រុស្ស៊ី​បើក​​ចំហរ​បេះ​ដូង​​ត្រៀម​ចរចា​ជាមួយ​អាមេរិក​ ​ក្រោយត្រាំ​ជាប់​ឆ្នោត​​​​​

រដ្ឋមន្ត្រី​ការ​ប្រទេស​​​រុស្ស៊ី​បាន​​អះអាង​ពី​ការ​ត្រៀម​ខ្លួន​ចរចា​ជាមួយសហរដ្ឋ​អាមេរិក​​ដោយ​បើក​ចំហរ​​ក្នុងករណី​មាន​ការ​ផ្តួច​ផ្តើម​ការ​ចរចា​​ពី​ភាគី​អាមេរិក... The post រុស្ស៊ី​បើក​​ចំហរ​បេះ​ដូង​​ត្រៀម​ចរចា​ជាមួយ​អាមេរិក​ ​ក្រោយត្រាំ​ជាប់​ឆ្នោត​​​​​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី​បើក​​ចំហរ​បេះ​ដូង​​ត្រៀម​ចរចា​ជាមួយ​អាមេរិក​ ​ក្រោយត្រាំ​ជាប់​ឆ្នោត​​​​​

ក្រោយ​ខក​ខាន​មិន​បាន​​ចេញ​សា​រ​អបអរសាទ​រ​ការ​ទទួល​ជ័យ​ជម្នះ​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិករបស់​លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍​ រដ្ឋមន្ត្រី​ការ​ប្រទេស​​​រុស្ស៊ី​បាន​​អះអាង​ពី​ការ​ត្រៀម​ខ្លួន​ចរចា​ជាមួយសហរដ្ឋ​អាមេរិក​​ដោយ​បើក​ចំហរ​​ក្នុងករណី​មាន​ការ​ផ្តួច​ផ្តើម​ការ​ចរចា​​ពី​ភាគី​អាមេរិក​​​។

​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS ​បាន​ផ្សាយ​នៅ​មុន​នេះ​ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីលោកបានបំពេញទស្សនកិច្ចការងារនៅកាហ្សាក់ស្ថានថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាបើកចំហជាមួយសហរដ្ឋអាមេរិក ប្រសិនបើគំនិតផ្តួចផ្តើមបែបនេះមកពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក ដូណាល់ ត្រាំ។

​ចាប់​តាំងពី​​​សង្គ្រាម​​ផ្ទុះ​ឡើង​នៅ​អ៊ុយក្រែន មាន​ការ​លើក​ឡើង​មួយចំនួន​ដែលថា រុស្ស៊ី​ចង់​ចរចា​​ជាមួយសហរដ្ឋ​អាមេរិក​ជាជាង​​ការ​ចរចា​ជាមួយ​អ៊ុយក្រែន​​ ដែល​ស្ថិត​ក្រោ​ម​ការ​បង្គាប់​បញ្ជា​របស់​​សហរដ្ឋអាមេរិក​ជុំវិញ​បញ្ហាសង្គ្រាម​ដែល​បាន​កើត​ឡើង។

នៅពេលដែល​អ្នក​សារព័ត៌មាន​សួរថាតើមានគម្រោងដើម្បីរក្សាទំនាក់ទំនងជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក លោក ឡាវរ៉ូវ បាននិយាយថា៖«យើងមិនដែល​ច្រាន​ចោល​ការទាក់ទងជាមួយ​ប្រទេស​ណាមួយ​ឡើយ​។ [រុស្ស៊ី] ប្រធានាធិបតី [វ្ល៉ាឌីមៀ] ពូទីន សង្កត់ធ្ងន់លើជំហររបស់​យើងរាល់ពេលដែលប្រធានបទត្រូវបានលើកឡើង។ ការសន្ទនាគ្នា​តែងតែប្រសើរជាងការនៅដាច់ដោយឡែកពីគ្នា»។

លោក បាន​បន្ថែ​មថា៖«យើងនឹងមើលថាតើមានសំណើរណាមួយ​ ហើយខ្ញុំសូមបញ្ជាក់ម្តងទៀតថា វាមិនមែនជាពួកយើងទេដែលផ្តាច់ទំនាក់ទំនង ហើយវាមិនអាស្រ័យលើពួកយើងក្នុងការស្នើឱ្យមានការធ្វើ​ឡើងវិញនោះទេ»​។

​រដ្ឋមន្ត្រី​ការ​បរទេសរុស្ស៊ី​បាន​សង្កត់​ធ្ងន់​ថា៖«​ប្រសិនបើមានគំនិតផ្តួចផ្តើមដើម្បីអង្គុយនិយាយ​គ្នា​ ហើយធ្វើការសន្ទនាដោយស្មោះត្រង់អំពីកន្លែងដែល​យើង​កំពុងស្ថិតនៅ​​និង​របៀប​ដែល​យើង​គួរ​បោះ​ជំហាន​ទៅ​មុខ ដោយ​គ្មាន​ការ​ទាមទារ​ឯកតោភាគី​ណា​មួយ​ទេ យើង​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​រឿង​នោះ»។

លោក Lavrov បានពណ៌នាបញ្ហាដែលកំពុងប្រឈមមុខនឹងទំនាក់ទំនងរុស្ស៊ី-អាមេរិកថា ​«ជ្រាល​ជ្រៅណាស់»​ ដែលផ្តើមចេញពីការយល់ឃើញរបស់ឥស្សរជនអាមេរិកដែលថា គូប្រជែងណាមួយនៅក្នុងឆាកអន្តរជាតិគួរតែត្រូវបានបង្ក្រាប លុះត្រាតែមាននរណាម្នាក់ចោទសួរអំពីការគ្រប់គ្រងពិភពលោករបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតី​ជាប់​ឆ្នោ​ត​របស់​សហរដ្ឋ​អាមេរិក លោក ដូណាល់​ ត្រាំ បាន​​​​​​សន្យា​​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ថា លោក​នឹង​​រក​វិធី​បញ្ឈប់​សង្គ្រាម​​​​រុស្ស៊ី​-អ៊ុយក្រែន​ត្រឹមតែ​រយៈពេល​២៤​ម៉ោង​ ក្រោយ​ទទួលបាន​ជ័យ​ជម្នះ​​​។​​ ប៉ុន្តែ​​​វាមិន​ច្បាស់​ថា រយៈពេ​ល​នោះ តើ​ក្រោយ​លោក​ឡើ​ង​កាន់​អំណាច​ឬ​ក៏​ក្រោយ​ពេល​លោក​​​ឡើង​កាន់​អំណាច​ផ្លូវ​ការ​​ដែល​នឹ​ងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ខែ​មករា​ឆ្នាំ​២០២៥ ឬ​ក៏​នោះ​គ្រាន់​តែ​ជា​សារ​នយោបាយ​ដើម្បី​​​លួង​ចិត្ត​អ្នកបោះឆ្នោត​ឱ្យលោកតែប៉ុណ្ណោះ៕

ដោយ រ៉ាន់ រើយ​

The post រុស្ស៊ី​បើក​​ចំហរ​បេះ​ដូង​​ត្រៀម​ចរចា​ជាមួយ​អាមេរិក​ ​ក្រោយត្រាំ​ជាប់​ឆ្នោត​​​​​ appeared first on Kampuchea Thmey Daily.