ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់
ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យខេត្តភូកេតប្រទេសថៃ ប្រកាសអាសន្នទឹកជំនន់ខណៈប្រជាពលរដ្ឋត្រូវបានគេណែនាំឲ្យរក្សាការប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើត... The post ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់ appeared first on Kampuchea Thmey Daily.

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១២ខែឧសភានេះ ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យខេត្តភូកេតប្រទេសថៃ ប្រកាសអាសន្នទឹកជំនន់ ខណៈប្រជាពលរដ្ឋត្រូវបានគេណែនាំឲ្យរក្សាការប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតមានដោយសារភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។

ស្រុកជាច្រើននៅក្នុងខេត្តភូកេតបានជន់លិច ដោយស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺស្រុក Thalang រួមទាំងអាកាសយានដ្ឋានភូកេត។ ភ្លៀងក៏បានធ្លាក់នៅស្រុក Muang និងស្រុក Kathu ផងដែរ បណ្ដាលឲ្យផ្លូវមួយចំនួនជន់លិច។
មន្ត្រីស្រុក បន្ទាប់ពីពិនិត្យទិន្នន័យពីនាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ថា មានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ពិសេសនៅប៉ែកខាងត្បូង និងខាងកើតនៃស្រុកThalang។ តំបន់ជាច្រើននៅស្រុកនេះមានកម្ពស់ទឹកឡើងខ្ពស់ខ្លាំងដោយកន្លែងខ្លះឡើងដល់១០៤.៥ មីលីម៉ែត្រ។
ដោយសារភ្លៀងនៅតែបន្តធ្លាក់ មន្ត្រីជំនាញបានសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីតាមដានកម្រិតទឹកភ្លៀងនៅតំបន់នោះយ៉ាងយកចិត្តទុកដាក់។ អាជ្ញាធរមូលដ្ឋាន មេភូមិ ជំនួយការមេភូមិ មន្ត្រីសុខាភិបាលស្រុក អ្នកស្ម័គ្រចិត្ត និងក្រុមសន្តិសុខសហគមន៍ ក៍ត្រូវបានជំរុញឱ្យមានការព្រមានភ្លាមៗ ដល់ប្រជាពលរដ្ឋ រក្សាការប្រុងប្រយត្ន័ចំពោះទឹកជំនន់ដែលអាចកើតមានឡើង និងត្រៀមសម្រាប់ស្ថានភាពអាសន្ន៕


អត្ថបទ៖ ប៊ុន សុភាព
The post ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់ appeared first on Kampuchea Thmey Daily.