អាល្លឺម៉ង់ ប្រកាសលែងបង្ហើបដំណឹងអំពីជំនួយយោធាដែលផ្ដល់ឲ្យអ៊ុយក្រែនទៀតហើយ
អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានប្រកាសថា អាល្លឺម៉ង់នឹងមិនបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតអំពីជំនួយយោធារបស់ខ្លួនដល់អ៊ុយក្រែនទៀតទេ... The post អាល្លឺម៉ង់ ប្រកាសលែងបង្ហើបដំណឹងអំពីជំនួយយោធាដែលផ្ដល់ឲ្យអ៊ុយក្រែនទៀតហើយ appeared first on Kampuchea Thmey Daily.

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវកាលពីថ្ងៃទី១០ខែឧសភា អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានប្រកាសថា អាល្លឺម៉ង់នឹងមិនបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតអំពីជំនួយយោធារបស់ខ្លួនដល់អ៊ុយក្រែនទៀតទេ។

ការផ្លាស់ប្តូរគោលនយោបាយរបស់អាល្លឺម៉ង់នេះ មានគោលបំណងបង្កើត«ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ» និងរារាំងប្រទេសរុស្ស៊ីពីការទទួលបានអត្ថប្រយោជន៍ណាមួយដោយដឹងជាក់លាក់អំពីប្រព័ន្ធអាវុធ ឬកម្លាំងដែលត្រូវបានផ្គត់ផ្គង់។ កាលពីមុន អាល្លឺម៉ង់បានលាតត្រដាង និងធ្វើបច្ចុប្បន្នភាពជាសាធារណៈជាទៀងទាត់ជាមួយនឹងបញ្ជីប្រព័ន្ធ និងសម្ភារៈយោធាដល់អ៊ុយក្រែន បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីលើទីក្រុងកៀវក្នុងខែកុម្ភៈឆ្នាំ២០២២។
អធិការបតីអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា ខណៈពេលដែលតម្លាភាពក្នុងការចែកចាយសព្វាវុធនឹងត្រូវបញ្ចប់ អាល្លឺម៉ង់នៅតែប្រកាន់ខ្ជាប់នូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន។ លោក Merz បានសន្យាពង្រីកជំនួយហិរញ្ញវត្ថុ និងបានអំពាវនាវដល់មេដឹកនាំអឺរ៉ុបផ្សេងទៀតឲ្យបន្តការគាំទ្រដល់អ៊ុយក្រែនផងដែរ។
ជាការកត់សម្គាល់ ការប្រកាសនេះ ធ្វើឡើងចំពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែខ្លាំង ដើម្បីដាក់សម្ពាធលើរុស្ស៊ីឲ្យព្រមព្រៀងបទឈប់បាញ់គ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃក្នុងប្រទេសអ៊ុយក្រែន។ មេដឹកនាំអឺរ៉ុប រួមទាំងប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ រួមជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញឱសានវាទយ៉ាងម៉ឺងម៉ាត់ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ឲ្យយល់ព្រមចំពោះបទឈប់បាញ់នៅត្រឹមថ្ងៃទី១២ឧសភា ឬប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរ និងការបង្កើនការគាំទ្រយោធារបស់លោកខាងលិចសម្រាប់អ៊ុយក្រែន៕
ដោយ៖ ឈាង
The post អាល្លឺម៉ង់ ប្រកាសលែងបង្ហើបដំណឹងអំពីជំនួយយោធាដែលផ្ដល់ឲ្យអ៊ុយក្រែនទៀតហើយ appeared first on Kampuchea Thmey Daily.