តុលាការជូនដំណឹងឱ្យលោក រ៉ុង ឈុន សងសំណងទៅកាន់គណៈកម្មាធិការចម្រុះព្រំដែន

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញជូនដំណឹងលោក រ៉ុង ឈុន និងមនុស្ស២នាក់ផ្សេងទៀតរួមគ្នាសងសំណងការខូចខាតចំនួន ៤០០លានរៀល ឬស្មើនឹង ១០ម៉ឺនដុល្លារអាមេរិក​ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ The post តុលាការជូនដំណឹងឱ្យលោក រ៉ុង ឈុន សងសំណងទៅកាន់គណៈកម្មាធិការចម្រុះព្រំដែន appeared first on Kampuchea Thmey Daily.

តុលាការជូនដំណឹងឱ្យលោក រ៉ុង ឈុន សងសំណងទៅកាន់គណៈកម្មាធិការចម្រុះព្រំដែន

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក យី សុខវួច បានផ្ញើលិខិតជូនដំណឹងមួយច្បាប់ពីការអនុវត្តន៍សាលក្រមដែលចេញដោយតុលាការកំពូល សាលាឧទ្ទរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឱ្យលោក រ៉ុង ឈុន និងមនុស្ស២នាក់ផ្សេងទៀតរួមគ្នាសងសំណងការខូចខាតចំនួន ៤០០លានរៀល ឬស្មើនឹងប្រមាណ ១០ម៉ឺនដុល្លារអាមេរិក​ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។

រ៉ុង ឈុន

លិខិតជូនដំណឹងដែលបោះត្រា និងចុះហត្ថលេខានៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន អ្នកស្រី ស កណិការ និងលោក តុន និមល ត្រូវយកប្រាក់មកបង់ឱ្យម្ចាស់បំណុលនៃការអនុវត្តនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ។

ក្នុងលិខិតដដែលនោះតុលាការបានព្រមានថានឹងមានវិធានការផ្លូវច្បាប់បន្ថែមទៀតប្រសិនកូនបំណុលមិនអនុវត្តតាមការជូនដំណឹងនេះ។

ការបង្គាប់ឱ្យសងសំណងការខូចខាតនេះគឺពាក់ព័ន្ធនឹងសំណុំរឿងល្មើស ញុះញង់បង្កឲ្យមានភាពវឹកវរ អំឡុងពេលលោក រ៉ុង ឈុន ចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ កាលពីខែកក្កដា ឆ្នាំ២០២០ និងបានចេញសេចក្តីថ្លែងការណ៍ថាការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានចាត់ទុកថាសេចក្ដីថ្លែងការជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្ត សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល ព្រមទាំងប្ដឹងលោកទៅតុលាការផងដែរ។

ករណីនេះតុលាការតាំងពីសាលាដំបូង រហូតដល់តុលាការកំពូលបានសម្រេចចោទប្រកាន់ និងរក្សាទុកនូវការផ្តន្ទាទោសលោកដាក់ពន្ធនាគារ២ឆ្នាំ និងមនុស្ស២នាក់ទៀតដាក់ពន្ធនាគារ២០ខែ តែត្រូវអនុវត្តន៍ចំនួន១ឆ្នាំ ៣ខែ ១១ថ្ងៃ ព្រមទាំងពិន័យឱ្យបង់ប្រាក់សំណងការខូតខាតទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាចំនួន៤០០លានរៀល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post តុលាការជូនដំណឹងឱ្យលោក រ៉ុង ឈុន សងសំណងទៅកាន់គណៈកម្មាធិការចម្រុះព្រំដែន appeared first on Kampuchea Thmey Daily.