សង្ស័យខឹងនាំកូនទៅផ្ទះមិនបាន ស្ត្រីម្នាក់ចាក់សោបង្ខាំងម្ដាយនិងកូនបង្កើត
ស្រ្តីម្នាក់មិនដឹងថា មានរឿងអ្វីបានចាក់សោបង្ខាំងកូនប្រុស និង ម្តាយបង្កេីតនៅក្នុងផ្ទះ រួមទាំងគំរាមមិនឱ្យប្តឹងសមត្ថកិច្ច តែត្រូវម្តាយខលតាមទូរស័ព្ទពឹងអ្នករត់កង់បី The post សង្ស័យខឹងនាំកូនទៅផ្ទះមិនបាន ស្ត្រីម្នាក់ចាក់សោបង្ខាំងម្ដាយនិងកូនបង្កើត appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ ស្រ្តីម្នាក់សង្ស័យខឹងនឹងម្ដាយ ដែលនាំកូនប្រុសទៅផ្ទះវិញមិនបាន ក៏ចាក់សោបង្ខាំងនៅក្នុងផ្ទះ រួមទាំងគំរាមមិនឱ្យប្តឹងសមត្ថកិច្ច តែត្រូវម្តាយខលតាមទូរសព្ទពឹងអ្នករត់កង់បី ឱ្យប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីជាម្តាយ ដែលត្រូវកូនបង្ខាំងនោះមាន ឈ្មោះលី កេន អាយុជាង៦០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ចំណែកកូនស្រីដែលចាក់សោរ បង្ខាំងគាត់និងចៅប្រុសនៅក្នុងផ្ទះនោះឈ្មោះប៉ុល ដានី អាយុជាង៤០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិនោះដែរ រីឯចៅប្រុសមិនត្រូវបានស្គាល់ឈ្មោះទេ។

ស្រ្តីចំណាស់រូបនោះបាននិយាយថា ចៅប្រុសខាងលើត្រូវជាកូនបង្កើតរបស់ស្រ្តីឈ្មោះប៉ុល ដានី (ជនសង្ស័យ) ដែលជាកូនស្រីរបស់គាត់ ប៉ុន្តែមិនបានទៅរស់នៅផ្ទះជួលជាមួយម្ដាយនោះទេ គឺបានស្នាក់នៅជាមួយគាត់ដែលជាជីដូន។ ចំណែកកូនស្រីម្នាក់នោះ(ជនសង្ស័យ) ស្នាក់នៅផ្ទះជួលផ្សេង បែកពីកូននិងគាត់ជាម្តាយ ប៉ុន្តែរាល់ថ្ងៃត្រង់នាងតែងតែមកហូបបាយជាមួយគាត់រាល់ថ្ងៃ ហើយគាត់មិនបានដឹងថា នាងមានបញ្ហាផ្លូវចិត្តឬអ្វីនោះដែរ តែកន្លងមកតែងតែទៅរករឿងអុកឡុកគាត់ស្ទើររាល់ថ្ងៃ។

ស្រ្តីចំណាស់ដដែលបាននិយាយបន្តទៀតថា នៅមុនពេលកើតហេតុកូនស្រីគាត់រូបនេះបានទៅយកកូនប្រុសរបស់ខ្លួន(ចៅប្រុសគាត់)ទៅធ្វើការ ពេលនោះគាត់បានប្រាប់ចៅថា ទៅក៏ទៅចុះ ប៉ុន្តែចៅប្រុសមិនព្រមទៅតាមម្ដាយរបស់គេទេ។

ខណៈនោះស្រាប់តែកូនស្រីរូបនោះខឹង ក៏បានយកសោចាក់ទ្វាររបង និងយកដែកកាងព្យួរខោអាវចងទ្វារផ្ទះបង្ខាំងរូបគាត់និងចៅប្រុស រួចគំរាមថា បើគាត់ហ៊ានតែប្ដឹងប៉ូលិសនាងនិងសម្លាប់គាត់ចោលភ្លាម។ ដោយសារតែខ្លាចកូនស្រីដុតផ្ទះបណ្ដាលឱ្យគាត់និងចៅប្រុសស្លាប់ ទើបគាត់ខលពឹងអ្នករត់ម៉ូតូកង់បីម្នាក់ ដែលជាអ្នកស្គាល់គ្នា ឱ្យជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ជួយអន្តរាគមន៍រំដោះរូបគាត់និងចៅប្រុសតែម្ដង ។

នគរបាលបាននិយាយថា ពេលទទួលបានដំណឹងនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចេញទៅកាន់ទីនោះភ្លាម ហើយពេលទៅដល់បានឃើញទ្វាររបងជាប់សោ និងទ្វារផ្ទះចងដោយដែកកាងព្យួរខោអាវ។ បន្ទាប់ពីស្រាយចូលទៅ បានឃើញស្រ្តីចំណាស់ខាងលើ រួមនឹងចៅប្រុសស្ថិតនៅក្នុងផ្ទះនោះមែន រីឯកូនស្រីគាត់ដែលជាជនសង្ស័យ ក្រោយពេលដឹងថា គាត់ខលពឹងអ្នករត់ម៉ូតូកង់បីឱ្យជួយប្ដឹងនគរបាល ក៏បានរត់គេចខ្លួនបាត់ស្រមោល៕
ដោយ ៖ សុខា



The post សង្ស័យខឹងនាំកូនទៅផ្ទះមិនបាន ស្ត្រីម្នាក់ចាក់សោបង្ខាំងម្ដាយនិងកូនបង្កើត appeared first on Kampuchea Thmey Daily.