ប្រធានាធិបតីអ៊ុយក្រែន បារម្ភទឹកដីខ្លួនក្លាយជាទីលានសាកអាវុធរបស់រុស្ស៊ីនិងសម្ព័ន្ធមិត្ត
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី បានបង្ហាញក្តីព្រួយបារម្ភលើកដំបូងថា រុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីសាកល្បងអាវុធរបស់ពួកគេ... The post ប្រធានាធិបតីអ៊ុយក្រែន បារម្ភទឹកដីខ្លួនក្លាយជាទីលានសាកអាវុធរបស់រុស្ស៊ីនិងសម្ព័ន្ធមិត្ត appeared first on Kampuchea Thmey Daily.
ខណៈពេលដែលសង្គ្រាមផ្ទុះឡើងកាន់តែខ្លាំងរវាងរុស្ស៊ីនិងអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី បានបង្ហាញក្តីព្រួយបារម្ភលើកដំបូងថា រុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីសាកល្បងអាវុធរបស់ពួកគេ។
ប្រធានាធិបតីអ៊ុយក្រែនដែលស៊ូទ្រាំប្រយុទ្ធនឹងមហាអំណាចរុស្ស៊ីអស់រយៈពេលជាង១០០០ថ្ងៃ បានបង្ហាញក្តីកង្វល់ដែលទឹកដីរបស់ខ្លួនក្លាយជាទឹកដីសាកអាវុធរបស់រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន រយៈពេល៣ថ្ងៃចុងក្រោយនេះ បាននិយាយថា ខ្លួននឹងសាកល្បងអាវុធនៅលើទឹកដីអ៊ុយក្រែន ដរាបណាអ៊ុយក្រែនប្រើប្រាស់អាវុធលោកខាងលិចបាញ់ប្រហាររុស្ស៊ី។
នៅថ្ងៃទី២៥ខែវិច្ឆិកានេះ លោក វ៉ុលឌីមៀ ហ្សេលេនស្គី បាននិយាយថា យន្តហោះគ្មានមនុស្សបើកផលិតនៅប្រទេសអ៊ីរ៉ង់ប្រមាណ៥០០គ្រឿងត្រូវបានបញ្ជាសំដៅទៅអ៊ុយក្រែនក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ។
លោក បានបន្តថា ជាមួយគ្នានេះ រុស្ស៊ីបានបាញ់មីស៊ីលជាង២០គ្រាប់ចូលទឹកដីអ៊ុយក្រែន។ កាលថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក ពូទីន បានបញ្ជាឲ្យបាញ់មីស៊ីល Oreshnik ដែលជាមីស៊ីលប្រភេទថ្មីសំដៅបំផ្លាញរោងចក្រផលិតឧស្សាហកម្មយោធា និងស្ថានីយយានអវកាស Pivdenmash របស់អ៊ុយក្រែន ដែលមីស៊ីលនោះត្រូវបានអ្នកជំនាញនិយាយថា មានល្បឿនលឿនជាសំឡេងរហូតដល់ទៅ១០ដង។
នៅថ្ងៃអាទិត្យកន្លងទៅ ការវាយប្រហារដោយដ្រូនម៉ាក Shahed ផលិតនៅប្រទេសអ៊ីរ៉ង់បានធ្វើឡើងដោយប្រទេសរុស្ស៊ី។ លោក ហេ្សលេនស្គី បាននិយាយថា រុស្ស៊ីបានបង្កើតរោងចក្រ២ដើម្បីផលិតយន្តហោះគ្មានមនុស្សបើកដ៏បំផ្លិចបំផ្លាញនេះ និង ដ្រូនសែស្រឡាយ Shahed136 ដែលទីក្រុងមូស្គួហៅថា Geran-2 ដោយរោងចក្រនោះមានចម្ងាយប្រហែល៨០០ម៉ាយពីព្រំដែនអ៊ុយក្រេន។
អ៊ុយក្រែនត្រូវបានលោកខាងលិចអនុញ្ញាតឲ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេរៀងៗសម្រាប់វាយប្រហារចូលទឹកដីរុស្ស៊ី ប៉ុន្តែហាក់មានកម្រិតនៅឡើយ។ មហាអំណាចបស្ចឹមប្រទេសដែលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរបស់ពួកគេ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស និង បារាំង ខណៈប្រទេសអាល្លឺម៉ង់ ក៏ពិចារណាដាក់ឲ្យអ៊ុយក្រែនប្រើប្រាស់ផងដែរ។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានកើនឡើងខ្លាំងនៅពេលដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតសារជាថ្មីសម្រាប់ដឹកនាំសេតវិមានដ៏មានអំណាចបំផុត ដែលក្នុងសារឃោសនារកការគាំទ្រក្នុងការបោះឆ្នោត លោក បានសន្យារកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ីត្រឹមតែរយៈពេលខ្លី។
ក្រោយការជាប់ឆ្នោត រុស្ស៊ីបានបង្កើនការប្រយុទ្ធយ៉ាងខ្លាំងដាក់សម្ពាធលើអ៊ុយក្រែន ដែលធ្វើឲ្យប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលតែងគាំទ្រអ៊ុយក្រែន បើកភ្លើងខៀវឲ្យរដ្ឋាភិបាលលោក ហ្សេលេនស្គីអាចប្រើប្រាស់ប្រព័ន្ធមីស៊ីល ATACMS បាញ់ចូលទឹកដីរុស្ស៊ីដើម្បីដាក់សម្ពាធរុស្ស៊ីវិញ។ ចាប់ពីពេលនោះមក សង្គ្រាមនៅអឺរ៉ុបខាងកើតមួយនេះ ក៏ធ្លាក់ចូលការប្រើប្រាស់អាវុធធន់ធ្ងន់៕
ដោយ រ៉ាន់ រើយ
The post ប្រធានាធិបតីអ៊ុយក្រែន បារម្ភទឹកដីខ្លួនក្លាយជាទីលានសាកអាវុធរបស់រុស្ស៊ីនិងសម្ព័ន្ធមិត្ត appeared first on Kampuchea Thmey Daily.