ការពារខ្លួន! ថៃ ព្រមានថា អូមីក្រុងបំប្លែងថ្មី XEC ឆ្លងលឿនជាងផ្តាសាយ ៧ដងឯណោះ
ស្របពេលករណីឆ្លងជំងឺកូវីដ១៩រលកថ្មីនៅថៃ កំពុងកើនឡើងក្នុងកម្រិតដ៏គួរឲ្យព្រួយបារម្ភនោះ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសនេះ... The post ការពារខ្លួន! ថៃ ព្រមានថា អូមីក្រុងបំប្លែងថ្មី XEC ឆ្លងលឿនជាងផ្តាសាយ ៧ដងឯណោះ appeared first on Kampuchea Thmey Daily.

ស្របពេលករណីឆ្លងជំងឺកូវីដ១៩រលកថ្មីនៅថៃ កំពុងកើនឡើងក្នុងកម្រិតដ៏គួរឲ្យព្រួយបារម្ភនោះ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសនេះ បានចេញការព្រមានដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នព្រោះថា វីរុសអូមីក្រុងបំប្លែងថ្មី XEC ឆ្លងរាលដាលលឿនជាងជំងឺផ្តាសាយរហូតដល់ទៅ៧ដងឯណោះ។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី២១ខែឧសភាឆ្នាំ២០២៥ ប្រទេសថៃកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ហើយរកឃើញថា ក្នុងចំណោមករណីឆ្លងកូវីដសរុប គិតចាប់តាំងពីខែមករាឆ្នាំនេះមក មាន ១០៨ ៨៩១ករណីជាប្រភេទអូមីក្រុងបំប្លែងថ្មី XEC ក្នុងនោះស្លាប់ ២៧នាក់។
ដូច្នេះហើយ ទើបរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ Somsak Thepsuthin បានអំពាវនាវឲ្យចាត់វិធានការតឹងរ៉ឹងនិងដិតដល់បំផុត ដើម្បីការពារក្រុមមនុស្សងាយរងគ្រោះជាពិសេសចាស់ជរា និងត្រូវទប់ស្កាត់ការរីករាលដាល ដោយផ្តោតសំខាន់លើសាលារៀន ដែលមានក្មេងៗច្រើន ដ្បិតថាបច្ចុប្បន្ន នៅមិនទាន់មានអំណះអំណាងថា មេរោគបំប្លែងថ្មីនេះ បង្កអាការៈធ្ងន់ធ្ងរក៏ដោយ។

ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ពោលគឺគិតចាប់ពីថ្ងៃទី១១ដល់១៧ខែឧសភា ថៃមានមនុស្សឆ្លងកូវីដរហូតដល់ទៅ ៣៣ ០៣០ករណី ខណៈរាជធានីបាងកក ធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លងដល់ទៅ ៦ ២៩០ករណី។
ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញថៃព្រមានថា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត នោះបានន័យថា តួលេខមនុស្សឆ្លងជំងឺកូវីដ១៩ នឹងហក់ឡើងទ្វេដង នាពេលខាងមុខទៀត។
សូមជម្រាបជាថ្មី ករណីឆ្លងកូវីដ១៩នៅប្រទេសថៃផ្ទុះខ្លាំង ជាពិសេសបន្ទាប់ពីចប់ពិធីបុណ្យសង្ក្រាន្ត ដោយក្នុងអំឡុងពេលនោះ ចំនួនករណីឆ្លងបានកើនឡើងជាលំដាប់ ភាគច្រើនជាប្រភេទអូមីក្រុង XEC នេះតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ កំពុងផ្ទុះកូវីដខ្លាំងណាស់! សប្តាហ៍មុន ឆ្លងជាង ៣ម៉ឺននាក់ ភាគច្រើននៅបាងកក
The post ការពារខ្លួន! ថៃ ព្រមានថា អូមីក្រុងបំប្លែងថ្មី XEC ឆ្លងលឿនជាងផ្តាសាយ ៧ដងឯណោះ appeared first on Kampuchea Thmey Daily.