របរចិញ្ចឹមឃ្មុំ បានជួយសេដ្ឋកិច្ចគ្រួសារសហគមន៍មួយ មានជីវភាពធូរធាបានមួយកម្រិត

មុខរបរចិញ្ចឹមឃ្មុំតាមចម្ការកៅស៊ូ និង តាមចម្ការគរ បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងសហគមន៍មួយ មានជីវភាពធូរធាមួយកម្រិត... The post របរចិញ្ចឹមឃ្មុំ បានជួយសេដ្ឋកិច្ចគ្រួសារសហគមន៍មួយ មានជីវភាពធូរធាបានមួយកម្រិត appeared first on Kampuchea Thmey Daily.

របរចិញ្ចឹមឃ្មុំ បានជួយសេដ្ឋកិច្ចគ្រួសារសហគមន៍មួយ មានជីវភាពធូរធាបានមួយកម្រិត

មុខរបរចិញ្ចឹមឃ្មុំតាមចម្ការកៅស៊ូ និង តាមចម្ការគរ បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងសហគមន៍មួយ មានជីវភាពធូរធាមួយកម្រិត ដោយមិនចាំបាច់ចេញទៅធ្វើការនៅស្រុកឆ្ងាយ។

លោក ហ៊ន់ សៀងហៃ អាយុ៣៥ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមតាមចម្ការកៅស៊ូ ស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមឃ្មុំនេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកតាំងឆ្នាំ២០១៦មកម្ល៉េះ គិតមកទល់ពេលនេះអាចទុកថារយៈពេល៨ឆ្នាំមកហើយ។

លោកបន្តថា មុខរបរចិញ្ចឹមឃ្មុំ បានជួយដល់សេដ្ឋកិច្ចគ្រួសាររ​បស់លោកឱ្យមានជីវភាពធូរធាមួយកម្រិត និងថែមទាំងបានជួយដល់ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជាមួយគ្នាប្រមាណជាង១០នាក់ទៀត ឱ្យមានការងារធ្វើ និងទទួលប្រាក់ចំណូលសមរម្យជួយដល់គ្រួសារ ដោយមិនចាំបាច់ចេញទៅធ្វើការនៅស្រុកឆ្ងាយ។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងទៀតថា ទិន្នផលទឹកឃ្មុំជាប្រចាំក្នុងកសិដ្ឋានរបស់លោក​អាចផ្គត់ផ្គង់ទៅក្នុងទីផ្សារបានក្នុងមួយខែ ចន្លោះពី ៩០០លីត្រ ទៅ១០០០លីត្រ ចំណែកតម្លៃវិញអាចលក់បានក្នុង១លីត្រ ចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ។

ចំពោះទីផ្សារនាពេលបច្ចុប្បន្ន សៀវហៃ បានបញ្ជាក់ដែរថា ក្រោយពេលប្រមូលផលទឹកឃ្មុំ រួចមក ទឹកឃ្មុំរបស់លោកអាចលក់ចេញទៅកាន់ទីផ្សារមួយចំនួនដូចជា៖ ផ្សារទំនើប និងខ្លះទៀត មានដូចជាអ្នកទិញយកទៅលក់បន្តតាមហាង ឬផ្ទះ និងតាមអនឡាញមួយចំនួនទៀតផងដែរ។

សៀវហៃ បានបញ្ជាក់ទៀតដែរ មួយរយៈចុងក្រោយនេះ ទីផ្សារទឹកឃ្មុំ ក្នុងកសិដ្ឋានរបស់លោកក៏បានជួបបញ្ហាប្រឈមខ្លះៗដែរ នេះក៏ដោយសារតែមានការនាំចូលទឹកឃ្មុំពីប្រទេសជិតខាង និងមានទឹកឃ្មុំក្លែងក្លាយដែលគ្មានការពិនិត្យត្រឹមត្រូវ ដែលវាជាហេតុនាំឱ្យទឹកឃ្មុំចិញ្ចឹមក្នុងស្រុកពិបាករកទីផ្សារ និងមានការធ្លាក់ថ្លៃបន្តិចបន្ដួច ថែមទៀតផង។

ទោះជាយ៉ាងក៏ដោយ ម្ចាស់កសិដ្ឋានរូបនេះ នៅតែមានគំនិតសុទិដ្ឋិនិយមដោយចង់លើកទឹកចិត្តប្រជាជនខ្មែរ មេត្តាងាកមកប្រើប្រាស់ទឹកឃ្មុំចិញ្ចឹមក្នុងស្រុកឱ្យបានច្រើន ជៀសវាងប្រើប្រាស់ទឹកឃ្មុំនាំចូលដែលគ្មានប្រភពច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរ ជាកសិដ្ឋានមួយដែលចិញ្ចឹមឃ្មុំតាមចម្ការកៅស៊ូ និងតាមចម្ការគរ ដែលមានទីតាំងស្ថិតនៅស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នកសិដ្ឋានអាចផលិតទឹកឃ្មុំសម្រាប់ផ្គត់ផ្គង់ទីផ្សារបានចន្លោះពី ៩០០លីត្រ ទៅ១០០០លីត្រ នៃចំនួនធុងចិញ្ចឹមឃ្មុំប្រមាណជាង៤០០ប្រអប់៕

អត្ថបទ ៖ សួស សិត

The post របរចិញ្ចឹមឃ្មុំ បានជួយសេដ្ឋកិច្ចគ្រួសារសហគមន៍មួយ មានជីវភាពធូរធាបានមួយកម្រិត appeared first on Kampuchea Thmey Daily.