អ្នកជំនាញ៖ ការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥ គឺស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា

អ្នកជំនាញសេដ្ឋកិច្ច មានសុទិដ្ឋិនិយមចំពោះការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ ២០២៥ ដោយបង្ហាញថា សេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជានៅតែមានសមត្ថ The post អ្នកជំនាញ៖ ការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥ គឺស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ ការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥ គឺស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា

គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី​២៥ ខែតុលា ឆ្នាំ ២០២៤ បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលមានទឹកប្រាក់សរុបប្រមាណ ៩ ៣០០ លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុនប្រមាណ ២,២%។ ច្បាប់ថវិកាជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក។

អ្នកជំនាញសេដ្ឋកិច្ច មានសុទិដ្ឋិនិយមចំពោះការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ ២០២៥ ដោយបង្ហាញថា សេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជានៅតែមានសមត្ថភាពក្នុងការគាំទ្រដល់ស្ថាប័នរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទោះបីជាកាលៈទេសៈពិភពលោកផ្លាស់ប្តូរក៏ដោយ។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈ គឺស្របតាមកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លោក​បញ្ជាក់​ថា ការ​ចំណាយនេះ​ត្រូវ​បាន​បង្កើនឡើង​មិន​មែន​ក្នុង​គោល​បំណង​បម្រើឱ្យការចាយវាយរបស់ស្ថាប័នរដ្ឋតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជា​ឧបករណ៍​ក្នុង​គោល​នយោបាយ​សារពើពន្ធ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ទូទាំង​ប្រទេស។

លោកមានប្រសាសន៍ថា៖« ដូច្នេះការបង្កើនការចំណាយសាធារណៈនេះ ទោះជាស្ថានភាពសេដ្ឋកិច្ចបែបណាក៏ដោយ ប៉ុន្តែយើងមើលអំពីការជំរុញនៃចំណាយ វាជាឧបករណ៍មួយក្នុងគោលនយោបាយសារពើពន្ធ ក្នុងការជំរុញសេដ្ឋកិច្ចឱ្យមានកំណើន ដូច្នេះហើយបានជាផ្នែកនៃការចំណាយរបស់រដ្ឋវាមិនមែនមានន័យថា រដ្ឋធ្វើដើម្បីចាយខ្លួនឯងទេ»។

បើតាមលោក គី សេរីវឌ្ឍន៍ ការចំណាយរបស់រដ្ឋគឺធ្លាក់ទៅជាចំណូលអ្នកផ្គត់ផ្គង់ទំនិញឱ្យរដ្ឋ ដូច្នេះមហាជនក៏ទទួលបានចំណែកមួយពីការចំណាយរបស់រដ្ឋ ហើយមហាជនបានចំណូលមកចាយបន្តទៀត ដែលធ្វើឱ្យលុយទាំងនោះចាក់ចូល បង្វិល ឬចរន្តសេដ្ឋកិច្ចឱ្យមានដំណើរការប្រសើរឡើងៗ។ ជាពិសេស បច្ចុប្បន្ននេះ ស្ថានភាពនៃការជាប់គាំងនៃវិស័យលក់រាយមានកំណើនយឺត ដែលអាចជួយជំរុញឱ្យរង្វិលជុំនៃការចាយរបស់ប្រជាពលរដ្ឋអាចមានភាពប្រសើរឡើងជាងមុន។

ទន្ទឹមនឹងនោះ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច បានកត់សម្គាល់ថា ការកើនឡើងនៃការចំណាយរបស់រដ្ឋ គឺជាសញ្ញាបង្ហាញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលត្រូវការធនធានថវិកាកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ថវិកាដែលគ្រោងចំណាយសរុបប្រមាណ ៩ ៣០០ លានដុល្លារ ប្រហែលជាមិនអាចដោះស្រាយបានទាំងស្រុងនូវតម្រូវការជាក់ស្តែងនោះទេ ប៉ុន្តែផ្អែកលើសមត្ថភាពរបស់រដ្ឋកម្ពុជាដែលមាន។

លោកបន្តថា៖«បរិមាណប៉ុណ្ណឹង សម្រាប់កម្ពុជាគឺមិនទាន់ឆ្លើយតបនៅឡើយទេ ប៉ុន្តែខ្ញុំគិតថារដ្ឋាភិបាល គឺបានពិនិត្យមើលលទ្ធភាពរកចំណូលរបស់ខ្លួនប្រាកដប្រជា ថាតើមានចំណូលប៉ុន្មានដើម្បីយមកធ្វើការចំណាយសម្រាប់រយៈពេលពេញមួយឆ្នាំ ទាំងការចាយវាយទៅលើប្រាក់បៀរវត្សទៅលើមន្រ្តីរាជការ ប្រាក់សេវាសង្គមផ្សេងៗ រួមជាមួយការវិនិយោគសាធារណៈ»។

បើតាមលោក ហុង វណ្ណៈ នៅពេលរៀបចំថវិកានេះ រដ្ឋាភិបាលបានគិតគូរពីតុល្យភាពរវាងចំណូល និងចំណាយ រួមទាំងការពិចារណាលើថវិកាដែលនៅសល់ បង់ការប្រាក់ និងសងថ្លៃដើមមួយចំនួននៅកាន់ម្ចាស់បំណុលផងដែរ។

យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦.៣%។ អត្រាកំណើនេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យកសិកម្ម ៕

The post អ្នកជំនាញ៖ ការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥ គឺស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា appeared first on Kampuchea Thmey Daily.