អាជ្ញាធរ ព្រមានបិទទីតាំងអាហារដ្ឋានណា បង្ហូរទឹកកខ្វក់ចូលព្រែកទឹកឈូ
ការបង្ហូរទឹកកខ្វក់នេះ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅតំបន់នោះ និងហែលទឹក The post អាជ្ញាធរ ព្រមានបិទទីតាំងអាហារដ្ឋានណា បង្ហូរទឹកកខ្វក់ចូលព្រែកទឹកឈូ appeared first on Kampuchea Thmey Daily.

អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពត បានព្រមានដល់ម្ចាស់ភោជនីយដ្ឋាន ដែលបញ្ចេញទឹកស្អុយចូលព្រែកទឹកឈូ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដោយសង្កត់ធ្ងន់ថា ការបង្ហូរទឹកកខ្វក់នេះ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅតំបន់នោះ និងចុះហែលទឹកលេង។

ការព្រមាននេះ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យទីតាំងខាងលើ ក្រោយមានវីដេអូមួយបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ពីសកម្មភាពម្ចាស់ហាង បានបង្ហូរទឹកកខ្វក់ចូលព្រែកទឹកឈូ កាលពី ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ (នៅទីតាំងរមណីយដ្ឋានទឹកឈូ ) ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយទទួលបានព័ត៌មាននេះ ក្រុមការងាររដ្ឋបាលស្រុក ឃុំ សហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ ចុះពិនិត្យទីតាំងជាក់ស្ដែង ឃើញថាកាកសំណល់រាវ ពិតជាបានហៀរចេញពីអាហារដ្ឋាន ម៉ាក់ឈូឈូ ហើយម្ចាស់ក៏បានលបលួចបង្ហូរទឹកកាកសំណល់រាវទាំងនោះ ចូលទៅក្នុងព្រែកទឹកឈូពិតប្រាកដមែន ។ សេចក្តីប្រកាសព័ត៌មានរដ្ឋបាលស្រុកឈូ ចុះថ្ងៃទី ០១ ខែកុម្ភៈ បានបញ្ជាក់ថា៖«ក្រុមការងារ បានធ្វើកំណត់ហេតុ និងដាក់កិច្ចសន្យាយ៉ាងម៉ឹងម៉ាត់ ជាមួយម្ចាស់អាហារដ្ឋានខាងលើ និងណែនាំទៅម្ចាស់ អាហារដ្ឋាននោះត្រូវបញ្ឈប់ជាបន្ទាន់ចំពោះករណីបង្ហូរទឹកកខ្វក់ខាងលើនេះ ប្រសិនបើមានករណីនេះបន្តទៀតម្ចាស់ទីតាំងនិងទទួលខុសត្រូវចំពោះមុខច្បាប់»។

ក្រុមការងារក៏បានចុះពិនិត្យទីតាំងអាហារដ្ឋាននៅក្បែរៗនោះទាំងអស់ ពុំឃើញមានការបង្ហូរទឹកកខ្វក់ចូលព្រែកនោះទេ ព្រមទាំងបានណែនាំដល់ម្ចាស់ទីតាំងត្រូវរៀប អាងចម្រោះ ឬធុងសិបទិក តាមលក្ខណៈបច្ចេកទេសឱ្យបានឆាប់រហ័ស កុំឱ្យហៀរដូចករណីខាងលើ៕
The post អាជ្ញាធរ ព្រមានបិទទីតាំងអាហារដ្ឋានណា បង្ហូរទឹកកខ្វក់ចូលព្រែកទឹកឈូ appeared first on Kampuchea Thmey Daily.