សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់នៅឆ្នាំ២០២៥ ខណៈហ្សេលេនស្គីប្តេជ្ញាបញ្ចប់វា
សង្គ្រាមរុស្ស៊ី-អ៊ុយក្រេន នៅលើទឹកដីអ៊ុយក្រែនអស់រយៈពេលជិត១០០០ថ្ងៃរហូតដល់ពេលនេះ អាចបញ្ចប់នៅឆ្នាំ២០២៥ ដែលនឹងមកដល់ជាង៤០ថ្ងៃទៀតប៉ុណ្ណោះ... The post សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់នៅឆ្នាំ២០២៥ ខណៈហ្សេលេនស្គីប្តេជ្ញាបញ្ចប់វា appeared first on Kampuchea Thmey Daily.
សង្គ្រាមរុស្ស៊ី-អ៊ុយក្រេន នៅលើទឹកដីអ៊ុយក្រែនអស់រយៈពេលជិត១០០០ថ្ងៃរហូតដល់ពេលនេះ អាចបញ្ចប់នៅឆ្នាំ២០២៥ ដែលនឹងមកដល់ជាង៤០ថ្ងៃទៀតប៉ុណ្ណោះ ដោយសារតែមេដឹកនាំអ៊ុយក្រែនបង្ហាញបំណងចរចាតាមមធ្យោបាយការទូតវិញ។
ជំហរប្រយុទ្ធតស៊ូក្នុងសង្គ្រាមប្រឆាំងរុស្ស៊ីរបស់អ៊ុយក្រែនបានប្រែប្រួលធ្លាក់ចុះថយយ៉ាងខ្លាំងបន្ទាប់ពីការជាប់ឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិករបស់ លោកដូណាល់ ត្រាំ ដែលសន្យាបញ្ចប់សង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីឱ្យបានឆាប់បំផុត។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី បាននិយាយថា រដ្ឋាភិបាលរបស់លោក និងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន ដើម្បីបញ្ចប់សង្គ្រាមក្នុងឆ្នាំ២០២៥តាមរយៈមធ្យោបាយការទូត។
ក្នុងរដ្ឋបាលប្រធានាធិបតី ចូ បៃដិន លោក ហ្សេលេនស្គី បានប្តេជ្ញាប្រយុទ្ធយ៉ាងខ្លាំងក្នុងការរំដោះទឹកដីដែលរុស្ស៊ីកាន់កាប់ត្រឡប់មកវិញ មុនការចរចាបញ្ចប់សង្គ្រាម ប៉ុន្តែនៅពេលដែលការវិលមកកាន់អំណាចរបស់លោក ដូណាល់ ត្រាំ ដែលតែងតែបង្ហាញជំហរជំទាស់ចំពោះសង្គ្រាមនេះ លោក ហ្សេលេនស្គីក៏បានប្តូរគោលជំហរដូចគ្នា។
ទោះបីគោលជំហរមិនច្បាស់លាស់របស់មេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក មេដឹកនាំសហភាពអឺរ៉ុប (EU) បានបង្ហាញការគាំទ្រអ៊ុយក្រែនឲ្យបន្តប្រយុទ្ធនិងផ្តល់ការគាំទ្រទាំងសព្វាវុធ និងហិរញ្ញវត្ថុ ប៉ុន្តែជំនួយពីប្រទេសអឺរ៉ុបទំនងមិនគ្រប់គ្រាន់សម្រាប់ការទាមទារចង់បានរបស់អ៊ុយក្រែន។
ការបង្ហាញជំហរបញ្ចប់សង្គ្រាមរបស់លោក ហ្សេលេនស្គី ក៏ទទួលបានការគាំទ្រពីបណ្តាប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មទាំង៧ ដោយលើកឡើងថា សម្ព័ន្ធមិត្ត G7 នឹងបន្តគាំទ្រអ៊ុយក្រែនជាដរាប។
ប្រធានាធិបតី រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានព្រលយអំពីការចរចាសន្តិភាពណាមួយដែលនឹងកើតឡើងដរាបណា របបដឹកនាំរបស់លោក ហ្សេលេនស្គីទទួលស្គាល់ការចាញ់សង្គ្រាម ហើយប្រគល់ទឹកដីដែលរុស្ស៊ីកាន់កាប់បច្ចុប្បន្នទៅឲ្យរុស្ស៊ី។
អនុប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក JD Vance ក៏បានបង្ហាញពីលទ្ធភាពបញ្ចប់សង្គ្រាមអ៊ុយក្រែន ដោយប្រើសេណារីយ៉ូដូចគ្នានេះ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា សេណារីយ៉ូបែបនោះលោកមិនទទួលបានពីការជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ក្នុងពេលកន្លងមកឡើយ៕
ដោយ រ៉ាន់ រើយ
The post សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់នៅឆ្នាំ២០២៥ ខណៈហ្សេលេនស្គីប្តេជ្ញាបញ្ចប់វា appeared first on Kampuchea Thmey Daily.