UN៖ កិច្ចខិតខំទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលបរាជ័យ
អង្គការសហប្រជាជាតិថា កិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ គឺមិនដំណើរការទេ ដោយសារទិន្នន័យថ្មីបង្ហាញថា ឧស្ម័នឡើង... The post UN៖ កិច្ចខិតខំទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលបរាជ័យ appeared first on Kampuchea Thmey Daily.
អង្គការសហប្រជាជាតិថា កិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ គឺមិនដំណើរការទេ ដោយសារទិន្នន័យថ្មីបង្ហាញថា ឧស្ម័នឡើងកំដៅកំពុងកកកុញលឿនជាងពេលណាៗទាំងអស់នៅក្នុងជីវិតរបស់មនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៩ខែតុលានេះ។
ការវិភាគរបស់អង្គការសហប្រជាជាតិបង្ហាញថា ផែនការជាតិបច្ចុប្បន្នដើម្បីកំណត់ការបំភាយឧស្ម័នកាបូនិចដែលនឹងកាត់បន្ថយការបំពុលត្រឹមឆ្នាំ២០៣០ ដើម្បីរក្សាកំដៅនៅក្រោម ១.៥ C ក្នុងសតវត្សនេះ បានរងការបរាជ័យ។ ការអាប់ដេតនេះកើតឡើងនៅពេលដែលរបាយការណ៍ដាច់ដោយឡែកមួយបង្ហាញថា ឧស្ម័នផ្ទះកញ្ចក់បានកើនឡើងជាង១១% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងកំហាប់បរិយាកាសកើនឡើងនៅឆ្នាំ២០២៣។
អ្នកស្រាវជ្រាវក៏មានការព្រួយបារម្ភផងដែរថា ព្រៃឈើកំពុងបាត់បង់សមត្ថភាពក្នុងការស្រូបយកកាបូនដែលអាចរួមចំណែកដល់ការកត់ត្រាកម្រិតនៃឧស្ម័នឡើងកំដៅក្នុងបរិយាកាស ទើប UN Climate Change ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយបញ្ហានេះ បានអនុវត្តការវិភាគលើផែនការកាត់បន្ថយកាបូន បានដាក់ជូនដោយប្រទេសជិត២០០។
អង្គការសហប្រជាជាតិចង់ឃើញថាតើមានវឌ្ឍនភាពប៉ុន្មានដែលកំពុងត្រូវបានបង្កើតឡើងក្នុងការកាត់បន្ថយការបំភាយឧស្ម័នដែលកំពុងគំរាមកំហែងជំរុញសីតុណ្ហភាពសកលលើសពី ១.៥C នៅសតវត្សរ៍នេះ ជាកម្រិតដែលអ្នកវិទ្យាសាស្ត្រនិយាយថាមានផលប៉ះពាល់ដ៏អាក្រក់នឹងកើតឡើង។ ប៉ុន្តែឥឡូវនេះ ផែនការត្រូវបានបន្ថែម ពួកគេបង្ហាញថាការបំភាយឧស្ម័នទំនងជានឹងធ្លាក់ចុះត្រឹមតែ ២.៦% នៅឆ្នាំ២០៣០ បើធៀបនឹងឆ្នាំ២០១៩។ ចំនួននេះគឺតិចណាស់ក្នុងការកាត់បន្ថយចំនួន ៤៣% ដែលអ្នកវិទ្យាសាស្ត្រត្រូវការនៅចុងទសវត្សរ៍នេះ ដើម្បីរក្សាពិភពលោកឲ្យមានកាបូនសុទ្ធត្រឹមឆ្នាំ ២០៥០។
លោក Simon Stiell លេខាធិការប្រតិបត្តិនៃការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិបាននិយាយថា៖ «ការរកឃើញរបស់របាយការណ៍គឺផ្ទុយស្រឡះ ប៉ុន្តែមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ» ដោយសារផែនការអាកាសធាតុជាតិនាពេលបច្ចុប្បន្ននេះ ខ្វះខាតច្រើនសន្ធឹកសន្ធាប់នៃគោលការចាំបាច់ ដើម្បីបញ្ឈប់ការឡើងកំដៅផែនដី ដែលនឹងបំផ្លាញរាល់សេដ្ឋកិច្ច និងបំផ្លាញជីវិត និងជីវភាពរស់នៅរាប់ពាន់លានដុល្លារនៅគ្រប់ប្រទេសទាំងអស់។
អង្គការសហប្រជាជាតិនិយាយថា ប្រទេសនានាត្រូវបានគេរំពឹងថានឹងដាក់ផែនការថ្មី និងរឹងមាំនៅនិទាឃរដូវឆ្នាំក្រោយ ការពិភាក្សាអំពីការបង្កើនមហិច្ឆតានៃកិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងក្លាយជាប្រធានបទដ៏សំខាន់មួយ នៅពេលដែលមេដឹកនាំពិភពលោកប្រមូលផ្តុំគ្នានៅក្នុងសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP29 នៅ ប្រទេសAzerbaijan ខែក្រោយ។
បន្ថែមលើក្តីបារម្ភអំពីវិធីដែលពិភពលោកកំពុងដោះស្រាយការប្រែប្រួលអាកាសធាតុ អង្គការឧតុនិយមពិភពលោកបាននិយាយថា ការប្រមូលផ្តុំឧស្ម័នផ្ទះកញ្ចក់ក៏បានឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ ២០២៣ដែរ។ ការកើនឡើងកាលពីឆ្នាំមុនគឺខ្ពស់ជាងរយៈពេល ១២ ខែមុន ដោយសារតែភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា ហើយការចាប់ផ្តើមនៃព្រឹត្តិការណ៍អាកាសធាតុ El Niño ទាំងអស់បានបន្ថែមទៅលើការបំភាយឧស្ម័នដែលកំពុងបន្តចេញពីឥន្ធនៈហ្វូស៊ីល។
លើសពីនេះអ្នកវិទ្យាសាស្ត្ររបស់ WMO ក៏និយាយផងដែរថា ពួកគេបានឃើញភស្តុតាងមួយចំនួនថា នៅពេលដែលពិភពលោកកាន់តែក្តៅ ដើមឈើមិនអាចស្រូបយកកម្រិតកាបូនដូចកាលពីមុនឡើយ។ ដូច្នេះ ប្រសិនបើព្រៃឈើ និងមហាសមុទ្រកាន់តែតិចអាចស្រូបយកឧស្ម័នកាបូនិកបានកាន់តែតិច នោះការឡើងកំដៅផែនដីអាចកើនឡើងកាន់តែលឿន៕
អត្ថបទ៖ ប៊ុន សុភាព
The post UN៖ កិច្ចខិតខំទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលបរាជ័យ appeared first on Kampuchea Thmey Daily.