សម្ដេចតេជោ ហ៊ុន សែន ឱ្យត្រៀមទិញទំនិញ និងរកទីផ្សារកសិផលដែលកម្ពុជាធ្លាប់លក់ឱ្យថៃ
បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមជ្រុលនិយមថៃ និងយោធាមួយចំនួននៅតែបង្កហេតុមួយកម្ពុជាឥតឈប់ឈរ... The post សម្ដេចតេជោ ហ៊ុន សែន ឱ្យត្រៀមទិញទំនិញ និងរកទីផ្សារកសិផលដែលកម្ពុជាធ្លាប់លក់ឱ្យថៃ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានបក្សកាន់អំណាចនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ បានបញ្ជាឱ្យរដ្ឋាភិបាលត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាពលរដ្ឋដែលធ្លាប់លក់ឲ្យថៃ និងខិតខំរកទីផ្សារក្នុងស្រុក និងក្រៅស្រុក។

បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមជ្រុលនិយមថៃ និងយោធាមួយចំនួននៅតែបង្កហេតុជាមួយកម្ពុជាឥតឈប់ឈរ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានបក្សកាន់អំណាច បានប្រកាសថា ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជានឹងឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា៖ «ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការផ្ដាច់អិនធឺណិតថៃពីកម្ពុជា ធ្វើឱ្យថៃបាត់ចំណូលប្រមាណជាង ១០០ លានដុល្លារក្នុងមួយឆ្នាំ ហើយប្រសិនបើក្រុមជ្រុលនិយោមថៃ នៅតែបន្តប្រមាថកម្ពុជា និងឈានទៅដល់ការឈប់ប្រើទំនិញថៃទាំងស្រុងជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេងវិញដែលធ្វើឲ្យអ្នកផលិតរបស់ថៃបាត់បង់ទីផ្សារដែលមួយឆ្នាំប្រមាណជាង៤ពាន់លានដុល្លារ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីកម្ពុជាថ្មីថា៖ «បច្ចុប្បន្នយើងទិញពីថៃ ច្រើនជាងថៃទិញពីយើង ប្រសិនបើមានករណីបិទព្រំដែន យើងអាចមានទីផ្សារដែលយើងអាចនាំចេញ-ចូល ពីវៀតណាមផលិតផលប្រហាក់ប្រហែលមកជំនួសវិញ ទីផ្សារសេរី មានន័យថា ផលិតផលមួយផ្គត់ផ្គង់អត់គ្រាប់គ្រាន់ យើងអាចទិញពីអ្នកផ្គត់ផ្គង់ផ្សេង ដូចជាវៀតណាម និងចិន វាមិនជាបញ្ហាដោយសារយើងជាអ្នកទិញ»។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា៖ «ធម្មតាទេ អ្នកនាំចូលនាំ-នាំចេញច្រើន គឺខាតច្រើន តែខាត ទាំងអស់គ្នា ពិតមែនតែ អ្នកខ្លះថា កម្ពុជាខាតតិច តែកុំភ្លេចថាជាង ១ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ មិនមែនតិចទេ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ គឺធំណាស់ យើងនាំចេញទៅកាណាដា និងប្រទេសអឺរ៉ុបមួយចំនួន អត់បាន ៥០០ លានផង ដូច្នេះ ប្រទេសជិតខាងហ្នឹងឯងដែលទទួលទិញលំហូរផលិតផលកម្ពុជាដែលជាវត្ថុធាតុដើម ដែលយើងមិនអាចនាំចេញក្រៅពីប្រទេសជិតខាង ដូច្នេះ ភាពចាំបាច់រវាងពាណិជ្ជកម្មសេដ្ឋកិច្ច ប្រទេសជិតខាង មិនថាតែថៃទេ វៀតណាម ក៏ដោយតែបិទ គឺមានបញ្ហា»។

កម្ពុជានាំចេញផលិតផលកសិម្មទៅប្រទេសថៃដូចជា ដំឡូងមី ពោត ម្រេច សណ្ដែក និងស្វាយ ខណៈថៃនាំមកវិញនូវសម្ភារៈសំណង់ គ្រឿងអេឡិកត្រូនិក គ្រឿងយន្តកសិកម្ម ភេសជ្ជៈ បន្លែ ផ្លែឈើ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ១,៨៨ ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទៅថៃ ៣៩៦ លានដុល្លារ កើន ១,១% ចំណែកឯថៃនាំទំនិញចូលមកវិញ មានទំហំទឹកប្រាក់ ១,៤៨ ពាន់លានដុល្លារ កើនឡើង ១០,៤%។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ ឡេង ដេត
The post សម្ដេចតេជោ ហ៊ុន សែន ឱ្យត្រៀមទិញទំនិញ និងរកទីផ្សារកសិផលដែលកម្ពុជាធ្លាប់លក់ឱ្យថៃ appeared first on Kampuchea Thmey Daily.