ពូទីន ព្រមានខ្លាំងៗទៅ ត្រាំ រឿងកោះ Greenland
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាកទិក... The post ពូទីន ព្រមានខ្លាំងៗទៅ ត្រាំ រឿងកោះ Greenland appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាកទិក ជាពិសេសផ្តោតលើមហិច្ឆិតារបស់សហរដ្ឋអាមេរិកនៅ Greenland និងសកម្មភាពរបស់អង្គការណាតូ ខណៈលោកបានព្រមានទៅប្រមុខសេតវិមាន ដូណាល់ ត្រាំ ឲ្យប្រយ័ត្នប្រយែងចំពោះផែនការនៅទីនោះ ដែលក៏ជាទីតាំងយុទ្ធសាស្រ្តរបស់រុស្ស៊ីដែរ។

ថ្លែងនៅឯវេទិកាអាកទិកអន្តរជាតិក្នុងទីក្រុង Murmansk កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមីនាឆ្នាំ២០២៥, លោកពូទីនគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចាប់អារម្មណ៍ Greenland យូរហើយ ជាពិសេសការប៉ុនប៉ងជាប្រវត្តិសាស្ត្រដើម្បីគ្រប់គ្រងទឹកដីនោះ តាំងពីសតវត្សទី១៩និងក្រោយសង្គ្រាមលោកលើកទីពីរ។ ចេតនាអាមេរិកបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺច្បាស់ៗ ហើយមិនមែនគ្រាន់តែជាវោហាសាស្ត្រទេ។
ទន្ទឹមនោះ លោកពូទីនក៏សម្តែងក្តីព្រួយបារម្មណ៍ផងដែរអំពីការបង្វែរមុខព្រួញកាន់តែខ្លាំងពីសំណាក់អង្គការណាតូ ទៅលើតំបន់អាកទិកថាជាតំបន់ជម្លោះដ៏មានសក្តានុពល។ ប្រទេសណាតូកំពុងធ្វើសមយុទ្ធយោធាក្នុងតំបន់នោះ ដោយមានទាំងការចូលរួមពីសមាជិកថ្មីដូចជាហ្វាំងឡង់និងស៊ុយអែតទៀតផង។

យ៉ាងណា លោកព្រមានថា «យើងមិនដែលគំរាមនរណាទេនៅអាកទិក ប៉ុន្តែយើងត្រៀមខ្លួនជានិច្ចដើម្បីការពារផលប្រយោជន៍របស់យើង។ ទីក្រុងមូស្គូបាននិងកំពុងតាមដានស្ថានភាពនៅក្នុងតំបន់នោះយ៉ាងយកចិត្តទុកដាក់ ហើយអនុវត្តវិធីសាស្រ្តឆ្លើយតបឲ្យបានគ្រប់គ្រាន់ តាមរយៈការបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធយោធា»។
លោកពូទីនបានប្រកាសពីផែនការពង្រឹងវត្តមានយោធារបស់រុស្ស៊ីនៅតំបន់អាក់ទិក រួមទាំងការបើកមូលដ្ឋានទ័ពសម័យសូវៀតឡើងវិញផងដែរ។ លោកនិយាយថា «យើងនឹងមិនអត់ឱនឡើយចំពោះអ្នកណាដែលរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសយើង ហើយនឹងការពារផលប្រយោជន៍ជាតិរបស់យើងដោយជឿជាក់ ខណៈគាំទ្រសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ប៉ូល»។

សូមជម្រាបថា ការគំរាមរបស់លោកពូទីនកើតឡើង ចំពេលអនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance ធ្វើទស្សនកិច្ចមូលដ្ឋានអវកាស Pituffik នៅ Greenland ដែលជាដំណើរមួយបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងក្នុងចំណោមអ្នកកោះ Greenland និងប្រជាជនដាណឺម៉ាក។
ដំណើរទស្សនកិច្ចនេះត្រូវគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រមេរបស់សហរដ្ឋអាមេរិក ដើម្បីអះអាងពីផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់អាក់ទិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អនុប្រធានាធិបតីអាមេរិក នឹងអមដំណើរភរិយាទៅទស្សនកិច្ច Greenland ចំពេលស្ថានការណ៍កំពុងក្តៅ
The post ពូទីន ព្រមានខ្លាំងៗទៅ ត្រាំ រឿងកោះ Greenland appeared first on Kampuchea Thmey Daily.