ទំនិញឆ្លងកាត់ផែ​ស្វយ័ត​ភ្នំពេញកើនឡើងជាង​២០%​ក្នុងរយៈពេល៥ខែ​ឆ្នាំនេះ

កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) បានរាយកណ៍អំពីកំណើនទំនិញឆ្លងកាត់ផែ​​ក្នុងរយៈពេល៥ខែ​​ឆ្នាំនេះមានកើនឡើងជាង២០% The post ទំនិញឆ្លងកាត់ផែ​ស្វយ័ត​ភ្នំពេញកើនឡើងជាង​២០%​ក្នុងរយៈពេល៥ខែ​ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ទំនិញឆ្លងកាត់ផែ​ស្វយ័ត​ភ្នំពេញកើនឡើងជាង​២០%​ក្នុងរយៈពេល៥ខែ​ឆ្នាំនេះ

​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) បានរាយកណ៍អំពីកំណើនទំនិញឆ្លងកាត់ផែ​​ក្នុងរយៈពេល៥ខែ​​ឆ្នាំនេះមានកើនឡើងជាង២០% ឆ្លុះបញ្ចាំងអំពីស្ថានភាពកាន់តែប្រសើរឡើងនៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកលប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្តី។

របាយការណ៍​មិន​បាន​ធ្វើ​សវនកម្ម ដែល PPAP ផ្ញើ​ទៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាល​ពី​ម្សិលមិញ បរិមាណទំនិញ ប្រេងឥន្ធនៈឆ្លងកាត់ផេមានជាង២លានតោនក្នុងរយៈពេល៥ខែកន្លងមកនេះ កើនឡើងជាង២១% ធៀបទៅនឹងជាង ១,៧ លានតោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ បរិមាណកុងតឺនរ័ឆ្លងកាត់មានចំនួន ២០៦ ០៥៥ ធីអ៊ីយូ កើនឡើងជិត២៨%; បរិមាណនាវាសរុបមានចំនួន ១ ៤៧៨គ្រឿងកើន ១,៤៤%; បរិមាននាវាដឹកអ្នកដំណើរចូលមានចំនួន ១៨៤គ្រឿង កើនជិត៤% និងចំនួនអ្នកដំណើរឆ្លងកាត់សរុបចំនួន ១៩ ៦៩៥នាក់ កើនជិត១០%។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) បាន​ប្រាប់​កម្ពុជាថ្មីកន្លងមកនេះថា​​ ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ  ការ​ដឹក​ជញ្ជូន​លើ​គ្រប់​មធ្យោបាយមានសភាព​ដូច​មុន​បន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការ​រក្សា​បាន​នូវ​ភាព​វិជ្ជមាន​ទោះ​ក្នុង​កម្រិត​ទាប ក៏​ជា​រឿង​ល្អ​ផង​ដែរ​នៅ​ក្នុង​ដំណាក់កាល​នេះ។

លោក​ថ្លែង​ថា៖​«យើងសង្កេតឃើញថាក្រោយពីបញ្ហាកូវិដ១៩ មក យើងនៅតែបន្តជួបប្រទះបញ្ហាប្រឈមមួយចំនូនពីខាងក្រៅពាក់ព័ន្ធនឹងរឿងសង្រ្គាមរុស៊្សីនិងអ៊ុយក្រែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពល្អប្រសើរបន្តិចជាហេតុអំណោយផលខ្លះៗដល់​​វិស័យ​ដឹក​ជញ្ជូន​ទំនិញ។ ជាមួយគ្នានេះដែរ យើងក៏ឃើញថាការនាំចេញនិងនាំចូលរបស់យើងក៏មានកំណើនផងដែរ»។

កាលពីឆ្នាំ២០២៤កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានសរុប​ជាង៤១​លានដុល្លារ កើនឡើងជាង ២០%ធៀបនឹងឆ្នាំ២០២៣ដែលមានចំណូលសរុបជាង ៣៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចំណូលមិនទាន់ធ្វើសវនកម្ម​របស់ខ្លួន។

គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេច​បាន​នូវ​​ទំហំទឹកប្រាក់ជាង ២៥,២៩ ពាន់លានដុល្លារ ​កើនឡើង ១៨,៥% ធៀបរយៈពេលដូចគ្នា​នឹង​ឆ្នាំ ២០២៤។ ​ សម្រាប់ ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ១១,៨០ ​ពាន់លានដុល្លារ កើនឡើង ១៧,២% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ១៣,៤៨ ពាន់លានដុល្លារ ​កើនឡើង ១៩,៧%។។ នេះ​បើយោង​តាម​​ទិន្ន​​ន័យ​របស់អគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយ​នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥៕

The post ទំនិញឆ្លងកាត់ផែ​ស្វយ័ត​ភ្នំពេញកើនឡើងជាង​២០%​ក្នុងរយៈពេល៥ខែ​ឆ្នាំនេះ appeared first on Kampuchea Thmey Daily.