របបយោធាមីយ៉ាន់ម៉ាទំនងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយនៅក្នុងខែកក្កដា
បច្ចុប្បន្នក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ (NDSC) ដែលបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ានិងស្ថិតក្រោមភាពអាសន្នរយៈពេលប្រាំមួយខែ នឹងផុតកំណត់នៅ... The post របបយោធាមីយ៉ាន់ម៉ាទំនងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយនៅក្នុងខែកក្កដា appeared first on Kampuchea Thmey Daily.

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima នៅថ្ងៃទី១៩ខែឧសភានេះ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ (NDSC) ដែលបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ននិងស្ថិតក្រោមច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែ នឹងផុតកំណត់នៅថ្ងៃទី៣១ខែកក្កដាខាងមុខ ខណៈខ្លួននៅតែមិនទាន់ច្បាស់ថាតើស្ថានភាពអាសន្ននឹងត្រូវបានពន្យារពេលម្តងទៀតឬក៏រដ្ឋាភិបាលថ្មីនឹងត្រូវបានបង្កើតឡើងជាជំហានឆ្ពោះទៅរកការបោះឆ្នោត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា របបយោធាទំនងជាបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មីនៅក្នុងខែកក្កដា។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាយោធាដែលបានធ្វើឡើងកាលពីថ្ងៃទី ២៥ខែមីនាក្នុងទីក្រុង Naypyidaw មេដឹកនាំរបបយោធា លោក មីន អ៊ុងឡាំង ( Min Aung Hlaing) បាននិយាយថា ការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងជាបួនដំណាក់កាល គឺនៅក្នុងសប្តាហ៍ទីបី និងទីបួនក្នុងខែធ្នូ ឆ្នាំ២០២៥ និងសប្តាហ៍ទីមួយ និងទីពីរក្នុងខែមករា ឆ្នាំ ២០២៦។ ចំពោះព័ត៌មានលម្អិតអំពីរបៀបដែលរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មីនឹងត្រូវបានបង្កើតឡើងនោះ ប្រភពបានបដិសេធមិនផ្តល់ឲ្យនោះទេ។
ពាក់ព័ន្ធទៅនឹងព័ត៌មាននេះអ្នកវិភាគនយោបាយមីយ៉ាន់ម៉ា លោក Than Soe Naing បានប្រាប់ Mizzima វាអាចទៅរួចដែល លោក មីន អ៊ុងឡាំង នឹងតែងតាំងអ្នកផ្សេងទៀតឱ្យកាន់តំណែងដូចជា ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីខណៈមេដឹកនាំរបបយោធាអាចនឹងបន្តកាន់តំណែង ជាអគ្គមេបញ្ជាការក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មីប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក មីន អ៊ុងឡាំង ដែលបានបម្រើការជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) និងជានាយករដ្ឋមន្ត្រីក៏បានចូលកាន់តំណែងជាប្រធានស្តីទីនៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ ២០២៤ នៅពេលដែលប្រធានាធិបតីស្តីទី លោក Myint Swe បានអវត្តមានដោយសារសុខភាពមិនល្អក្នុងពេលការបន្តដាក់រដ្ឋក្នុងគ្រាអាសន្នថ្មីៗនេះ។
យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ (NDSC) មានសមាជិកចំនួន១១រូប ចាប់ពីប្រធានាធិបតី ដល់ រដ្ឋមន្រីកិច្ចការព្រំដែន។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីយោធាបានឡើងកាន់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រធានាធិបតីជាប់ឆ្នោត លោក Win Myint ត្រូវបានឃុំខ្លួន ហើយ លោក Mann Win Khaing Than ប្រធានសភា Amyotha Hluttaw បានក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលប្រឆាំងនឹងរបបយោធា។
អនុប្រធានាធិបតីលោក Henry Van Thio បានចូលរួមក្នុងកិច្ចប្រជុំដំបូងរបស់ NDSC ប៉ុន្តែគាត់បានឈប់សម្រាកព្យាបាលជំងឺតាំងពីថ្ងៃទី ២២ខែមេសា ឆ្នាំ ២០២៤ ដោយសារបញ្ហាសុខភាព៕

អត្ថបទ៖ ប៊ុន សុភាព
The post របបយោធាមីយ៉ាន់ម៉ាទំនងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយនៅក្នុងខែកក្កដា appeared first on Kampuchea Thmey Daily.