ឥណ្ឌូណេស៊ី៖ Toyota ចង់ឱ្យខ្លួនក្លាយជា មជ្ឈមណ្ឌលផលិតកម្មប្រចាំលោកខាងត្បូង
បច្ចុប្បន្ន ក្រុមហ៊ុន Toyota ប្រចាំឥណ្ឌូណេស៊ី មានរោងចក្រផលិតរថយន្តចំនួន ៥ រួចហើយ ដោយរោងចក្រនីមួយៗថែមទាំងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំរាប់សែនគ្រឿង។ The post ឥណ្ឌូណេស៊ី៖ Toyota ចង់ឱ្យខ្លួនក្លាយជា មជ្ឈមណ្ឌលផលិតកម្មប្រចាំលោកខាងត្បូង appeared first on Kampuchea Thmey Daily.

ប្អូនប្រុសបង្កើតរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ីយានតូ លោក Hashim Djojohadikusumo ថ្មីៗនេះបានបង្ហើបថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សជប៉ុន Toyota ចង់ឱ្យឥណ្ឌូណេស៊ីក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារនៅប្រទេសលោកខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃព្រហស្បតិ៍។

ថ្លែងក្នុងវេទិកាមួយដែលពេញដោយពាណិជ្ជករឥណ្ឌូណេស៊ី លោក Hashim បានអះអាងថា លោកបាននិយាយជាមួយតំណាងក្រុមហ៊ុន Toyota ហើយផ្អែកលើការនិយាយគ្នា លោក Hashim ថ្លែងយ៉ាងដូច្នេះថា៖ «Toyota និយាយថា ពួកគេចង់ធ្វើឱ្យឥណ្ឌូណេស៊ីក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ពិភពលោកខាងត្បូង។ Toyota Indonesia នាំចេញទៅកាន់ ៨០ ប្រទេស។ តើអាចស្រមៃបានទេ? ពួកគេនាំចេញសូម្បីតែទៅម៉ិកស៊ិក»។
លោកបន្តថា៖ «ពួកគេចង់ពង្រីកទីផ្សារទៅម៉ិកស៊ិកបន្ថែមទៀត។ ដូច្នេះតើពួកគេត្រូវការអ្វីខ្លះ? ពួកគេត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ិកស៊ិក។ នោះហើយជាអ្វីដែលខ្ញុំស៊កខ្លួនចូល។ ខ្ញុំអាចជួយក្រុមហ៊ុនដែលត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងទៀត»។

គួរគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន Toyota ប្រចាំឥណ្ឌូណេស៊ី មានរោងចក្រផលិតរថយន្តចំនួន ៥ រួចហើយ ដោយរោងចក្រនីមួយៗថែមទាំងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំរាប់សែនគ្រឿង សម្រាប់ទាំងទីផ្សារក្នុង និងក្រៅស្រុក។ ប្រទេសលោកខាងត្បូង សំដៅលើប្រទេសកំពុងអភិវឌ្ឍ ដែលរាប់បញ្ចូលទាំងបណ្ដាប្រទេសនៅអាហ្វ្រិក អាមេរិកឡាទីន កោះៗនៅសមុទ្រការ៉ាអ៊ីប អាស៊ី និងអូសេអានី។
ទិន្នន័យរបស់សមាគមរថយន្ត Gaikindo បង្ហាញថា ក្រុមហ៊ុន Toyota Indonesia បាននាំចេញរថយន្តដែលផលិតក្នុងស្រុកចំនួន ២៧៦ ០៨៩ គ្រឿង ពេញមួយឆ្នាំមុន។ ការរាយការណ៍នាពេលកន្លងមក បានបង្ហាញថា ម៉ិកស៊ិកបាននាំចូលនូវរថយន្ត Toyota Avanza និង Veloz ផលិតនៅឥណ្ឌូណេស៊ី។
លោក Hashim មិនបាននិយាយជាលម្អិតអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែល Toyota កំពុងសម្លឹងមើលជាមួយម៉ិកស៊ិកនោះទេ។ យ៉ាងណាមិញ បច្ចុប្បន្ន ឥណ្ឌូណេស៊ីកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពនាំចេញទៅកាន់ម៉ិកស៊ិក ជាពិសេសតាមរយៈកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនចំពោះភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាដើម៕
The post ឥណ្ឌូណេស៊ី៖ Toyota ចង់ឱ្យខ្លួនក្លាយជា មជ្ឈមណ្ឌលផលិតកម្មប្រចាំលោកខាងត្បូង appeared first on Kampuchea Thmey Daily.