លោក ត្រាំ ប្រកាសថា «តំបន់គ្រីមៀនឹងនៅជាមួយរុស្ស៊ី»
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តភាពចម្រូងចម្រាសដោយប្រកាសថា «តំបន់គ្រីមៀនឹងនៅជាមួយរុស្ស៊ី» ដែលជាជំហរ... The post លោក ត្រាំ ប្រកាសថា «តំបន់គ្រីមៀនឹងនៅជាមួយរុស្ស៊ី» appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តភាពចម្រូងចម្រាសដោយប្រកាសថា «តំបន់គ្រីមៀនឹងនៅជាមួយរុស្ស៊ី» ដែលជាជំហរស្របតាមផែនការសន្តិភាពស្នើឡើងដោយអាមេរិកក្នុងគោលបំណងបញ្ចប់សង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ី។

សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time កាលពីថ្ងៃសុក្រទី២៥ខែមេសា គូសបញ្ជាក់ពីសម្ពាធថ្មីរបស់លោក ត្រាំ លើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឲ្យយល់ព្រម ផ្ដល់សម្បទានទឹកដីទៅរុស្ស៊ីជាថ្នូរនឹងបទឈប់បាញ់។
លោក ត្រាំ បាននិយាយថា៖ «ហ្សេលេនស្គី យល់ច្បាស់ពីរឿងនេះ។ គ្រប់គ្នាយល់ថា វានៅជាមួយពួកគេជាយូរណាស់មកហើយ» ដោយសំដៅលើការកាត់បញ្ចូលតំបន់គ្រីមៀជាឧបសម្ព័ន្ធរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤។ លោកថែមទាំងបញ្ជាក់ទៀតថា បច្ចុប្បន្នមនុស្សភាគច្រើននៅគ្រីមៀនិយាយភាសារុស្ស៊ីច្រើនជាងភាសាកំណើតខ្លួនឯងទៅទៀត។ បន្ថែមពីនេះ លោក ត្រាំ បានដាក់បន្ទុកទៅលើអតីតប្រធានាធិបតីអាមេរិកគឺលោក Barack Obama ដោយសង្កត់ធ្ងន់ថា «នេះត្រូវបានផ្តល់ឲ្យដោយ Obama។ នេះមិនមែនត្រូវបានផ្តល់ឲ្យដោយ ត្រាំ នោះទេ» ហើយបើលោកធ្វើជាប្រធានាធិបតីក្នុងឆ្នាំ២០១៤ រុស្ស៊ីនឹងមិនអាចកាត់យកទឹកដីគ្រីមៀឡើយ។
ការប្រកាសរបស់លោក ត្រាំ គឺជាផ្នែកមួយនៃសំណើសន្តិភាពរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែន ដែលរួមមាន ការទទួលស្គាល់ជាផ្លូវការនៃការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់គ្រីមៀ ព្រមទាំងផ្នែកខ្លះនៃភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ក៏ដូចជាការហាមឃាត់អ៊ុយក្រែនមិនឲ្យចូលជាសមាជិកអង្គការណាតូ។ ផែនការនេះក៏ស្នើឲ្យដកទណ្ឌកម្មដែលបានដាក់លើរុស្ស៊ីតាំងពីឆ្នាំ២០១៤ផងដែរ។
មន្ត្រីអ៊ុយក្រែន បានច្រានចោលយ៉ាងដាច់អហង្ការរាល់ការទទួលស្គាល់ទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។ លោក ហ្សេលេនស្គី បានរំលឹកឡើងវិញថា ការទទួលស្គាល់ការកាន់កាប់បែបនេះគឺហួស«បន្ទាត់ក្រហម»របស់អ៊ុយក្រែនហើយ។ លោកបញ្ជាក់ថា៖ «មានតែប្រជាជនអ៊ុយក្រែនប៉ុណ្ណោះដែលអាចសម្រេចចិត្តលើទឹកដីរបស់ពួកគេបាន» ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តតាមរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន ក្នុងការទាមទារយកទឹកដីដែលកាន់កាប់ទាំងអស់មកវិញរួមទាំងតំបន់គ្រីមេផងដែរ៕
ដោយ៖ ឈាង
The post លោក ត្រាំ ប្រកាសថា «តំបន់គ្រីមៀនឹងនៅជាមួយរុស្ស៊ី» appeared first on Kampuchea Thmey Daily.