លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”
ក្រោយកើតមានរឿងរ៉ាវនៃសង្គ្រាមផ្លែផ្កាឌឺដងដាក់គ្នា រវាងសិល្បករ រហូតដល់អ្នកគាំទ្រ ខណៈមានទាំងក្រុមអ្នករកលុយតាមអុីនធើណិត The post លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ” appeared first on Kampuchea Thmey Daily.

ក្រោយកើតមានរឿងរ៉ាវនៃសង្គ្រាមផ្លែផ្កាឌឺដងដាក់គ្នា រវាងសិល្បករ រហូតដល់អ្នកគាំទ្រ ខណៈមានទាំងក្រុមអ្នករកលុយតាមអុីនធើណិត បានឆ្លៀតឱកាសកេងប្រយោជន៍ពីបញ្ហាកំពុងផ្ទុះការចាប់អារម្មណ៍នេះថែមទៀត រហូតទាញទាំងគ្រួសារបុគ្គលទៅពាក់ព័ន្ធថែមទៀតនោះ លោកបណ្ឌិត ហុឺ វីរៈ បានចូលរួមជាយោបល់ឱ្យសាធារណជនមានការពិចារណាថា វប្បធម៌ជេរគ្នាជាគំរូមិនល្អក្នុងសង្គមឡើយ។
លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ពីគុណតម្លៃនៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងគុណវិបត្តិ បើសិនជាបុគ្គលនោះប្រើប្រាស់មិនត្រូវ។ លោកថា បើយើងប្រើក្នុងផ្លូវត្រូវនឹងផ្តល់ផលវិជ្ជមាន បើប្រើក្នុងផ្លូវខុសនឹងផ្តល់ផលអវិជ្ជមាន បង្កឱ្យមានអសន្តិសុខ អស្ថិរភាព និងអសីលធម៌ក្នុងសង្គមកើនឡើង។
តួយ៉ាង បុគ្គលខ្លះយកបណ្តាញសង្គមជាវេទិកាសម្រាប់ផ្សព្វផ្សាយ (Promote) តាំងនាមខ្លួនឯងជាបុគ្គល(ល្បី)នេះ បុគ្គលនោះ រហូតមានបារមីសណ្ឋិតក្នុងខ្លួន ចាំជាតិ សម្តែងចេញមកដូចអ្នកវិបល្លាសស្មារតី។ ឯបុគ្គលខ្លះទៀត ជ្រើសរើសយកបណ្តាញសង្គមជាវេទិកាកាត់ក្តីដូចតុលាការ ឈ្លោះបរិហារកេរ្តិ៍ ជេរប្រមាថគ្នា ទាំងរឿងគ្រួសារ រឿងផ្ទាល់ខ្លួន និងរឿងដទៃផ្សេងៗទៀត។ លោកថា ការជេរប្រទេចផ្តាសា ហែកហួរគ្នា ក៏ក្លាយជាវប្បធម៌ដ៏អាក្រក់លើបណ្តាញសង្គម ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរក្នុងសង្គមជាតិ។

បើងាកមកវិស័យសិល្បៈចម្រៀងវិញក៏ដូចគ្នា បណ្តាញសង្គមផ្តល់ផលវិជ្ជមានយ៉ាងច្រើន ហើយជាការកត់សម្កាល់ វិស័យចម្រៀងរ៉េប ហាក់លេចធ្លោជាងគេនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយត្រូវបានគេទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស ខណៈតារាចម្រៀងលេចធ្លោជាងគឺ លោក វណ្ណដា និងលោក ជី ដេវីត ដែលមានសមត្ថភាពខ្ពស់អាចផលិតចម្រៀងប្រកបដោយអត្ថន័យ អត្ថរស និងបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរផងដែរ។
តែទោះជាបែបនេះ Rapper ទាំងពីរ ក៏មានការឈ្លោះបោះពាក្យសម្តី Diss ឌឺដងដាក់គ្នា ដែលបង្កឱ្យអ្នកគាំទ្រទាំងសងខាងជេរប្រទេចផ្តាសាដាក់គ្នា។ បើទោះនោះ ជាសិល្បៈចម្រៀងប្រភេទរ៉េបរបស់បញ្ចិមប្រទេសក៏ដោយ តែលោកបណ្ឌិតចង់បញ្ជាក់ថា “បរទេសមិនមែនខ្មែរ ខ្មែរក៏មិនមែនបរទេស” បរិបទសង្គមផ្សេងគ្នា។
ទន្ទឹមនេះ លោកបណ្ឌិត បានលើកយកពាក្យស្លោកខ្មែរបុរាណដែលពោលថា “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក” ដោយចង់ឱ្យសាធារណជនមានការពិចារណាឱ្យបានច្រើន ពោលអ្វីល្អយកមកច្នៃឱ្យកាន់តែល្អ ហើយអ្វីអាក្រក់ត្រូវបោះចោល ទើបអាចរីកចម្រើន។ ជាក់ស្តែង ដូចជាចម្រៀងលោក វណ្ណដា (Time to rise) និងចម្រៀងលោក ជីដេវីត (បទមហានគរ) ជាប្រភេទចម្រៀងរ៉េបដែលគ្មានប្រើពាក្យអសុរោះ និងមានអ្នកគាំទ្រច្រើនជាដើម។
បើតាមការសង្កេតរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជម្លោះនេះធ្លាប់កើតឡើងម្តងហើយ តែទើបតែផ្ទុះឡើងជាថ្មីបន្ទាប់ពីបែកធ្លាយវីដេអូ ៣០ វិនាទីរបស់លោកវណ្ណដា។ ជាមួយគ្នានេះ MMO ដែលជាអ្នករកចំណូលតាមរយៈបណ្តាញសង្គមបានទាញប្រយោជន៍ បង្កឱ្យជម្លោះតូចរីកកាន់តែធំឡើងៗ ដោយប្រើប្រាស់ពាក្យផ្លែផ្កា ថែមថយ បញ្ចេញបញ្ចូល ដើម្បីទាក់ទាញឱ្យគេចូលមើលផេករបស់ខ្លួន។ MMO ខ្លះទៀត បាត់បង់សីលធម៌ និងសតិសម្បញ្ញៈជាមនុស្ស អាត្មានិយម មិនមែនជារឿងរបស់ខ្លួនឯងទេ តែប្រើពាក្យដៀល ប្រមាថគេមិនអស់ចិត្ត ទាញក្រុមគ្រួសារគេមិនដឹងអ្វីមកពាក់ព័ន្ធថែមទៀត។ បុគ្គលប្រភេទនេះ គួរត្រូវបានដាក់ទោស និងដាក់ពិន័យឱ្យបានមធ្យ័ត “សម្លាប់មាន់បំភ័យស្វា”។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ឺ វីរៈ ក៏បានគូសបញ្ជាក់ពីចំណុចល្អរបស់តារារ៉េបល្បីឈ្មោះទាំងពីរដួងដែរថា
“តាមរយៈសកម្មភាពជាក់ស្តែងកន្លងមក ឃើញថា លោកជី ដេវីដ ជាសិល្បករដែលរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ គោរពរៀមច្បងចាស់ព្រឹទ្ធាចារ្យ និងតែងតែសហការគាំទ្រជានិច្ចនូវសកម្មភាពនានារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីលើកតម្កើងវិស័យសិល្បៈវប្បធម៌ខ្មែរឱ្យបានរីកចម្រើន“។ លោករដ្ឋមន្ត្រី ក៏បានសរសើរនូវទឹកចិត្តរបស់លោកជី ដេវីត និងភរិយា ដែលតែងឧបត្ថម្ភដល់សិល្បការិនីផ្នែករបាំអប្សរាកំពុងជួបការលំបាក។
ចំណែក វណ្ណដា លោកបណ្ឌិតលើកឡើងថា “ក៏មិនខុសគ្នាដែរ ជាក្មេងដែលសុភាពរាបសារស្គាល់ចាស់ទុំ មិនតម្កេីងខ្លួន មិនភ្លេចកំណេីតកេីតជា ហេីយថ្មីៗនេះប្អូនក៏បាននាំកិត្តិយសជូនជាតិដ៏ធំធេងតាមរយៈការសម្តែងចម្រៀងនៅក្នុងអូឡាំពិក ២០២៤ នាទីក្រុងប៉ារីស“។
អាស្រ័យហេតុនេះ ក្នុងនាមជាខ្មែរដូចគ្នា លោកមិនចង់ឃើញភាពល្អក់កករក្នុងវិស័យសិល្បៈ ក៏ដូចជាក្នុងសង្គមទេ និងសង្ឃឹមថាអ្នកគាំទ្រទាំងអស់ស្រលាញ់រាប់អានគ្នា បន្តជួយគាំទ្រដល់វិស័យសិល្បៈខ្មែរគ្រប់ទម្រង់ឱ្យបានគង់វង្សរីកចម្រើនរហូតទៅ។ សិល្បៈនៃការចែករំលែក សាមគ្គីភាព សន្តិភាព និងភាតរភាព ជាវប្បធម៌ដ៏ល្អសម្រាប់អនុវត្តក្នុងសង្គមជាតិយើង។ ក្តីស្រលាញ់ ក្តីសង្ឃឹម និងស្នាមញញឹម គួរត្រូវបានផ្តល់ដល់មនុស្សគ្រប់រូបតាមរយៈសិល្បៈនៃការចែករំលែក ប្រៀបដូចផ្ការីកបន្តគ្នាពីមួយទៅមួយជួយបន្សាយក្លិនក្រអូបស្រូបយកភាពកខ្វក់ចេញពីវិស័យសិល្បៈខ្មែរ៕


The post លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ” appeared first on Kampuchea Thmey Daily.