អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល
អ្នកជាប់កាតព្វកិច្ចចំនួន៧រូប មិនទាន់បានមកដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈការទទួល បានបិទបញ្ចប់ The post អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល appeared first on Kampuchea Thmey Daily.

អ្នកជាប់កាតព្វកិច្ចចំនួន៧រូប មិនទាន់បានមកដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ខណៈការទទួលឯកសារ បានបិទបញ្ចប់តាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ឱ្យដឹងដោយអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ។

បើតាមអ្នកនាំពាក្យ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទចុងក្រោយនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៥ គឺក្រុមការងារ ទទួលបានឯកសារសរុបចំនួន ២២ ៧៦៩រូប ស្មើនឹង ៩៩.៩៦% នៃចំនួនបុគ្គលត្រូវប្រកាសសរុប ២២ ៧៧៦រូប ខណៈសល់០៧រូបទៀត មិនទាន់ដាក់ឯកសារប្រកាស ដែលអង្គភាពទាក់ទងមិនទាន់បាន ហើយសង្ស័យកំពុងនៅក្រៅប្រទេស។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ថា«ក្រុមការងារកំពុងព្យាយាមទំនាក់ទំនងពួកគាត់ អាចពួកគាត់កំពុងស្ថិតនៅក្រៅប្រទេស»។ តែយ៉ាងណា លោក សយ ច័ន្ទវិចិត្រ សុំមិនបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកទាំង០៧រូបពេលនេះបានឡើយ ដោយទុកពេលពិនិត្យឱ្យច្បាស់ជាមុនសិន។
ការប្រកាសទ្រព្យសម្បត្តិ និងបំណុល បានធ្វើរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចមកដាក់ឯកសារប្រកាសនៅអង្គភាពប្រឆាំងអំពើពុករលួយបាន។ តែគិតមកដល់ពេលនេះ បានផុតរយៈពេល ៥ថ្ងៃទៅហើយ។
ត្រង់ចំណុចនេះ អ្នកនាំពាក្យ ក៏បានលើកឡើងពីបទពិសោធន៍កន្លងមក ដែលមានករណីអង្គភាពមិនទាន់បានទទួល គឺដោយសារអ្នកនៅបរទេសខ្លះគាត់បានដាក់ផ្ញើតាមប្រៃសណីយ៍ ប៉ុន្តែឯកសារមិនទាន់មកដល់អង្គភាព។ ដូច្នេះ បើមានឯកសារ ក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងពិនិត្យមើលថ្ងៃខែ ដែលគាត់ផ្ញើមក។

ដោយឡែក បុគ្គលដែលមានកាតព្វកិច្ចប្រកាស ហើយអង្គភាពជូនដំណឹងដល់គាត់ឱ្យមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ប៉ុន្តែបែរជាមិនព្រមមកប្រកាសនោះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការតាមច្បាប់ជាធរមាន។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរូបនេះ។
យោងតាមមាត្រា ៣៨ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បុគ្គលណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១សែនរៀល ដល់២លានរៀល និងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ បើក្នុងករណីមិនព្រមប្រកាសទៀត នឹងត្រូវទទួលទោសទ្វេដង។

មាត្រា១៧ នៃច្បាប់ដដែល បុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
រីឯ មន្រ្តីរាជការស៊ីវិល មន្ត្រីយោធា នគរបាលជាតិ មន្ត្រីរាជការសាធារណៈដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ និងមន្រ្តីផ្សេងទៀតដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមបញ្ជីរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ ក៏ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈថ្នាក់ដឹកនាំសង្គមស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម អយ្យការ សាការី ក្រឡាបញ្ជី និងអាជ្ញាសាលា ជាដើម ក៏ជាប់កាតព្វកិច្ចនេះដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
The post អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល appeared first on Kampuchea Thmey Daily.