សម្ដេចតេជោមិនដែលចាត់ទុកលោក សេង សារី ជាចារកម្មទេ
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងបណ្ដាញសង្គមរបស់សម្ដេចថាសម្ដេចបានជួយលោក សេង សារី ជាងច្រើនឆ្នាំហើយបានទំនាក់ទំនងគ្នាជាច្រើន។ សម្ដេចបានចាត់ទុកទំនាក់ទំនងនេះជាប្រភេទនៃការពិគ្រោះយោបល់ មិនមែនជាចារកម្មនោះទេ។ The post សម្ដេចតេជោមិនដែលចាត់ទុកលោក សេង សារី ជាចារកម្មទេ appeared first on Kampuchea Thmey Daily.

ប្រធានព្រឹទ្ធសភា និងជាប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងបណ្ដាញសង្គមរបស់សម្ដេចថាសម្ដេចបានជួយលោក សេង សារី ជាងច្រើនឆ្នាំហើយបានទំនាក់ទំនងគ្នាជាច្រើន។ សម្ដេចបានចាត់ទុកទំនាក់ទំនងនេះជាប្រភេទនៃការពិគ្រោះយោបល់ មិនមែនជាចារកម្មនោះទេ។

ការលើកឡើងរបស់សម្ដេចតេជោគឺបន្ទាប់ពីមានសារបែកធ្លាយពីការរាយការណ៍ពីការវិវត្តន៍របស់ក្រុមប្រឆាំងពីលោក សេង សារី ដែលបច្ចុប្បន្នកំពុងនៅប្រទេសអូស្ត្រាលីជូនសម្ដេចតេជោ ហើយលោកបានធ្វើសម្ភាសន៍បកស្រាយជាមួយសារព័ត៌មានក្រៅស្រុកអាស៊ីសេរី។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេចនៅយប់ថ្ងៃទី៦ ខែមករា ថាសារបែកធ្លាយនោះគឺស្រួចស្រាលណាស់បើធៀបនឹងសារឆ្លងឆ្លើយរបស់សម្ដេចជាមួយលោក សេង សារី កាលពីកន្លងទៅនិងកំពុងរក្សាទុក។
សម្ដេចបានបន្ថែមថា៖ «បើទោះសេង សារីនិយាយខុសការពិតក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរព្រោះទោះយ៉ាងណាក៏សេង សារីហៅខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ»។

សម្ដេចតេជោបានបញ្ជាក់ថាសម្ដេចបានជួយលោក សារី បង់ប្រាក់រំលោះផ្ទះ ព្រមទាំងផ្ដល់ថវិកាប្រមាណ១២ម៉ឺនដុល្លារសម្រាប់កិច្ចការស្រាវជ្រាវ និងគាំទ្រឱ្យលោកបង្កើតគណបក្សនយោបាយនៅកម្ពុជាផងដែរ។
សម្ដេចថា៖ «សេង សារីពុកមិនដែលចាត់ទុកកូនជា ចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុក គោរពដល់ការសម្រេចចិត្តរបស់កូនដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។ កូននៅចាំទេ កូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថាធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក?ពុកប្រាប់ថារកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ»។
ក្នុងសារបង្ហោះនៅយប់ថ្ងៃទី៦ ខែកុម្ភៈដែរនោះលោក សេង សារី ថាបើទោះបីសម្ដេចចាត់ទុកលោកជាអ្នកប្រឹក្សាយោបល់ក៏ដោយតែលោកមានអារម្មណ៍ថានៅតែជាចារកម្មរបស់សម្ដេច។ លោកបន្ថែមថាក្រោយបែកធ្លាយសារសំឡេងនេះថាលោកហាក់ដូចជាមានសេរីភាព និងសុំមិនធ្វើជាអ្នកប្រឹក្សាជូនសម្ដេចទៀតទេ។

លោកសរសេរថា៖ «ចាប់នេះតទៅខ្ញុំសូមប្រកាសមិនធ្វើជាអ្នកបឹក្សាយោល់ជូនពុកទៀតទេ។ តែខ្ញុំនៅសុំហៅពុកថាពុក ព្រោះពុកជាមនុស្សទីមួយហើយដែលខ្ញុំហៅថាពុក បន្ទាប់ពីឪពុកបង្កើតរបស់ខ្ញុំ»។
បណ្ឌិត សេង សារី ធ្លាប់ជាអ្នកវិភាគនៅកម្ពុជា និងបានទៅរស់នៅប្រទេសអូស្ត្រាលីក្នុងអំឡុងឆ្នាំ២០១៩។ ក្រោយទៅប្រទេសអូស្ត្រាលីលោកហាក់បានភ្ជាប់ខ្លួនកាន់តែស្និតជាមួយមេដឹកនាំក្រុមប្រឆាំងលោក សម រង្ស៊ី និងតែងតែវាយប្រហារក្រុមដែលនៅខាងលោក កឹម សុខា ជានិច្ច។ នៅដើមខែកុម្ភៈ សារសំឡេងរបស់លោកនិងសម្ដេចតេជោត្រូវបានបែកធ្លាយលើបណ្ដាញសង្គមដែលបង្ហាញពីសមាសភាពពិតរបស់លោកធ្វើឱ្យមានការភ្ញាក់ផ្ញើលជាខ្លាំងក្នុងចំណោមអ្នកនយោបាយ និងអ្នកតាមដានសង្គមនៅកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post សម្ដេចតេជោមិនដែលចាត់ទុកលោក សេង សារី ជាចារកម្មទេ appeared first on Kampuchea Thmey Daily.