អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត

ក្រោយកិច្ចប្រជុំនៅទីក្រុងប៉ារីស នៃប្រទេសបារាំងបានបញ្ចប់ អឺរ៉ុប បានបង្ហាញពីការប្តេជ្ញាចិត្តជាថ្មី ក្នុងការបញ្ជូនទ័ពទៅអ៊ុយក្រែន ដើម្បីរក្សា... The post អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត appeared first on Kampuchea Thmey Daily.

អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត

ក្រោយកិច្ចប្រជុំនៅទីក្រុងប៉ារីស នៃប្រទេសបារាំងបានបញ្ចប់ អឺរ៉ុប បានបង្ហាញពីការប្តេជ្ញាចិត្តជាថ្មី ក្នុងការបញ្ជូនទ័ពទៅអ៊ុយក្រែន ដើម្បីរក្សាសន្តិភាពនិងប្រកាសមិនព្រមដកទណ្ឌកម្មចេញពីរុស្ស៊ី ដាច់ខាត។

កិច្ចប្រជុំនៅទីក្រុងប៉ារីស នៃប្រទេសបារាំង (រូបថត៖ Reuters)

កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមីនាឆ្នាំ២០២៥ ប្រធានាធិបតីបារាំង​ Emmanuel Macron ប្រកាសថា ច្បាស់ណាស់ កងរក្សាសន្តិភាពដែលរៀបចំដោយអឺរ៉ុប ឬគេហៅថា «ក្រុមចម្រុះឆន្ទៈ» ពិតជាបញ្ជូនទៅអ៊ុយក្រែន នៅពេលណា កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីលេចចេញជារូបរាង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Macron សារភាពថា សំណើដាក់ទ័ពនេះ មិនទទួលបានការគាំទ្រជាឯកច្ឆន្ទទេ ប៉ុន្តែបារាំងនិងអង់គ្លេស នឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងកៀវ ដើម្បីពិភាក្សាផែនការឲ្យកាន់តែលម្អិត។

ប្រធានាធិបតីបារាំង​ Emmanuel Macron (រូបថត៖ Reuters)

ទន្ទឹមនឹងសេចក្តីប្រកាសរបស់លោក Macron នេះ, នាយករដ្ឋមន្ត្រីអង់គ្លេសឯណោះ ក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំដែរថា អឺរ៉ុបនឹងមិនដកទណ្ឌកម្មចេញពីរុស្ស៊ី ដាច់ខាត ហើយនឹងបន្តដាក់សម្ពាធលើលោក ពូទីន រហូតដល់រលត់ភ្លើងសង្គ្រាម។

តាមការបញ្ជាក់ពីលោក Keir Starmer, មេដឹកនាំអឺរ៉ុប បានឯកភាពគ្នាថា មិនទាន់ដល់ពេលត្រូវដកទណ្ឌកម្មចេញពីរុស្ស៊ីទេ ហើយធ្វើយ៉ាងណាត្រូវបង្ខំឲ្យទីក្រុងមូស្គូ ចូលមកតុចរចាឲ្យខាងតែបាន។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer​ (រូបថត៖ Reuters)

ពាក់ព័ន្ធរឿងទណ្ឌកម្មនេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ហើយថា លោកកំពុងគិតចង់បន្ធូរបន្ថយទណ្ឌកម្មខ្លះលើប្រទេសរុស្ស៊ី ដើម្បីលួងចិត្តឲ្យ ពូទីន ឯកភាពលើបទឈប់បាញ់នៅសមុទ្រខ្មៅជាមួយអ៊ុយក្រែន។

យ៉ាងណា កាលពីថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥, ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា លោកសង្ឃឹមថា លោក ត្រាំ នឹងប្រកាន់ជំហររឹងមាំហើយមិនទន់ចិត្តដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់លោក ពូទីន ជាថ្នូរនឹងបទឈប់បាញ់។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

សូមជម្រាបជាថ្មី ភាគីរុស្ស៊ីបានដាក់លក្ខខណ្ឌថា បទឈប់បាញ់ដែនសមុទ្រខ្មៅ អាចចូលជាធរមានបានលុះត្រាតែ ប្រទេសលោកខាងលិចដកទណ្ឌកម្មមួយចំនួនលើការធ្វើពាណិជ្ជកម្មស្បៀងនិងជីរបស់ខ្លួន ជាមុនសិន។

ក្រោយមក លោកត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងពិនិត្យមើលលទ្ធភាពនៃការបន្ថយទណ្ឌកម្មលើរុស្ស៊ី ហើយទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការលើរឿងនេះ។ មានលក្ខខណ្ឌ ៥ទៅ៦ចំណុច ហើយអាមេរិក កំពុងពិនិត្យមើលសិន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បារាំង ប្រកាស​ជំនួយ​២​ពាន់​លាន​អឺរ៉ូ​បន្ថែម ឲ្យ​អ៊ុយក្រែន មុន​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​​ទីក្រុង​កៀវ

The post អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត appeared first on Kampuchea Thmey Daily.