួល​បាន​សេវារដ្ឋបាល​ផ្សេងៗ​​រួម​ទាំង​គម្រោង​​អភិវឌ្ឍ​នានា ដោយសារ​នៅ​ឆ្ងាយ​ពី​តំបន់ប្រជុំជន​ខេត្ត។

លោក ឆក់ នង អាយុ ៦១ឆ្នាំ មេភូមិទ្រាប បានរៀបរាប់ប្រាប់ថា ភូមិ​ទ្រាបស្ថិតក្នុងភូមិសាស្ត្រនៃឃុំស្រែឈូក ស្រុក​កែវសីម៉ា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដែលពីមុន​ភូមិ​នេះ​ស្ថិត​នៅ​ក្រោម​ដែនដី​​រដ្ឋបាលរបស់​​ខេត្ត​ក្រចេះ ឥលូវ​ត្រូវ​បាន​កាត់​ចូលក្នុង​ដែនដី​រដ្ឋបាល​ខេត្ត​​មណ្ឌលគិរីគ្រប់គ្រង​។

លោក ឆក់ នង អាយុ ៦១ឆ្នាំ មេភូមិទ្រាប

លោកមេភូមិទ្រាបបាន​បញ្ជាក់​ថា តាំងពីរូបលោកកើតមករហូតដល់អាយុ ៦១ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុង​មូលដ្ឋាន​ជួប​ការ​លំបាកទាំងការងាររដ្ឋបាល សន្តិសុខសណ្ដាប់ធ្នាប់ និងបញ្ហា​សុខុមាលភាព។

លោក​បន្ត​ថា ការ​កាត់​ភូមិ​ទ្រាប​ទៅ​ក្នុង​ដែន​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​ នាំ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាកច្រើន​ ដោយសារ​នៅ​ឆ្ងាយ​ពី​តំបន់ប្រជុំជន​ខេត្ត​ ហើយ​ការ​អភិវឌ្ឍ​មាន​ភាព​យឺតយ៉ាវមិន​ដូច​តំបន់​ដទៃ។

«ដូចជាប៉ុន្មាន​ថ្ងៃមុនមន្រ្តី​ធនធានទឹកចុះទៅដល់ភូមិ​ ប្រជាពលរដ្ឋខំអរ នឹកស្មានថា បានទឹកប្រើប្រាស់ ដល់ពេលខាងមន្ត្រី​ជំនាញ​ឆែកមើលគឺស្ថិតនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ចឹងក៏​អត់បានទៅ​។ សូម្បីតែខាងអង្គការ អុកស្វាមកម្ពុជា ចុះសិក្សាបម្រុងបិទទំនប់ រួមនឹងគម្រោងអភិវឌ្ឍ​ផ្សេងទៀត ក៏អត់បានដែរ ដោយសារស្ថិត​នៅ​ទឹកដីខេត្តមណ្ឌលគិរី។ សូម្បីតែកា​រ​រាន​ដីធ្វើស្រែ​ចម្កាបន្តិចបន្តួច ក៏មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីហាមឃាត់មិនឲ្យធ្វើដែរ ដោយហេតុថាជាទឹកដីខេត្តមណ្ឌលគិរី។

ឥឡូវនេះ រឿងសំខាន់គឺអគ្គីសនី រាយបង្គោលខ្សែភ្លើងអស់ហើយ ថាខេត្តមណ្ឌលគិរីទៀត តើឲ្យពលរដ្ឋរស់នៅតំបន់នោះសង្ឃឹមអ្វី?

លោក ឆក់ នង បានអះអាង​ថា ពេលត្រូវ​ការ​ទៅ​ទទួល​សេវា​ផ្សេងៗ ពលរដ្ឋ​ពិបាក​ទៅ​តំបន់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ពីព្រោះ​ផ្លូវឆ្ងាយណាស់ ហើយលំបាកទៀត មានតែមកខេត្តក្រចេះទេ ដូច្នេះសូមឲ្យអាជ្ញាធរជួយអភិវឌ្ឍន៍ផង ព្រោះប្រជាពលរដ្ឋ ត្រូវការសម្រាកពេទ្យ ប្រពន្ធឆ្លងទន្លេ នឹងទទួលសេវាផ្សេងៗ គឺត្រូវមកក្រចេះ។

លោក ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះ

ពាក់ពន្ធ័ជុំវិញការលើកឡើងរបស់លោក ឆក់ នង មេភូមិទ្រាប លោក ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា ចំពោះបញ្ហាការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋរស់នៅតំបន់នោះ លោកនឹងលើកយកបញ្ហាទៅពិភាក្សាជាមួយលោកអភិបាលខេត្តនៅថ្នាក់ខេត្ត ដើម្បីរកដំណោះស្រាយជួបពិភាក្សាជាមួយខាងថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី លើការងារអភិវឌ្ឍន៍នៅតំបន់នោះ។

លោកបានបញ្ជាក់បន្ថែមថា ចាប់តាំងពីដើមមកនៅតំបន់នោះ មានប្រជាពលរដ្ឋតែ ៦០ គ្រួសារប៉ុណ្ណោះ ប៉ុន្តែឥឡូវវិញ មានប្រជាពលរដ្ឋ សរុបចំនួន ៥០៥គ្រួសារ ស្មើនឹងប្រជាពលរដ្ឋជាង ៣០០០នាក់ ដូច្នេះ ពលរដ្ឋ ត្រូវការការអភិវឌ្ឍន៍នៅនឹងកន្លែងហ្នឹង៕

អត្ថបទ៖ ប្រុញ វិធិន

The post មេភូមិទ្រាប នៅ​ឆ្ងាយ​ពីប្រជុំជន ស្នើ​សុំ​អាជ្ញាធរ​ជួយ​ជំរុញ​ការ​អភិវឌ្ឍក្នុង​មូលដ្ឋាន​ appeared first on Kampuchea Thmey Daily.