រដ្ឋមន្ត្រីកត់សម្គាល់ពីការរួមគ្នារបស់សារព័ត៌មានកម្ពុជាតបទៅថៃក្នុងពេលមានជម្លោះព្រំដែន
រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា បានលើកឡើងថាការរួមគ្នាជាសំឡេងតែមួយរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនកម្ពុជាបង្ហាញពីការរួមគ្នាចំពោះកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជាជាមួយប្រទេសជិតខាង។ The post រដ្ឋមន្ត្រីកត់សម្គាល់ពីការរួមគ្នារបស់សារព័ត៌មានកម្ពុជាតបទៅថៃក្នុងពេលមានជម្លោះព្រំដែន appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា បានលើកឡើងថាការរួមគ្នាជាសំឡេងតែមួយរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនកម្ពុជាបង្ហាញពីការរួមគ្នាចំពោះកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជាទៅកាន់ប្រទេសជិតខាង។

លោករដ្ឋមន្ត្រីបានលើកឡើងក្នុងពេលដែលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីព័ត៌មានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយបានកត់សម្គាល់ថា ក្នុងករណីជម្លោះព្រំដែនកម្ពុជា និងថៃ អង្គភាពសារព័ត៌មានទាំងរដ្ឋ និងឯកជននៅកម្ពុជាបានរួមគ្នាជាសំឡេងតែមួយដោយបានស្រង់ប្រភពចេញពីរាជរដ្ឋាភិបាល ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ក្រសួងការបរទេស និងក្រសួងការពារជាតិ ដែលលោកថាប្រភពទាំងនេះគឺបានបង្ហាញជំហររបស់រដ្ឋាភិបាលចំពោះកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា ជាមួយប្រទេសជិតខាង។
ក្នុងនោះផងដែរលោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តក្រុមការងារព័ត៌មាន និងសាធារណមតិរបស់រដ្ឋាភិបាលត្រូវឆ្លើយតបឱ្យទាន់ពេលវេលារាល់ព័ត៌មានក្លែងក្លាយទាំងអស់ផងដែរ។

បញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ ចាប់កើតឡើងក្ដៅឡើងបន្ទាប់ពីថៃឆ្មក់ចូលមករំលោភលើដែនដីកម្ពុជាបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់ព្រំដែនមុំបី ក្នុងស្រុកកែវសីម៉ា ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ បន្ទាប់ពីសកម្មភាពនេះសារព័ត៌មានថៃព្រោងព្រាតបានចុះផ្សាយថាទាហានខ្មែរជាអ្នកបាញ់ទៅលើថៃមុន ហើយក៏បន្តប្រើប្រាស់ការផ្សព្វផ្សាយជាច្រើនបន្តបន្ទាប់វាយប្រហារមកលើកម្ពុជាផងដែរ។
អ្នកជំនាញភូមិសាស្ត្រនយោបាយលោកបណ្ឌិត យង់ ពៅ បានលើកឡើងថាថៃបានប្រើសមរភូមិ៣មកលើកម្ពុជាគឺ សមរភូមិយោធា សមរភូមិចិត្តសាស្ត្រ (បំភ្លៃព័ត៌មាន) និងសមរភូមិការទូត។ លោកបន្ថែមថា ការស្រង់យកព័ត៌មានពីសារព័ត៌មានថៃក្នុងពេលនេះគឺបានចូលរួមវាយបំបាក់ស្មារតីខ្មែរឱ្យចាញ់ក្នុងសមរភូមិចិត្តសាស្ត្ររបស់ពួកគេ។
លោកថា៖ «ថៃព្យាយាមផ្សាយនូវព័ត៌មានណាដែលធ្វើឱ្យយើងបាត់ជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល និងកងកម្លាំងយោធាកម្ពុជា។ ក្នុងនាមយើងជាប្រជាជាតិកម្ពុជា ដែលស្រលាញ់ជាតិមាតុភូមិមិនគួរយល់ស្រប និងដកស្រង់ចេញពីសារព័ត៌មានថៃដែលវាយប្រហារបំបាក់ស្មារតីខ្មែរនោះទេ»។

លោកជំរុញឱ្យអ្នកនយោបាយ អ្នកតាមដានសង្គម និងប្រព័ន្ធផ្សព្វផ្សាយបន្តសាមគ្គីដោយជឿជាក់ និងប្រើប្រាស់ប្រភពពីព័ត៌មានពីរដ្ឋាភិបាលកម្ពុជាដើម្បីផ្សព្វផ្សាយតទល់នឹងសមរភូមិចិត្តសាស្ត្ររបស់ភាគីម្ខាងទៀត។
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិបានចេញសេចក្ដីប្រកាសមួយលើបណ្ដាញសង្គមរបស់ខ្លួនដោយបានលើកឡើងថាមានសាប័នសារព័ត៌មានថៃ និងបណ្ដាញសង្គមក្នុងស្រុកមួយចំនួនធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ ក្រសួងការពារជាតិបានអំពាវនាវដល់សាធារណជនទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post រដ្ឋមន្ត្រីកត់សម្គាល់ពីការរួមគ្នារបស់សារព័ត៌មានកម្ពុជាតបទៅថៃក្នុងពេលមានជម្លោះព្រំដែន appeared first on Kampuchea Thmey Daily.