លោក ស៊ុន ចាន់ថុល លើកឡើងកត្តាអំណោយផលវិនិយោគចំនួនពីរ ទៅកាន់សមាជិកសភាអាម៉េរិក
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកត្តាអំណោយផល និងភាពទាក់ទាញរបស់ប្រទេសកម្ពុជា សម្រាប់ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនធំៗពីសហរដ្ឋអាម៉េរិក The post លោក ស៊ុន ចាន់ថុល លើកឡើងកត្តាអំណោយផលវិនិយោគចំនួនពីរ ទៅកាន់សមាជិកសភាអាម៉េរិក appeared first on Kampuchea Thmey Daily.

នៅក្នុងជំនួបជាមួយសមាជិកសភាសហរដ្ឋអាម៉េរិក, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីកត្តាអំណោយផលចំនួនពីរ សម្រាប់ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនធំៗពីសហរដ្ឋអាម៉េរិក រួមមាន កម្លាំងពលកម្មវ័យក្មេង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ុន ចាន់ថុល លើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Adrian Smith សមាជិកសភាសហរដ្ឋអាម៉េរិក និងជាប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្ម នៃគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ របស់សភាសហរដ្ឋអាម៉េរិក នៅទីក្រុង វ៉ាស៊ីនតោនឌីស៊ី កាលពី ទី១៦ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកត្តាអំណោយផល និងភាពទាក់ទាញរបស់ប្រទេសកម្ពុជា សម្រាប់ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនធំៗពីសហរដ្ឋអាម៉េរិក រួមមានកម្លាំងពលកម្មវ័យក្មេង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន។
ជាសក្ខីកម្មជាក់ស្ដែង ភាគីកម្ពុជាក៏បានលើកបង្ហាញអំពីក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។

ជាការឆ្លើយតប សមាជិករដ្ឋសភាអាម៉េរិក លោក Adrian Smith បានបង្ហាញពីការគាំទ្រក្នុងការបង្កើនការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលជាអាទិភាពរួមគ្នា ព្រមទាំងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ។
ជំនួបខាងលើក៏មានចូលរួម អមដោយ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និង លោក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង
អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ។
គួរជម្រាបថា លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំប្រតិភូកម្ពុជាចេញដំណើរទៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ដើម្បីចរចារឿងពន្ធគយជាមួយអាម៉េរិក៕
The post លោក ស៊ុន ចាន់ថុល លើកឡើងកត្តាអំណោយផលវិនិយោគចំនួនពីរ ទៅកាន់សមាជិកសភាអាម៉េរិក appeared first on Kampuchea Thmey Daily.