ធ្លាក់ភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត
មានសង្កាត់ចំនួន ២ គឺសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត លិចទឹកខ្លាំងជាងគេ... The post ធ្លាក់ភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត appeared first on Kampuchea Thmey Daily.

សង្កាត់ចំនួន ២ នៅក្នុងក្រុងប៉ោយប៉ែតរងការជន់លិចខ្លាំងជាងគេ ដោយសារភ្លៀងធ្លាក់ច្រើនម៉ោង កាលពីល្ងាចថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥។
យោងតាមប្រជាពលរដ្ឋ មានសង្កាត់ចំនួន ២ គឺសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត លិចទឹកខ្លាំងជាងគេ ដោយសារភ្លៀងមួយមេធំរយៈពេល ៤ម៉ោង អមទៅដោយខ្យល់កន្ត្រាក់បណ្តាលឲ្យលិចក្រុងប៉ោយប៉ែត្រស្ទើរទាំងស្រុង។

តាមប្រជាពលរដ្ឋមូលហេតុដែលលិចនេះ ទំនងដោយសារក្រុមហ៊ុនដាក់លូកន្លងមក មានមុខកាត់តូច ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ប៉ោយប៉ែត បានដណ្តើមគ្នាចាក់ដីលើកផ្ទះបិតផ្លូវទឹកហូរ ពិសេសនៅចំណុចក្រុងប៉ោយប៉ែតតែម្តង ម្ចាស់សំណង់ធ្វើផ្ទះ៣ជាន់នាំគ្នាចាក់បិតមុខលូពីធំមកតូចសម្រាប់យកមុខផ្ទះធ្វើអាជីវកម្ម។
ប្រជាពលរដ្ឋបាននិយាយបន្តឲ្យដឹងទៀតថា កន្លងមករដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត បានសហការគ្នាដាក់ប្រពន្ធលូជាច្រើនខ្សែដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង នៅក្នុងទីប្រជុំជន ដើម្បីបញ្ជៀសពេលមានភ្លៀងធំធ្លាក់មកម្តងៗមានទឹកជន់លិចលង់ខ្លាំងលើទ្រូងផ្លូវ ហូរឲ្យបានទាន់ពេលវេលា។

ជាមួយនឹងដំណោះស្រាយនៃការបញ្ចៀសការស្ទះប្រព័ន្ធលូនៅក្នុងប៉ោយប៉ែត្រនេះ ដែររដ្ឋបាលក្រុងប៉ោយប៉តបានជំរុញឲ្យក្រុមជំនាញយកគ្រឿងចក្រកាយប្រឡាយដាក់ប្រព័ន្ធលូជាច្រើនកន្លែងកន្លងមកដែរដើម្បីឲ្យហូរចាក់ចូលទៅក្នុងអូរជាប់និងប្រទេសថៃ ព្រមជាមួយនឹងការស្តារប្រព័ន្ធលូ ដែលត្រូវធ្វេីមកដល់ពេលនេះខាងក្រុមហ៊ុនធ្វើរួចរាល់អស់ហើយ។
ក្រោយពីផ្ទះប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវរងគ្រោះដោយទឹកភ្លៀង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះប្រតិបត្តិការបន្ទាន់ ដើម្បីជួយប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលកំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង កងកម្លាំងបានជួយដឹកជញ្ជូនទ្រព្យសម្បត្តិ សត្វពាហនៈគ្រប់ប្រភេទ ជម្លៀសពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាព ពិសេសចាស់ជរា ជនពិការ អ្នកជំងឺស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ដើម្បីបញ្ចៀសការជួបគ្រោះថ្នាក់ផ្សេងៗជាយថាហេតុផងដែរ៕


អត្ថបទ៖ វ៉ាន់ ណាង
The post ធ្លាក់ភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត appeared first on Kampuchea Thmey Daily.