ប្រើ​ពេល​ជាង​៤​ឆ្នាំ ពេជ្រ សម្បត្តិ ឈ្នះ​ខ្សែ​ក្រវាត់​៩​ខ្សែ ត្រៀម​ប៉ះ​ សុខ ធី ក្នុង​ជំនួប​ធំ​

ពេជ្រ សម្បត្តិ បាន​កំពុង​ក្លាយ​ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ចំណោម​កីឡាករ​គុន​ខ្មែរ​ទម្ងន់​៦០គក The post ប្រើ​ពេល​ជាង​៤​ឆ្នាំ ពេជ្រ សម្បត្តិ ឈ្នះ​ខ្សែ​ក្រវាត់​៩​ខ្សែ ត្រៀម​ប៉ះ​ សុខ ធី ក្នុង​ជំនួប​ធំ​ appeared first on Kampuchea Thmey Daily.

ប្រើ​ពេល​ជាង​៤​ឆ្នាំ ពេជ្រ សម្បត្តិ ឈ្នះ​ខ្សែ​ក្រវាត់​៩​ខ្សែ ត្រៀម​ប៉ះ​ សុខ ធី ក្នុង​ជំនួប​ធំ​

អ្នក​លេង​គុន​ខ្មែរ​ក្របី​ព្រៃ ពេជ្រ សម្បត្តិ បាន​កំពុង​ក្លាយ​ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ចំណោម​កីឡាករ​គុន​ខ្មែរ​ទម្ងន់​៦០​គីឡូក្រាម​នា​ពេល​បច្ចុប្បន្ន។

ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​​ទើប​បាន​ប្រមាណ​៥​ឆ្នាំ​ប៉ុណ្ណោះ ពេជ្រ សម្បត្តិ សាង​កេរ្តិ៍​ឈ្មោះ និង​សមិទ្ធផល​ជា​ច្រើន​ក្នុង​អាជីព​របស់​ខ្លួន។ បើ​និយាយ​ពី​កេរ្តិ៍​ឈ្មោះ​គឺ​រូប​គេ​មិន​ត្រឹម​តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ទូទាំង​ប្រទេស​​នោះ​ទេ ប៉ុន្តែ​មាន​ល្បី​ល្បាញ​ទៅ​កាន់​ក្រៅ​ប្រទេស​ថែម​ទៀត។ ភាព​ល្បី​ល្បាញ​របស់​កីឡាករ​រូប​នេះ​តាម​រយៈ​ការ​ប្រកួត​មិន​ចេះ​ញញើត​ដៃ​គូ សម្រុក​ដើរ​ចូល​វ៉ៃ​យ៉ាង​អង់អាច និង​ភាព​ធន់​រឹង​មាំ​ទាំង​កម្លាំង​កាយ​ថែម​ទៀត។

ចំពោះ​សមិទ្ធផល​វិញ ពេជ្រ សម្បត្តិ ​​ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក។ រូប​គេ​ក្រសោប​បាន​ស្នាដៃ​ជា​ច្រើន​ក្នុង​នោះ ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន​៩​ខ្សែ ពាន​រង្វាន់ រថយន្ត មេដាយ​មាស​ថ្នាក់​ជាតិ និង​ប្រាក់​រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ទាំង​នេះ​ហើយ​បាន​លើក​ស្ទួយ​ជីវភាព​គ្រួសារ​កាន់​តែ​ល្អ​ប្រសើរ​ទាំង​ការ​កសាង​ផ្ទះ និង​សម្ភារ​ប្រើ​ប្រាស់។

ពេជ្រ សម្បត្តិ ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជើង​ខ្លាំង​ពូកែ​បច្ចេកទេស សុខ ធី​ នា​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៥​។ ជំនួប​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ប្រកួត​ដ៏​ធំ​រវាង​កីឡាករ​ខ្មែរ និង​កីឡាករ​ខ្មែរ​ដែល​​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​មើល។

សុខ ធី បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ហើយ​រូប​គេ​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ជាង ពេជ្រ សម្បត្តិ។ ផ្តើម​ចេញ​ពី​ភាព​ល្បី​ល្បាញ​នៅ​ប្រទេស​ថៃ សុខ ធី បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ​កាល​ពី​ឆ្នាំ​២០១៨ ដែល​ជា​ពេល​វវេលា​រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ជា​លើក​ដំបូង។ បន្ទាប់​មក រូប​គេ​បាន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ មុន​ពេល​ត្រឡប់​មក​កម្ពុជា​ក្រោយ​វិបត្តិ​កូវីដ-១៩​បាន​ស្ងប់​ស្ងាត់។

ការ​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ​ជា​លើក​ទី២ សុខ ធី ទទួល​បាន​ឱកាស​ប្រកួត​ជា​ញឹក​ញាប់ និង​ឈ្នះ​ខ្សែ​ក្រវាត់-ពាន​រង្វាន់​ចំនួន​៣​បន្ថែម​ទៀត។ កីឡាករ​រូប​នេះ​ល្បី​ខាង​មាន​បច្ចេកទេស​ល្អ គោល​ជំហរ​ល្អ និង​មាន​អាវុធ​គ្រប់​គ្រឿង។

សមិទ្ធផល​សំខាន់​ៗ របស់ ពេជ្រ សម្បត្តិ

  • ខ្សែ​ក្រវាត់ ខារ៉ាប៉ាវ
  • ខ្សែក្រវាត់ គ្រុឌ​គុន​ខ្មែរទី១
  • ខ្សែ​ក្រវាត់ គ្រុឌ​គុន​ខ្មែរ​ទី​២
  • ខ្សែ​ក្រវាត់ ដ្រាហ្គិនគុន​ខ្មែរ
  • ខ្សែ​ក្រវាត់ KKF
  • ខ្សែក្រវាត់ WCK
  • ខ្សែ​ក្រវាត់ Ganzberg
  • ខ្សែ​ក្រវាត់ Xtreme គុន​ខ្មែរ
  • ខ្សែក្រវាត់ USEACA ពី​សហរដ្ឋ​អាមេរិក

សមិទ្ធផល​សំខាន់​ៗ របស់ សុខ ធី

  • ខ្សែក្រវាត់​គូបូតា​គុន​ខ្មែរ​អន្តរជាតិ ឆ្នាំ​២០១៨
  • ពាន​គុន​ខ្មែរ​ម៉ារ៉ាតុង​អន្តរជាតិ ឆ្នាំ២០២៣
  • ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ ឆ្នាំ​២០២៣
  • ខ្សែក្រវាត់ Cambodia ឆ្នាំ​២០២៥

អត្ថបទ៖ វីររបុត្រ

The post ប្រើ​ពេល​ជាង​៤​ឆ្នាំ ពេជ្រ សម្បត្តិ ឈ្នះ​ខ្សែ​ក្រវាត់​៩​ខ្សែ ត្រៀម​ប៉ះ​ សុខ ធី ក្នុង​ជំនួប​ធំ​ appeared first on Kampuchea Thmey Daily.